ព័ត៌មានជាតិ
ក្រសួងការងារ នឹងបើកកិច្ចប្រជុំប្រាក់ឈ្នួលកម្មករ-និយោជិត សម្រាប់ឆ្នាំ ២០២៥ នៅខែកក្កដានេះ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងចាប់ផ្ដើមបើកកិច្ចប្រជុំប្រាក់ឈ្នួលកម្មករ-និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៥ នៅខែកក្កដានេះ ខណៈឆ្នាំ ២០២៤ កម្មករ-និយោជិត ទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន ២០៤ ដុល្លារ ក្នុង ១ ខែ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៥ កក្កដា នេះថា ជារៀងរាល់ឆ្នាំ ក្រសួងតំណាងភាគីរាជរដ្ឋាភិបាល ភាគីនិយោជក និងភាគីសហជីព តំណាងឱ្យកម្មករ-និយោជិត បានកំណត់យកខែកក្កដា សម្រាប់ចាប់ផ្ដើមកិច្ចប្រជុំផ្ទៃក្នុងរបស់ខ្លួន។ នៅខែសីហា ប្រជុំទ្វេភាគីរវាងភាគីនិយោជក និងភាគីរាជរដ្ឋាភិបាល ភាគីសហជីពជាមួយរាជរដ្ឋាភិបាល និងភាគីសហជីពជាមួយភាគីនិយោជក និងខែកញ្ញា ភាគីទាំងបី ចាប់ផ្ដើមបើកកិច្ចប្រជុំត្រីភាគី។
លោកបានបន្តទៀតថា សម្រាប់ត្រីមាសទី ៤ នៅខែតុលា នឹងប្រកាសប្រាក់ឈ្នួលថ្មីដែលនឹងចាប់ផ្ដើមអនុវត្តនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ក្នុងករណីមានការកុងសង់ស៊ីគ្នា។ ប៉ុន្តែករណីមិនកុងសង់ស៊ីសទេ ត្រីភាគី ត្រូវប្រជុំជាលើកទី ២ ដើម្បីស្វែងរកកុងសង់ស៊ីស ឬការបោះឆ្នោតដោយសម្ងាត់។

លោកបានបន្ថែមថា លក្ខណវិនិច្ឆ័យក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជាសំដៅទៅលើលក្ខណវិនិច្ឆ័យបែបសង្គមរួមមាន ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ចរួមមានផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ។
គួរបញ្ជាក់ថា ឆ្នាំ ២០២៤ នេះ រាជរដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមាជូនដល់កម្មករ-និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ៤ ដុល្លារ ក្នុងនោះ ២ ដុល្លារ អនុម័តដោយត្រីភាគី និង ២ ដុល្លារទៀត ផ្តល់ជូនបន្ថែមដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាកម្មករ-និយោជិតកើនឡើងដល់ ២០៤ ដុល្លារ ក្នុង ១ ខែ ដោយមិនបូកបញ្ចូលប្រាក់អត្ថប្រយោជន៍ផ្សេងៗ ទេ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


