សេដ្ឋកិច្ច
បញ្ហាពាក់ព័ន្ធចិន បង្កើនកំណើនពាណិជ្ជកម្ម អាល្លឺម៉ង់-អាមេរិក
ក្នុងរយៈពេល៨ឆ្នាំចុងក្រោយ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាល្លឺម៉ង់ ប៉ុន្តែដំណែងនេះអាចនឹងផ្លាស់ប្ដូរ ពោលគឺអាមេរិកអាចនឹងវ៉ាដាច់ចិនវិញម្ដង ដោយសារគោលនយោបាយងាកចេញពីចិនរបស់លោកខាងលិច។

ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ មានចំនួន ៦៣,២ ប៊ីលានអឺរ៉ូ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ដោយកើនហួសនៃទំហំពាណិជ្ជកម្មចិន និងអាល្លឺម៉ង់ ដែលមានត្រឹម ៦០ ប៊ីលានដុល្លារ។ នេះបើតាមទិន្នន័យពីរដ្ឋាភិបាលក្រុងប៊ែកឡាំង។
ខណៈភាពខុសគ្នាមានគម្លាតតិចតួច វាបង្ហាញពីនិន្នាការមួយគឺថា ទំនាក់ទំនងពាណិជ្ជកម្មកំពុងផ្លាស់ប្តូរដោយសារ ភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងមានឥទ្ធិពលលើគោលនយោបាយពន្ធថ្មី និងលំហូរទំនិញអន្តរជាតិ។ នេះបើតាមសំណេរវិភាគរបស់អ្នកជំនាញសេដ្ឋកិច្ចពីសារព័ត៌មាន Business Insider។
ចំពេលមានជម្លោះដូចជាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន និងការព្រួយបារម្ភលើការផលិតទំនិញហួសប្រមាណរបស់ចិនដូចជារថយន្តអគ្គិសនី និងបន្ទះស្រូបពន្លឺព្រះអាទិត្យ ពាណិជ្ជកម្មរវាងលោកខាងលិច និងចិនកំពុងស្ថិតក្រោមការត្រួតពិនិត្យកាន់តែខ្លាំង ហើយទំនាក់ទំនងសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ជាមួយចិន គឺជាឧទាហរណ៍នៃរបត់នេះ។
ក្នុងការវិវត្តចុងក្រោយបង្អស់មួយនៃរបត់ គឺពាក់ព័ន្ធនឹងការបង្កើនពន្ធលើរថយន្តអគ្គិសនីនាំចូលពីចិនរហូតដល់ ៣៨,១ ភាគរយ របស់សហភាពអឺរ៉ុប។ ពន្ធនេះដាក់ចេញឡើងដើម្បីទប់ស្កាត់លំហូររថយន្តអគ្គិសនីថោកៗពីចិន និងការពារផលិតកម្មក្នុងស្រុក។

យោងតាមគណៈកម្មការអឺរ៉ុប ចំនួនរថយន្តចិនដែលបានលក់នៅក្នុងប្លុក បានកើនឡើងពីតិចជាង ១ ភាគរយនៅលើ ទីផ្សារក្នុងឆ្នាំ ២០១៩ ដល់ ៨ ភាគរយក្នុងឆ្នាំ ២០២៣។ ចំនួនរថយន្តអគ្គិសនីចិន ដែលបានលក់នៅក្នុងប្រទេស អាល្លឺម៉ង់ បានកើនឡើងជិតដប់ដងពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៣។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាល ចាប់ពីខែមករា ដល់ខែមេសា ប្រហែល ៤១ ភាគរយនៃរថយន្ត EV នាំចូលរបស់អាល្លឺម៉ង់ គឺមកពីប្រទេសចិន។
ម្យ៉ាងវិញទៀត ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ដូចជា BMW, Porsche, និង Volkswagen ពឹងផ្អែកខ្លាំងលើទីផ្សារចិន។ ជិត ១/៣ នៃការលក់រថយន្តរបស់អាល្លឺម៉ង់ក្នុងឆ្នាំ ២០២៣ មាននៅចិន ដែលធ្វើឱ្យឧស្សាហកម្មនេះងាយរងគ្រោះទៅនឹងសង្រ្គាមពាណិជ្ជកម្មអឺរ៉ុប និងចិន ប្រសិនបើវាផ្ទុះឡើង។
ការណ៍នេះធ្វើឱ្យមន្រ្តីអាល្លឺម៉ង់ និងចិន សកម្មក្នុងការស្វែងរកដំណោះស្រាយ ដោយមានចិនជំរុញឱ្យប្លុកអឺរ៉ុបទម្លាក់ចោលនូវវិធានការពន្ធ ខណៈអាល្លឺមង់តែងប្រឆាំងនឹងវិធានការនេះ។

ប៉ុន្តែចំពេលដែលទំនាក់ទំនងជាមួយចិនមានភាពតានតឹង ទិន្នន័យរដ្ឋាភិបាលអាល្លឺម៉ង់ចេញផ្សាយកាលពីថ្ងៃសុក្រ បានបង្ហាញពីការធ្លាក់ចុះ ១៤ ភាគរយ នៃការនាំចេញរបស់អាល្លឺម៉ង់ទៅកាន់ប្រទេសចិនក្នុងខែឧសភា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចេញទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង ៤,១ ភាគរយ ក្នុងអំឡុងពេលដូចគ្នា។
នៅឆ្នាំ ២០២២ ពាណិជ្ជកម្មចិន-អាល្លឺម៉ង់ ធំជាងពាណិជ្ជកម្មអាមេរិក-អាល្លឺម៉ង់ ប្រមាណ ៥០ ប៊ីលានអឺរ៉ូ ប៉ុន្តែក្នុងឆ្នាំ ២០២៣ ទំហំនេះថយចុះមកត្រឹម ០,៧ ប៊ីលានដុល្លារវិញ។
មន្រ្តីអាល្លឺម៉ង់និយាយថា ការគាំទ្ររបស់ចិនចំពោះសង្គ្រាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី គឺជាហេតុផលចម្បងដែលទំនាក់ទំនងសេដ្ឋកិច្ចអាល្លឺម៉ង់ និងចិន បានធ្លាក់ចុះ។ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន Bloomberg។
ផ្ទុយទៅវិញ ពាណិជ្ជកម្មចិន និងរុស្ស៊ី បានឈានដល់កំណត់ត្រា ២៤០ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២៣ ខណៈការស្ទង់មតិរបស់សភាពាណិជ្ជកម្មសហភាពអឺរ៉ុបនៅចិន មានតែ ១៣ ភាគរយនៃក្រុមហ៊ុនប្លុកអឺរ៉ុបប៉ុណ្ណោះ ដែលមើលឃើញថាប្រទេសចិនជាគោលដៅវិនិយោគកំពូល។

ខណៈដែលភូមិសាស្រ្តនយោបាយប្រែប្រួលខ្លាំង សហរដ្ឋអាមេរិកបានដាក់គោលដៅច្បាស់លាស់ គឺការពារការផលិតក្នុងស្រុក ដោយដាក់ពន្ធលើទំនិញចិន។ ទោះបីជាសហភាពអឺរ៉ុបស្ថិតក្នុងស្ថានភាពស្រពិចស្រពិលនឹងដើរតាមក៏ដោយ ក៏ទំនោរនេះបានចាប់ផ្ដើមបណ្ដើររួចទៅហើយ។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍មួយរបស់ក្រុមប្រឹក្សាអាត្លង់ទិក ដែលជាវិទ្យាស្ថានស្រាវជ្រាវ បាននិយាយថា ការងាកចេញពីចិនរបស់អឺរ៉ុបគឺនៅឆ្ងាយពីការសម្រេចបាន ហើយទំនាក់ទំនងសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ជាមួយទីក្រុងប៉េកាំងនៅតែរឹងមាំ។
អ្នកវិភាគមួយចំនួននិយាយថា ទិន្នន័យពាណិជ្ជកម្មអាចផ្លាស់ប្តូរពីមួយខែទៅមួយខែ ហើយការធ្លាក់ចុះការនាំចេញរបស់អាល្លឺម៉ង់ទៅកាន់ប្រទេសចិននៅខែឧសភា មិនគួរជាក្លាយជារឿងគួរឱ្យកត់សម្គាល់ពេកទេ ព្រោះចំនួនប្រចាំខែអាចខុសគ្នាក្នុងនិន្នាការរយៈពេលវែង។ អ្នកវិភាគខ្លះទៀតលើកឡើងថា ការធ្លាក់ចុះនៃការនាំចេញរបស់អាល្លឺម៉ង់ ក៏រងផលប៉ះពាល់ដោយបញ្ហាផ្សេងទៀតដូចជាការពន្យារពេលខ្សែសង្វាក់ផ្គត់ផ្គង់ដោយសារតែជម្លោះនៅក្នុងសមុទ្រក្រហមជាដើម៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


