Connect with us

ចរាចរណ៍

៣ ខែ ឆ្នាំនេះ មានកម្មករ-និយោជិត ជួបគ្រោះថ្នាក់ចរាចរណ៍ជាង ១ ៧០០ ករណី ស្លាប់ជិត ៣០ នាក់

បានផុស

នៅ

នៅក្នុងរយៈពេល ៣ ខែ ឆ្នាំ ២០២៦ នេះ មានកម្មករ-និយោជិត ជួបគ្រោះថ្នាក់ចរាចរណ៍ប្រមាណជាង ១ ៧០០ ករណី រងរបួសធ្ងន់-ស្រាល ជិត ២ ពាន់នាក់ ក្នុងនោះ ស្លាប់ជិត ៣០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករ-និយោជិត (ស.ផ.ក)បានមានប្រសាសន៍នៅរសៀលថ្ងៃទី ៣ មេសា នេះថា រយៈពេល ៣ ខែ ឆ្នាំ ២០២៦ កន្លងទៅនេះ នៅទូទាំងប្រទេសកម្ពុជា មានករណីកម្មករ-និយោជិត ជួបករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១ ៧០៥ ករណី មានជនរងគ្រោះសរុបចំនួន ១ ៩០៨ នាក់ ស្រី ១ ២៦២ នាក់ របួសធ្ងន់ចំនួន ៤៨២ នាក់ និងរបួសស្រាលចំនួន ១ ៣៩៩ នាក់ និងស្លាប់ចំនួន ២៧ នាក់។

លោកបណ្ឌិត បានបន្តថា ក្នុងចំណោមគ្រោះថ្នាក់ខាងលើ ក្នុងនោះ ករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មករ-និយោជិត មានចំនួន ៦ ករណី មានជនរងគ្រោះសរុបចំនួន ៩៩ នាក់ របួសធ្ងន់ចំនួន ១៣ នាក់ និងរបួសស្រាលចំនួន ៨៦ នាក់។

លោកបណ្ឌិត បានពន្យល់ថា មូលហេតុចម្បងៗ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការមិនប្រកាន់ស្តាំ(បញ្ច្រាសទិស) ការបត់ខ្វះការប្រុងប្រយ័ត្ន ការជែងក្នុងស្ថានភាពគ្រោះថ្នាក់ កត្តាផ្លូវ និងលក្ខណៈបច្ចេកទេសយានយន្ត និងកត្តាផ្សេងៗ។

លោកបណ្ឌិត បានធ្វើការអំពាវនាវដល់កម្មករ-និយោជិត ទាំងអស់ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការធ្វើដំណើរ ទាំងអ្នកធ្វើដំណើរដោយម៉ូតូ និងទាំងអ្នកធ្វើដំណើរដោយរថយន្តដឹកកម្មករ-និយោជិត ត្រូវគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីជៀសវាងករណីគ្រោះថ្នាក់ជាយថាហេតុ និងក្រើនរំលឹកទៅកាន់អ្នកបើកបររថយន្តដឹកកម្មករ-និយោជិត ទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់រាល់ពេលបើកបរផងដែរ។

គួរបញ្ជាក់ថា ឆ្នាំ ២០២៥ កន្លងទៅ មានកម្មករ-និយោជិត ជួបគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន ៥ ៦៤២ ករណី មានជនរងគ្រោះចំនួន ៦ ៦១៧ នាក់ ស្រីចំនួន ៤ ០៨៣ នាក់ ស្លាប់ចំនួន ១៤៥ នាក់ របួសធ្ងន់ ១៨៥ នាក់ របួសស្រាល ៤ ៦៦៧ នាក់៕
អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម