ព័ត៌មានអន្ដរជាតិ
អាមេរិក យល់ព្រមលក់គ្រឿងបន្លាស់ F-16 ឲ្យតៃវ៉ាន់ ទោះចិនជំទាស់
ទោះមានការជំទាស់ពីចិន សហរដ្ឋអាមេរិកនៅតែបន្តលក់គ្រឿងសព្វាវុធឲ្យទៅកោះតៃវ៉ានដដែល។ តួយ៉ាងដូចជា កាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅ ក្រសួងការបរទេសអាមេរិក បានប្រកាសយល់ព្រមលក់គ្រឿងបន្លាស់យន្តហោះចម្បាំងប្រភេទ F-16 ឲ្យទៅតៃវ៉ាន់ នៅក្នុងតម្លៃប្រមាណជា ៨០លានដុល្លារ។

ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិនៃមន្ទីរបញ្ចកោណ បានរៀបរាប់នៅក្នុងសេចក្ដីថ្លែងការណ៍ថា ការលក់នេះ នឹងជួយតៃវ៉ានបង្កើនសន្តិសុខជាតិ ព្រមទាំងរក្សាស្ថិរភាពនយោបាយ តុល្យភាពយោធា និងវិវឌ្ឍនភាពសេដ្ឋកិច្ចក្នុងតំបន់។ ជាការឆ្លើយតប ក្រសួងការពារជាតិតៃវ៉ាន់ បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក ហើយនិយាយថា តាមរយៈការបញ្ជាទិញពីអាមេរិកលើកនេះ ខ្លួននឹងអាចបង្កើនសមត្ថភាពប្រយុទ្ធ និងការពារជាតិសម្រាប់កងកម្លាំងដែនអាកាសតៃវ៉ាន់។ ការជួញដូរយោធាលើកនេះ នឹងត្រូវធ្វើឲ្យចប់រួចរាល់នៅតឹ្រមខែកក្កដាខាងមុខ។
ទន្ទឹមនោះ តៃវ៉ាន់ បានលើកឡើងថា ចិនតែងមានបំណងរំខានដល់អធិបតេយ្យភាពរបស់ខ្លួន តាមរយៈការយាយីទៅលើកងកម្លាំងជើងទឹក និងដែនអាកាស រួមទាំងសិទ្ធិការពារខ្លួនរបស់តៃវ៉ាន់។

ពាក់ព័ន្ធនឹងការជួញដូរយោធារវាងអាមេរិក-តៃវ៉ាន់លើកនេះ គេមិនទាន់សង្កេតឃើញមានប្រតិកម្មណាមួយពីរដ្ឋាភិបាលក្រុងប៉េកាំងនៅឡើយទេ។ យ៉ាងណាមិញ នាពេលកន្លង ចិនតែងជំទាស់ និងទាមទារឲ្យអាមេរិក ក៏ដូចជាបណ្ដាប្រទេសដទៃ បញ្ឈប់ការលក់សព្វាវុធឲ្យតៃវ៉ាន់ ហើយអះអាងថា ដែនកោះមួយនេះ គឺជាខេត្តដែលនៅដាច់ឆ្ងាយរបស់ខ្លួន ហើយការបង្រួបបង្រួមចិនតែមួយគឺជានិន្នាការប្រវត្តិសាស្ត្រ ដែលមិនអាចកែប្រែបាននោះឡើយ។
កាលពីខែឧសភាកន្លងទៅ ក្រសួងពាណិជ្ជកម្មចិន បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន៣ ដែលផលិតសព្វាវុធយោធាលក់ឲ្យទៅតៃវ៉ាន់។ ក្រុមហ៊ុនដែលរងទណ្ឌកម្ម មានដូចជា ក្រុមហ៊ុន Boeing ក្រុមហ៊ុន General Atomics Aeronautical Systems និងក្រុមហ៊ុន General Dynamics Land Systems។ ចិន បានចាត់ក្រុមហ៊ុនទាំងនោះចូលក្នុងបញ្ជីឈ្មោះ “អង្គភាពដែលមិនគួរឲ្យទុកចិត្ត” ដោយហាមឃាត់ការវិនិយោគទាំងអស់នៅក្នុងដែនដីរបស់ចិន នាពេលអនាគត។ មួយវិញទៀត ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនទាំង៣ ក៏រងការហាមប្រាមមិនឲ្យធ្វើដំណើរចូលទឹកដីប្រទេសចិនទៀតដែរ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


