ព័ត៌មានជាតិ
រថយន្តដឹកទំនិញពីចិនចាយពេល ៥ ថ្ងៃ លើចម្ងាយផ្លូវ ២៥០០ គីឡូម៉ែត្រ ទើបមកដល់ប្រទេសកម្ពុជា
រថយន្តដឹកទំនិញដែលមានដឹកបន្លែស្រស់ សម្ភារការិយាល័យ គ្រឿងសង្ហារិម និងទំនិញផ្សេងៗទៀត បានចាកចេញទីក្រុងគុនមីនប្រទេសចិន មកដល់រាជធានីភ្នំពេញប្រទេសកម្ពុជាដោយជោគជ័យ ដែលជាដំណើរការរត់សាកល្បងឆ្លងកាត់ព្រំដែនលើកដំបូងនៃប្រទេសមហាអនុតំបន់ទន្លេមេគង្គ។
អនុវត្តតាមកិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃមហាអនុតំបន់មេគង្គ (ហៅកាត់ថា GMS CBTA) ការដាក់ឲ្យដំណើរការរត់សាកល្បងរថយន្តដឹកទំនិញ (EH Trial Run) ពីទីក្រុងគុនមីន ប្រទេសចិន ដែលបានបើកឆ្លងកាត់ប្រទេសឡាវ ប្រទេសថៃ និងមកដល់រាជធានីភ្នំពេញ បានប្រើប្រាស់រយៈពេលចំនួន ៥ ថ្ងៃ លើចម្ងាយផ្លូវ ២៥០០ គីឡូម៉ែត្រ។ រយៈពេលនៃការធ្វើដំណើរនេះ ក៏មានរួមបញ្ចូលទាំងការឈប់សម្រាក និងការបំពេញបែបបទផ្សេងៗតាមច្រកព្រំដែនប្រទេសដែលឆ្លងកាត់។

ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អេចប្រេស ខេមបូឌា និងជាអ្នកជំនាញក្នុងវិជ្ជាជីវៈវិស័យដឹកជញ្ជូន និងភស្តុភារកម្មក្នុងក្រុមប្រឹក្សាភិបាលនៃសមាគមភស្តុភារកម្មកម្ពុជា ដែលបានចូលរួមសិក្សាគម្រោងដាក់ឲ្យសាកល្បងរថយន្តដឹកទំនិញ នៅក្នុងប្រទេសមហាអនុតំបន់មេគង្គបានឲ្យកម្ពុជាថ្មីដឹងថា ក្នុងប្រវែងចម្ងាយផ្លូវជាង ២,៥០០ គីឡូម៉ែត្រពីទីក្រុងគុនមីងប្រទេសចិនមកដល់ប្រទេសកម្ពុជា ការធ្វើដំណើរបានចំណាយពេលវេលាចំនួន ៥ ថ្ងៃ ដែលរួមមានទាំងការឈប់សម្រាក និងការបំពេញបែបបទផ្សេងៗឆ្លងកាត់តាមច្រកព្រំដែន។
លោកបន្តថា ដំណើរឆ្លងកាត់ប្រទេសនីមួយៗ ក្នុងនោះពីទីក្រុងគុនមីងប្រទេសចិនមកទីក្រុងវៀងចន្ទន៍ប្រទេសឡាវដែលមានចម្ងាយ ១,៣៨០ គីឡូម៉ែត្រ បានប្រើប្រាស់ពេលពី ២៤-៣៦ ម៉ោង។ ពីទីក្រុងវៀងចន្ទន៍ទៅថៃដែលមានចម្ងាយ ៦៥០ គីឡូម៉ែត្រ ប្រើប្រាស់ពេលពី ១២-២៨ ម៉ោង និងពីថៃមកកម្ពុជាចម្ងាយ ៤០០ គីឡូម៉ែត្រ ប្រើប្រាស់ពេលពី ៨-១២ ម៉ោង។

