សន្តិសុខសង្គម
អភិបាលខេត្តកោះកុង រម្លឹកពង្រឹងសណ្តាប់ធ្នាប់ ករណីសិស្សគេចសាលា ក្មេងទំនើង
អ្នកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានក្រើនរម្លឹកទៅអភិបាលក្រុងស្រុកទាំង៧ ក្នុងភូមិសាស្រ្តខេត្ត ត្រូវយកចិត្តទុកដាក់ពង្រឹងសណ្តាប់ធ្នាប់របៀបរៀបរយបរិវេណជុំវិញសាលារៀន សិស្សគេចសាលា និងក្មេងទំនើង។

ការក្រើនរម្លឹកជាថ្មីរបស់លោកស្រីអភិបាលខេត្តកោះកុង នៅពេលនេះ ធ្វើឡើងក្នុង ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ និងដុតបំផ្លាញចោលវត្ថុតាងគ្រឿងញៀនចំនួនជាង ៣ គីឡូក្រាម នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។

អ្នកស្រី មិថុនាភូថង សង្កត់ធ្ងន់ដែរថា ករណីក្មេងទំនើងបង្កអុកឡុក និងសិស្សគេចសាលាមិនចូលរៀន ជាគោលដៅឈានដល់ការប្រើប្រាស់គ្រឿងញៀន ដែលទាមទារឱ្យមានការតាមដានទប់ស្កាត់បង្រ្កាបឱ្យបានទាន់ពេលវេលា។ ព្រោះកិច្ចការនេះជាភារកិច្ចទទួលខុសត្រូវគ្រប់គ្រងឱ្យមានប្រសិទ្ធភាពរបស់គណៈបញ្ជាការក្រុងស្រុកដោយខ្លួនឯង។

អ្នកស្រី មិថុនា ភូថង ក៏សូមលើកទឹកចិត្តដល់សមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរ មន្ទីរអង្គភាពជុំវិញខេត្ត ម្ចាស់អាជីកម្ម សិប្បកម្ម សណ្ឋាគារ ភោជនីយដ្ឋាន រីស៊ត និងម្ចាស់ក្លិបកម្សាន្តសប្បាយនានា ក៏ដូចជាអាណាព្យាបាលទាំងអស់ បន្តអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបញ្ហាគ្រោះថ្នាក់ដោយសារគ្រឿងញៀន ដើម្បីឃ្លាតឆ្ងាយពីគ្រឿងញៀនតាមពាក្យស្លោក «ទាំងអស់គ្នា ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន”។ ករណីរកឃើញគ្រឿងញៀននឹងទីតាំងខាងលើ នឹងប្រឈមចំពោះមុខច្បាប់ ហើយបិទអាជីវកម្មតែម្តង។

លោក ទួន ឱទី អភិបាលរងស្រុកគិរីសាគរ បានឱ្យដឹងដែរថា រដ្ឋបាល និងសមត្ថកិច្ចមូលដ្ឋានរបស់លោក បានយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាសណ្តាប់ធ្នាប់ ពិសេសទប់ស្កាត់ក្រុមទំនើង ឬការចែកចាយគ្រឿងញៀនក្នុងភូមិសាស្រ្តគ្រប់គ្រង។

បើតាមលោកអភិបាលរងស្រុកគិរីសាគរ កន្លងទៅបង្រ្កាបក្រុមចែកចាយគ្រឿងញៀន ភាគច្រើនជាកម្មករទូកនេសាទ ដោយឡែកសិស្សសាលាវិញ មិនមានការគេចសាលារៀនអ្វីទេ ពោលគឺពួកគេប្រឹងប្រែង និងយល់ដឹងពីផលប៉ះពាល់ដោយសារសារធាតុញៀន។

ចំណែក អ្នកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង ថ្លែងថា គ្រឿងញៀនជាង ៣ គីឡូក្រាម ដែលដុតបំផ្លាញនៅថ្ងៃនេះ មានប្រភេទមេតំហ្វេតាមីន កញ្ឆា និងឧបករណ៍ជក់ ឬប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

អ្នកស្រីព្រះរាជអាជ្ញា អះអាងទៀតថា ថ្នាំញៀនទាំងនេះ ត្រូវបានដកហូតតាមរយៈអំណាចសាលក្រមស្ថាពរ និងដីកាសម្រេចរឹបអូសបំផ្លាញចោល តាមកំណត់ហេតុពីការបើកកញ្ចប់សំណាកកាលពីថ្ងៃទី១៤ ខែមិថុនា កន្លងទៅនៅសាលាដំបូងខេត្ត។
ជាក់ស្តែងគ្រឿងញៀនដែលដុតបំផ្លាញចោលនេះ ជាលទ្ធផលដែលកើតចេញពីការរួមគ្នាខិតខំប្រឹងប្រែងសហការបង្រ្កាបដោយកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដើម្បីឆ្លើយតបតាមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបានដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


