ព័ត៌មានជាតិ
កម្ពុជាបន្តផ្តល់អាទិភាពខ្ពស់លើការលើកកម្ពស់ជីវភាពកម្មករ ខណៈប្រទេសជាច្រើនមិនដំឡើងប្រាក់ខែជូនកម្មករ ព្រោះសេដ្ឋកិច្ចសកលមិនប្រាកដប្រជា
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា កម្ពុជានៅតែបន្តផ្ដល់អាទិភាពខ្ពស់លើការដំឡើងប្រាក់ខែ សំដៅលើកកម្ពស់ជីវភាពរបស់កម្មកររោងចក្រ សហគ្រាស ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលមិនច្បាស់លាស់ រងវិបត្ត ខណៈប្រទេសខ្លះរងគ្រោះព្រោះបញ្ហានេះមិនបានដំឡើងប្រាក់ឈ្នួលជូនកម្មករ។

ក្នុងសារលិខិត នាឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ»សម្តេច ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា៖«រាជរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិភាពខ្ពស់លើការលើកកម្ពស់ជីវភាពរបស់បងប្អូនកម្មករនិយោជិតទោះបីជា ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចសកលដែលពោរពេញដោយភាពមិនប្រាកដប្រជា និងរងសម្ពាធវិបត្តិដែលបង្ក ការរាំងស្ទះដល់ការដំឡើងប្រាក់ឈ្នួលអប្បបរមានៅក្នុងប្រទេសជាច្រើនក៏ដោយ។ »។
ក្នុងស្មារតីលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករនិយោជិត សម្ដេច ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចដំឡើងប្រាក់ឈ្នួលបន្ថែមចំនួន ២ដុល្លារអាម៉េរិក ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យ វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប កើនឡើងដល់ ២១០ដុល្លារអាម៉េរិក ក្នុងមួយខែ។ ក្រៅពីការដំឡើងប្រាក់ឈ្នួល រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីសម្រួល ដល់តម្លៃលក់រាយប្រេងឥន្ធនៈក្នុងអំឡុងពេលវិបត្តិសកល។
ស្របពេលវិបត្តិប្រេងឥន្ធនៈឡើងថ្លៃព្រោះសង្គ្រាមនៅមជ្ឈិមបូពា៌បង្កផលប៉ះពាល់ថែមមួយកម្រិតទៀតដល់កម្ពុជា សម្ដេច ហ៊ុន ម៉ាណែត រម្លឹកថា រាជរដ្ឋភិបាល និងនិយោជក បានសម្រេចផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ដុល្លារអាម៉េរិក បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅដែលមានស្រាប់ រហូតដល់ស្ថានភាពតម្លៃប្រេងឥន្ធនៈវិលត្រឡប់មករកប្រក្រតីភាពវិញ។ ជាលទ្ធផល ដោយបូកបញ្ចូលទាំងអត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងៗនិងប្រាក់សោហ៊ុយ ធ្វើដំណើរបណ្តោះអាសន្ននេះ កម្មករនិយោជិតម្នាក់ៗនឹងទទួលបានប្រាក់ចំណូលជាក់ស្តែងទាបបំផុតចន្លោះពី ២២៩,៥ ដល់ ២៤០,៥ដុល្លារអាម៉េរិក ក្នុងមួយខែ។
សម្ដេច ហ៊ុន ម៉ាណែត បន្ថែមថា រាជរដ្ឋាភិបាលបាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ នៅកន្លែងធ្វើការរបស់បងប្អូនកម្មករនិយោជិត តាមរយៈការពង្រឹងនិងពង្រីកយន្តការតាមដានត្រួតពិនិត្យ ប្រព័ន្ធសុវត្ថិភាពនិងសុខភាពការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ និងវិសាលភាពគ្របដណ្តប់នៃ របបសន្តិសុខសង្គមជាបន្តបន្ទាប់។ ជាក់ស្តែង គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្កើនសមាជិកឡើងដល់ប្រមាណ ៣,៦ លាននាក់ ក្នុងនោះសមាជិកតាមរបបភាគទានដោយស្ម័គ្រចិត្តមានចំនួនក្នុងរង្វង់ ៩២ម៉ឺននាក់។ បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ ដោយគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ស្ត្រីមានផ្ទៃពោះចំនួនប្រមាណ ៧៦,២ម៉ឺននាក់ និងកុមារអាយុក្រោម ២ឆ្នាំ ចំនួនប្រមាណ ៨៣ម៉ឺននាក់ បានទទួលអត្ថប្រយោជន៍ដោយផ្ទាល់ពីកម្មវិធីគាំពារសង្គមដ៏មានសារៈសំខាន់នេះ។
គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រ បានកើនឡើងដល់ចំនួន៤៧ ០២៩សហគ្រាស ជាមួយនឹងចំនួនកម្មករ និយោជិត សរុបកើនឡើងដល់ប្រមាណ២,៣លាននាក់៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានជាតិ៨ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម


