ព័ត៌មានជាតិ
ប្រកាសចូលកាន់តំណែងរបស់ឧត្តមសេនីយ៍យោធា៥រូប រដ្ឋមន្ត្រីការពារជាតិ ថា ជាកំណែទម្រង់កងយោធពលខេមរភូមិន្ទ
ឧត្តមសេនីយ៍យោធាចំនួន៥រូប ដែលទទួលបានការតែងតាំងនាពេលថ្មីៗនេះ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាផ្លូវការ ក្នុងនោះមានទាំងតំណែងជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងនាយកនាយកដ្ឋាន នៃក្រសួងការពារជាតិ។ ការតែងតាំងមុខតំណែងដល់ឧត្តមសេនីយ៍យោធាទាំង៥រូប ត្រូវបានរដ្ឋមន្ត្រីក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បញ្ជាក់ថា គឺជាការកំណែទម្រង់ក្នុងជួរកងយោធពលខេមរភូមិន្ទ ដើម្បីប្រសិទ្ធភាពការងារលើខឿនការពារជាតិ។

យោងព្រះរាជក្រឹត្យរបស់ប្រមុខរដ្ឋស្ដីទីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសតែងតាំងមុខតំណែងដល់នាយទាហានជាន់ខ្ពស់ចំនួន៥រូប ដែលក្នុងនោះនាយឧត្តមសេនីយ៍ មាស សំអុល ជារដ្ឋលេខាធិការ ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ និងឧត្តមសេនីយ៍ទោ ដួង ច័ន្ទ ជាអនុរដ្ឋលេខាធិការ។ ចំណែកនាយឧត្តមសេនីយ៍ ម៉ក់ សារុន ត្រូវបានប្រកាសតែងតាំងជាអគ្គនាយកអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ខណៈឧត្តមសេនីយ៍ឯក ជឹម សុខ ជានាយកនាយកដ្ឋានបុគ្គលិក នៃក្រសួងការពារជាតិ។

គួរឱ្យដឹងថា មុនតែងតាំងជារដ្ឋលេខាធិការនៃក្រសួងការពារជាតិ លោក មាស សំអុល អតីតជាអគ្គនាយករងអគ្គនាយកដ្ឋានយោធសេវា និងជានាយកនាយកដ្ឋានបុគ្គលិក លោក ចៅ ភិរិទ្ធ អតីតអគ្គនាយកអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស និងលោក ដួង ច័ន្ទ អតីតមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩។ ចំពោះការតែងតាំងតំណែងលោក ម៉ក់ សារុន ជាអគ្គនាយកសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិ ជាការមកជំនួសតំណែងលោក ចៅ ភិរិទ្ធ ហើយលោកជាអតីតអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ខណៈលោក ជឹម សុខ ជាអតីតនាយកទីចាត់ការបុគ្គលិក នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។

ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់ឧត្តមសេនីយ៍យោធាខាងលើ ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្ដែងនូវការអបអរសាទរចំពោះនាយទាហានជាន់ខ្ពស់ទាំង៥រូប ដែលត្រូវបានប្រកាសតែងតាំងពេលនេះ។ នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងពីគុណសម្បត្តិ ពិសេសកិច្ចខិតខំប្រឹងប្រែងរបស់ឧត្តមសេនីយ៍យោធាទាំង៥រូបចំពោះតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម នាពេលកន្លងមកប្រកបដោយឆន្ទៈ មនសិការ និងស្មារតីទទួលខុសត្រូវ ដែលសម្រេចបាននូវសមិទ្ធផលការងារជាច្រើនគួរឱ្យកត់សម្គាល់។

ជុំវិញការតែងតាំង និងផ្លាស់ប្ដូរមុខតំណែងនេះដែរ លោករដ្ឋមន្រ្តីការពារជាតិ បានបញ្ជាក់ថា ជាការឆ្លើយតបនឹងផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងផែនការនៃកំណែទម្រង់កងយោធពលខេមរភូមិន្ទ ស្របតាមបរិបទសភាពការណ៍ចំពោះមុខ ក្នុងកិច្ចការការពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដីរបស់កម្ពុជា។
ដើម្បីថែរក្សាសុខសន្តិភាពឱ្យបានយូរ គឺត្រូវមានការអភិវឌ្ឍសេដ្ឋកិច្ច ដែលជាកត្តាសំខាន់សម្រាប់ប្រទេសជាតិ ប៉ុន្តែចូលដល់ដំណាក់កាលបច្ចុបន្ននេះ លោក ទៀ សីហា ថា ការថែរក្សាសុខសន្តិភាពឱ្យបានយូរ ការអភិវឌ្ឍនិងកសាងសេដ្ឋកិច្ច គឺត្រូវការផ្នែកយោធា និងការពង្រឹងលើវិស័យការពារជាតិ។ លោក បានសង្កត់ធ្ងន់ថា «ការពារជាតិខ្លាំង ទើបយើងពង្រឹងសន្តិភាពបានយូរអង្វែង»៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
កីឡា២១ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


