ព័ត៌មានអន្ដរជាតិ
៤សំណួរ អាមេរិក មិនទាន់ឆ្លើយចេញ ករណីបាញ់ប្រហារលោក ត្រាំ
ក្រោយការប៉ងធ្វើឃាតលោក ដូណាល់ ត្រាំ មានមន្ទិលសង្ស័យជាច្រើន និងសំណួរដែលមិនទាន់មាននរណាអាចឆ្លើយបាន។ គាត់ត្រូវបានខ្មាន់កាំភ្លើងលបបាញ់ប្រហារយកជីវិតប៉ុន្តែសំណាងល្អ គាត់អាចរួចផុតពីសេចក្តីស្លាប់ ដោយត្រូវរបួសត្រឹមត្រចៀកប៉ុណ្ណោះ នោះក៏ព្រោះតែគាត់បែរមុខបន្តិចពេលគ្រាប់កាំភ្លើងហោះមក។

យ៉ាងណា គេនៅសង្ស័យនិងមានសំណួរជាច្រើនពាក់ព័ន្ធរឿងនេះ ហើយគេហទំព័រ Daily Mail បានដាក់ចេញជាសំណួរចំនួន៤ ដែលអាមេរិកមិនទាន់ឆ្លើយចេញពាក់ព័ន្ធករណីប៉ុនប៉ងធ្វើឃាតលោក ត្រាំ៖
១. តើខ្មាន់កាំភ្លើង Thomas Crooks ឡើងលើដំបូលអគារបានដោយរបៀបណា?
ក្រុមមន្ត្រីបញ្ជាក់ថា Crooks បានប្រើជណ្ដើរដើម្បីឡើងទៅលើដំបូលអគារ American Glass Research ក្នុងទីក្រុង Butler តាមបណ្តោយផ្លូវ Evans។ មកទល់ពេលនេះ មិនទាន់មានចម្លើយឡើយថា តើហេតុអ្វី គាត់កាន់កាំភ្លើងឡើងតាមជណ្តើរទៅលើដំបូលអគារដោយស្រួលៗបែបនេះ បានដោយរបៀបណាទៅ? ម្តេចក៏គ្មានកងសន្តិសុខ យាមល្បាតអ៊ីចឹង?

២. អគារនេះត្រូវបានគេកំណត់ថាជា ទីតាំងមានហានិភ័យផ្នែកសន្តិសុខ។ ចុះហេតុអ្វីបានជាវាគ្មានការរឹតបន្តឹង?
យោងតាមរបាយការណ៍ពី NBC News បានឲ្យដឹងថា អគារដែល Crooks ប្រើជាទីតាំងបើកការបាញ់ប្រហារ គឺត្រូវបានកំណត់ថាជាកន្លែងមានហានិភ័យផ្នែកសន្តិសុខ ដូច្នេះ ហេតុអ្វីបានជាទីនោះ មិនត្រូវបានរឹតបន្តឹងឲ្យបានត្រឹមត្រូវ?
អតីតភ្នាក់ងារសេវាសម្ងាត់ម្នាក់ បានប្រាប់បណ្តាញព័ត៌មានថា “គួរតែមានកងការពារ ដាក់ឈរជើងនៅលើដំបូលអគារនានា ឬនៅតាមអគារ ដើម្បីធានាថា គ្មាននរណាម្នាក់អាចឡើងលើដំបូលបាន”។

៣. ហេតុអ្វីក្រុមបាញ់ស៊ីបរបស់លោក ត្រាំ ប្រើពេលយូរម្ល៉េះ ដើម្បីបាញ់តបទៅខ្មាន់កាំភ្លើង?
សេវាសម្ងាត់នៅតែស៊ើបអង្កេត ចំពោះការឆ្លើយតបរបស់ក្រុមបាញ់ស៊ីបទៅខ្មាន់កាំភ្លើង។ ប្រភពពីសមត្ថកិច្ចបានប្រាប់ CBS ថា វាត្រូវចំណាយពេលរាប់វិនាទីឯណោះ សម្រាប់ក្រុមបាញ់ស៊ីប ដើម្បីសម្លាប់ Crooks។
ដោយឡែក តាមរយៈវីដេអូបង្ហាញឲ្យឃើញថា វាត្រូវចាយពេលដល់ទៅ៤៣វិនាទីឯណោះ ចន្លោះពេលផ្ទុះស្នូរកាំភ្លើងគ្រាប់ដំបូងនិងភ្នាក់ងារសេវាសម្ងាត់និយាយថា “អ្នកបាញ់ដួលហើយ”។

៤. ហេតុអ្វីប៉ូលិសមិនធ្វើអ្វីសោះ?
វីដេអូពីកន្លែងកើតហេតុ មុនពេលផ្ទុះការបាញ់កាំភ្លើង បានបង្ហាញបុរសម្នាក់និយាយជាមួយប៉ូលិសក្នុងតំបន់ ហើយចង្អុលទៅដំបូលអគារ ដែលជាទីតាំងរបស់ខ្មាន់កាំភ្លើង ប៉ុន្តែប៉ូលិសហាក់មិនអើពើឡើយ។
អ្នកឈរមើលផ្សេងទៀត ក៏បានប្រាប់ប៉ូលិសឲ្យឡើងទៅលើដំបូលអគារដែរ ហើយសាក្សីម្នាក់បានប្រាប់សារព័ត៌មាន KDKA ថា ការបាញ់ប្រហារបានចាប់ផ្តើមភ្លាមតែម្តង បន្ទាប់ពីគាត់ ប្រាប់ប៉ូលិសថា គាត់បានឃើញ Crooks។
យ៉ាងណាក្តី មន្ត្រីជាន់ខ្ពស់ប្រចាំតំបន់ Butler លោក Michael Slupe បានប្រាប់ CBS News ថា នៅពេលគេប្រាប់ប៉ូលិសថាឃើញ Crooks នោះ ប៉ូលិសបានចាប់ផ្តើមស្វែងរកគាត់ទៅហើយ៕

អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ តែងតាំងអ្នកធ្លាប់រិះគន់ខ្លួន ធ្វើជាដៃគូបោះឆ្នោតតំណែងអនុប្រធានាធិបតី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


