ព័ត៌មានជាតិ
មេសិទ្ធិមនុស្ស ប្រាប់ទូតអូស្ត្រាលីថា ករណីចាប់ខ្លួនមេក្លោងក្រុមប្រឆាំង CLV គឺដើម្បីទប់ស្កាត់កុំឱ្យកើតមានបាតុភាពដូចឆ្នាំ២០១៣
លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រាប់ទៅលោក Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ក្នុងជំនួបនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ថា ការណ៍ដែលមានករណីចាប់ខ្លួនមេក្លោងក្រុមប្រឆាំងគម្រោង CLV គឺដើម្បីទប់ស្កាត់កុំឱ្យមានការវិលត្រឡប់នូវកុបកម្មកាលពីឆ្នាំ២០១៣ ដែលធ្វើឱ្យវឹកវរ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។ នេះបើតាមការឱ្យដឹងរបស់អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

ការលើកឡើងនេះ ធ្វើឡើងស្របពេល លោក Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ជួបជាមួយប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ព្រមទាំងបានលើកឡើងពីបញ្ហានានា និងការចាប់ខ្លួនមេក្លោងដែលប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) ផងដែរ។

ជាមួយគ្នានេះ លោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រាប់មក កម្ពុជាថ្មី ថា ពាក់ព័ន្ធនឹងករណីចាប់ខ្លួនមេក្លោងប្រឆាំងគម្រោង CLV លោក កែវ រ៉េមី បានប្រាប់ទៅកាន់លោក Derek Yip ដោយលើកយកហេតុការណ៍ពីព្រឹត្តិការណ៍ធ្វើកុបកម្មឆ្នាំ២០១៣ ដែលជាកុបកម្មដោយហិង្សា បង្កឱ្យមានការបំផ្លិតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន បង្កឱ្យមានភាពវឹកវរ អសន្តិសុខដល់សង្គម និងសណ្តាប់ធ្នាប់សាធារណៈដែលអាជ្ញាធរមានតួនាទី និងភារកិច្ចត្រូវចាត់នូវវិធានការចាំបាច់មួយចំនួន កុំឱ្យមានការកើតឡើងបែបនេះម្តងទៀតនៅកម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលចេញនៅព្រឹកថ្ងៃទី១៥ ខែតុលា បានឱ្យដឹងថា ជំនួបខាងលើ ក៏បានពិភាក្សាលើសំណុំរឿងចាប់ខ្លួនលោក ម៉ិច ដ៉ារា ដែលជាអ្នកកាសែតមួយរូប ត្រូវបានសាលារាជធានីដំបូងបានចោទពីបទញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គមផងដែរ។
គួររម្លឹកថា នៅអំឡុងពាក់កណ្តាលខែសីហា សមត្ថកិច្ចបានចាប់ខ្លួនមេក្លោងប្រឆាំងនឹងគម្រោង CLV និងព្យាយាមញុះញង់ឱ្យមានភាពវឹកវរក្នុងសង្គម។ យ៉ាងណាមិញ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជជែកជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ដកកម្ពុជាពីគម្រោង CLV កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ព្រោះដើម្បីបញ្ឈប់ទង្វើក្រុមជ្រុលនិយម យកគម្រោងនេះធ្វើជាអាវុធនយោបាយ នាំឱ្យប្រជាជនមានការភាន់ច្រឡំ។

ចំណែកករណី លោក ម៉ិច ដារ៉ា វិញ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ ពីបទញុះញង់។ បន្ទាប់ពីមានការចាប់ខ្លួនលើលោក ម៉ិច ដារ៉ា ក៏មានការទាមទារដោះលែងរូបលោកត្រឡប់មកវិញពីសំណាក់អ្នកសារព័ត៌មាន អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងស្ថានទូតផ្សេងផងដែរ។

សូមជម្រាបថា ជំនួបរវាងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងទូតអូស្ត្រាលី ត្រូវបានបញ្ចប់ដោយរលូន និងសម្រេចបាននូវលទ្ធផលជាទីពេញចិត្ត។ ទន្ទឹមនេះ ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានកត់សម្គាល់ពីទំនាក់ទំនងយូរអង្វែងរវាងកម្ពុជា និងអូស្ត្រាលី ព្រមទាំងបានបង្ហាញពីគោលបំណងក្នុងការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត។ បន្ថែមពីនេះ លោក Derek Yip ក៏បានទទួលស្គាល់ពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា សិទ្ធិរបស់ជនមានពិការភាព សមភាពយេនឌ័រ និងការទទួលយកអនុសាសន៍ការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤របស់កម្ពុជាផងដែរ៕

ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


