ព័ត៌មានជាតិ
ថ្នាក់ដឹកនាំស្ថាប័នជាតិធំៗ អញ្ជើញថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងខួប២០វស្សា នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ
នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ដែលជាព្រះរាជពិធីខួប ២០វស្សា នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំស្ថាប័នធំៗរបស់ជាតិ បានអញ្ជើញចូលរួមថ្វាយព្រះពរព្រះមហាក្សត្រ នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។

ក្នុងព្រះរាជពិធីគម្រប់ខួប ២០វស្សានៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ នៅថ្ងៃនេះ មានការយាង និងអញ្ជើញចូលរួមថ្វាយព្រះពរ ពីថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំស្ថាប័នធំៗរបស់ជាតិ ដែលនៅក្នុងនោះមានវត្តមាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងសម្ដេច ឯកឧត្តម លោកជំទាវ ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឥស្សរជននៃបណ្ដាស្ថាប័នជាតិជាច្រើនទៀត។
សម្ដេចតេជោ ហ៊ុន សែន សម្តេចធិការធិបតី ឃួន សុដារី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញឡើងថ្លែងសារថ្វាយព្រះពរ ថ្វាយ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

គួរជម្រាបថា ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ គឺជាខួប ២០ព្រះវស្សាហើយ ដែលព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងគ្រងព្រះបរមសិរីរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីត្រូវបានក្រុមប្រឹក្សារាជសម្បត្តិទាំង៩អង្គ/នាក់ ដែលពេលនោះមានសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាសមាជិកនៃក្រុមប្រឹក្សារាជសម្បត្តិដែរនោះ សម្រេចជ្រើសតាំងជាព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីព្រះបិតាព្រះអង្គ។
រយៈពេល២០ព្រះវស្សានៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានយកព្រះទ័យទុកដាក់ខ្ពស់បំផុតក្នុងការបំពេញព្រះរាជកិច្ចតាមរដ្ឋធម្មនុញ្ញកម្ពុជាក្នុងការបម្រើសាសនា វិស័យមនុស្សធម៌ វិស័យអប់រំ សង្គមកិច្ច សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជារាស្ត្រនៅទូទាំងប្រទេស ជាពិសេសនៅជនបទស្រែចម្ការ។

ព្រះអង្គតែងតែចូលរួមចំណែកបរិច្ចាគព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គជួយសាសង់អគារមន្ទីរពេទ្យ សាលារៀន ប្រឡាយទឹក ជាដើម ដើម្បីជាប្រយោជន៍ក្នុងការរស់នៅរបស់ប្រជានុរាស្រ្ត ជាពិសេសតែងបានប្រោសព្រះរាជទានព្រះរាជទ្រព្យជារៀងរាល់ខែជួយទ្រទ្រង់ដល់សកម្មភាពរបស់កាកបាទក្រហមកម្ពុជា។ បន្ថែមលើនេះព្រះអង្គក៏តែងតែយាងចុះជួបប្រជានុរាស្រ្តនៅតាមមូលដ្ឋានដាច់ស្រយាល ដោយផ្ដល់ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីដោះស្រាយបញ្ហាជីវភាព។

លើកិច្ចការអន្តរជាតិ ព្រះករុណាព្រះមហាក្សត្រ បានយកព្រះទ័យទុកដាក់យ៉ាងខ្លាំងក្នុងទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្ត ព្រះអង្គតែងតែប្រោសព្រះរាជទាន និងធ្វើសវនាកាជាមួយថ្នាក់ដឹកនាំអន្តរជាតិ អង្គទូត ដើម្បីចូលគាល់សម្ដែងការគួរសម និងពិភាក្សាការងារផ្សេងៗដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តនានាលើសកលលោក ព្រមទាំងបានយាងបំពេញទស្សនកិច្ចនៅតាមបណ្ដាប្រទេសជាច្រើនថែមទៀតផង៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


