ព័ត៌មានអន្ដរជាតិ
UN៖ ការសម្លាប់និងការធ្វើទារុណកម្មបន្តកើនឡើង ក្រោមរបបយោធាមីយ៉ាន់ម៉ា
របាយការណ៍របស់អង្គការសហប្រជាជាតិ បានរកឃើញថា របបយោធាមីយ៉ាន់ម៉ាបានបង្កើនការសម្លាប់ និងការចាប់ខ្លួនសកម្មជនស៊ីវិលក្នុងគោលបំណងបំបិទមាត់អ្នកប្រឆាំង ក្នុងនោះមនុស្សរាប់ម៉ឺននាក់ត្រូវបានចាប់ខ្លួន ចាប់តាំងពីការធ្វើរដ្ឋប្រហារកាលពីជាងបីឆ្នាំមុន។ យោងការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៨ខែកញ្ញានេះ។

ក្រុមយោធាមីយ៉ាន់ម៉ាបានដណ្តើមអំណាចកាលពីដើមខែកុម្ភៈឆ្នាំ២០២១ ដោយបានដករដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី និងបង្កឱ្យមានការតវ៉ាតាមដងផ្លូវដោយហិង្សាទូទាំងប្រទេស។ ចាប់តាំងពីពេលនោះមក ចលនាតវ៉ាបានប្រែក្លាយទៅជាការបះបោរប្រដាប់អាវុធកាន់តែទូលំទូលាយ។
លោក Volker Turk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស កាលពីថ្ងៃអង្គារបាននិយាយថា« ជនស៊ីវិលចំនួន៥៣៥០នាក់ត្រូវបានសម្លាប់ដោយយោធាចាប់តាំងពីរដ្ឋប្រហារ»។ របាយការណ៍នេះផ្អែកលើការសម្ភាសន៍ពីចម្ងាយជាមួយជនរងគ្រោះ និងសាក្សីរាប់រយនាក់ ដោយសារតែអ្នកស៊ើបអង្កេតមិនត្រូវបានអនុញ្ញាត្តឱ្យចូលប្រទេសនេះ។
ក្នុងចំណោមការស្លាប់ទាំងនោះ មនុស្ស២៤១៤នាក់បានស្លាប់ក្នុងរយៈពេលដែលរាយការណ៍ចុងក្រោយពីខែមេសា ឆ្នាំ ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤ កើនឡើង៥០ភាគរយបើធៀបនឹងរយៈពេលរាយការណ៍ពីមុន ខណៈមនុស្សរាប់រយនាក់ទៀតត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស និងកាំភ្លើងធំ។

លោក James Rodehaver ប្រធានការិយាល័យសិទ្ធិមនុស្សមីយ៉ាន់ម៉ារបស់អង្គការសហប្រជាជាតិបាននិយាយថា៖ «មីយ៉ាន់ម៉ាកំពុងបំបាត់សិទ្ធិមនុស្ស»។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ លោក Rodehaver បានកត់សម្គាល់ថា៖«យោធាមីយ៉ាន់ម៉ាបានបង្កើតវិបត្តិដោយប្រើប្រព័ន្ធច្បាប់ និងដាក់ទោសទណ្ឌស្ទើរតែគ្រប់ទម្រង់នៃការមិនពេញចិត្តប្រឆាំងនឹងការប៉ុនប៉ងរបស់ខ្លួនក្នុងការគ្រប់គ្រងប្រទេស»។
របាយការណ៍របស់អង្គការសហប្រជាជាតិក៏បានបង្ហាញផងដែរថា មនុស្សជិត ២៧៤០០ នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីរដ្ឋប្រហារ ហើយត្រូវបានគេគិតថាកំពុងស្ថិតនៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធា។ ចំណែកអ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Liz Throssell បានប្រាប់សន្និសីទសារព័ត៌មានថា យ៉ាងហោចណាស់មនុស្ស១៨៥៣ នាក់ក៏បានស្លាប់នៅក្នុងការឃុំឃាំងចាប់តាំងពីរដ្ឋប្រហារ រួមទាំងកុមារចំនួន ៨៨នាក់ផងដែរ។

យោងតាមការបកស្រាយរបស់លោក Rodehaver បានបន្ថែមថា «អ្នកជាប់ឃុំដែលត្រូវបានសម្ភាសដោយការិយាល័យរបស់យើងពិពណ៌នាអំពីវិធីសាស្រ្តដូចជាត្រូវបានព្យួរពីលើពិដានដោយគ្មានអាហារ ឬទឹក បង្ខំឱ្យលុតជង្គង់ ឬវារលើវត្ថុរឹង ឬស្រួច យកសត្វមកបន្លាចដូចជាសត្វដូចជាពស់ ឬសត្វល្អិត ឬសត្វព្រៃផ្សេងទៀតដើម្បីបង្កការភ័យខ្លាច ដល់អ្នកជាប់ឃុំ»។ ចំណែក អ្នកខ្លះទៀតត្រូវបានវាយនឹងបង្គោលដែក ដំបងឫស្សី គូទកាំភ្លើង ខ្សែភ្លើង និងច្រវាក់ម៉ូតូ។ទោះយ៉ាងណាយោធាមីយ៉ាន់ម៉ាមិនបានឆ្លើយតបនឹងរបាយការណ៍របស់អង្គការសហប្រជាជាតិទេ។
តួលេខចុងក្រោយពីសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ ដែលជាក្រុមសិទ្ធិមនុស្សឃ្លាំមើលការបង្ក្រាបក្រោយរដ្ឋប្រហារបានផ្ទៀងផ្ទាត់ការស្លាប់របស់ជនស៊ីវិលយ៉ាងហោចណាស់ ៥៦៦៥ នាក់ចាប់តាំងពីរដ្ឋប្រហារ។សមាគមនេះកំពុងស្ថិតក្នុងដំណើរការបញ្ជាក់ពីការស្លាប់បន្ថែមទៀតចំនួន ២៥០០នាក់។ ប្រទេសនេះក៏កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីបទប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិជុំវិញការបង្រ្កាបដ៏ឃោរឃៅកាលពីឆ្នាំ ២០១៧ លើជនជាតិភាគតិចរ៉ូហ៊ីងយ៉ាផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