ទាក់ទងការដាក់ឲ្យរត់សាកល្បងរថយន្តដឹកទំនិញឆ្លងកាត់ព្រំដែននៃប្រទេសមហាអនុតំបន់មេគង្គ ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី បានគូសបញ្ជាក់ថា គ្រាន់តែជាការបើកផ្លូវ នៅមិនទាន់សិក្សាលម្អិតពីតម្លៃដឹកជញ្ជូននៅឡើយទេ។ ជាបទពិសោធន៍ បើតាមឧកញ៉ា ស៊ិន ចន្ទី ការដឹកជញ្ជូនតាមផ្លូវគោកគឺប្រសើរជាងផ្លូវអាកាស ប៉ុន្តែលោកទទួលស្គាល់ថាក៏មិនថោកជាងការដឹកជញ្ជូនតាមផ្លូវទឹកដែរ ប៉ុន្តែការដឹកជញ្ជូនតាមផ្លូវគោក អាចចំណាយពេលតិចជាងនិងប្រសិទ្ធភាពជាង។
ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី លើកឡើងបន្តថា ការធ្វើពាណិជ្ជកម្មមិនថាតែជាមួយប្រទេសចិននិងពិភពលោក មានពាក់ព័ន្ធប្រព័ន្ធមធ្យោបាយដឹកជញ្ជូនសំខាន់ចំនួន ៣។ មានទំនិញខ្លះមិនអាចដឹកជញ្ជូនតាមយន្តហោះបានទេ ទំនិញខ្លះក៏មិនអាចដឹកជញ្ជូនតាមផ្លូវទឹកបានស្រួលដែរ អីចឹងត្រូវប្រើប្រាស់ផ្លូវគោក។
បើតាមឧកញ៉ា ស៊ិន ចន្ធី ការសិក្សាមធ្យោបាយដឹកជញ្ជូនកុំមើលតែមួយផ្នែក ត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយទាំងផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក។
ឧកញ៉ា ស៊ិន ចន្ធី បានលើកឡើងបន្តទៀតថា កម្ពុជាត្រូវតែស្វែងយល់ពីកិច្ចព្រមព្រៀងដឹកជញ្ជូននេះដោយយកចិត្តទុកដាក់បំផុត ដើម្បីទាញជាប្រយោជន៍សម្រាប់បម្រើដល់វិស័យដឹកជញ្ជូនប្រទេសកម្ពុជានៅថ្ងៃខាងមុខ។
បើតាមក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា កិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃមហាអនុតំបន់មេគង្គ (GMS CBTA) ជួយឱ្យប្រតិបត្តិករដឹកជញ្ជូន កាត់បន្ថយពេលវេលាសម្រាប់ការជម្រះបែបបទពាក់ព័ន្ធ ឬនីតិវិធីឆ្លងកាត់ព្រំដែនជាអន្តរជាតិ ដោយមិនតម្រូវឱ្យមានការលើកដាក់ទំនិញឡើងវិញ។
តាមកិច្ចព្រមព្រៀង ប្រទេសជាសមាជិក GMS មានកូតាយានយន្តចំនួន ៥០០ គ្រឿង (យានយន្តដឹកទំនិញ និងយានយន្តដឹកអ្នកដំណើរ) ដែលអនុញ្ញាតឱ្យដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមបណ្តាញផ្លូវតភ្ជាប់ប្រទេស GMS ទាំង ៦ (រួមមាន កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម)។

ឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងបញ្ញើអីវ៉ាន់ឈានមុខគេមួយនៅប្រទេសកម្ពុជា និងបានពង្រីកសាខាទៅក្រៅប្រទេសមាន ថៃ វៀតណាម រួមទាំងចិនផងនោះមានសុទិដ្ឋិនិយមថា បើសិនដំណើរគម្រោងនេះទទួលបានជោគជ័យ នឹងនាំប្រយោជន៍យ៉ាងច្រើនសម្រាប់វិស័យដឹកជញ្ជូនប្រទេសកម្ពុជា។
អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេសបានបញ្ជាក់ថា កន្លងទៅលោកក៏ធ្លាប់សិក្សាពីការដឹកជញ្ជូនតាមផ្លូវគោកទៅប្រទេសចិន ខណៈការដឹកជញ្ជូនតាមផ្លូវអាកាសមានការចំណាយខ្ពស់ ហើយតាមផ្លូវទឹកឆ្លងកាត់នីតិវិធីច្រើនចាយពេលវេលាយូរ។
លោកសម្លឹងឃើញថា មានតែមធ្យោបាយដឹកជញ្ជូនតាមផ្លូវគោកជាជម្រើសដ៏ល្អប្រសើរបំផុត ដែលសម្រួលបានចំណេញទាំងពេលវេលានិងថ្លៃដឹកជញ្ជូន៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៨ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច១ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក