ព័ត៌មានជាតិ
ព្រះមហាក្សត្រ៖ កម្ពុជារងការវាយប្រហារដោយទាហានថៃ បង្កើនបន្ទុកធ្ងន់ធ្ងរការបោសសម្អាតសំណល់គ្រាប់
ក្នុងឱកាសខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ ព្រះមហាក្សត្រ ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានអំពាវនាវដល់រដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត អង្គការជាតិ-អន្តរជាតិ និងសប្បុរស ជនជាតិ-អន្តរជាតិនានា បន្តកិច្ចសហប្រតិបត្តិការ និងចូលរួមគាំទ្រលើសកម្មភាពបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងជួយសង្គ្រោះជនរងគ្រោះដោយសារមីននៅកម្ពុជា។ ការអំពាវនាវនេះដោយភ្ជាប់ទៅនឹងព្រឹត្តិការណ៍ឈ្លានពានពីសំណាក់យោធាថៃ បានបន្សល់ទុកសំណល់គ្រាប់យុទ្ធភណ្ឌជាច្រើននៅតាមព្រំដែន។

ព្រះរាជសារ ព្រះមហាក្សត្រ ចុះថ្ងៃទី ២៣ ខែកុម្ភៈ បានបញ្ជាក់ថា ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមអស់ជាច្រើនទសវត្សរ៍មកហើយ នៅលើផ្ទៃប្រទេសមានបន្សល់ទុកនូវគ្រាប់មីន សំណល់ជាតិផ្ទុះយ៉ាងសន្ធឹកសន្ធាប់។ គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តខ្ទេចខ្ទី បណ្តាលឱ្យរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ នឹងធ្វើឱ្យប្រជារាស្ត្រកម្ពុជារាប់ម៉ឺននាក់ត្រូវរងរបួស ធ្លាក់ខ្លួនពិការពេញមួយជីវិត និងបានបាត់បង់ជីវិត ព្រមទាំងបានបង្កជាសោកនាដកម្មដ៏ឈឺចាប់ ដែលមិនអាចបំភ្លេចបានរហូតមកដល់បច្ចុប្បន្ននេះ។
ក្នុងព្រះរាជសារ ព្រះមហាក្សត្ស សង្កត់ធ្ងន់ថា៖«ក្នុងពេលបច្ចុប្បន្ននេះទៀត ប្រទេសកម្ពុជាយើងទើបបានរងការវាយប្រហារដោយកាំភ្លើងធំ រថក្រោះ និងយន្តហោះពីទាហានថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ នៅលើសមរភូមិ មានគ្រាប់បែក គ្រាប់រំសេវ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗនៅរាយប៉ាយតាមភូមិកររបស់ប្រជាជន កម្ពុជាការណ៍នេះបង្កើតជាបន្ទុកដ៏ធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាលកម្ពុជាដែលត្រូវបោសសម្អាតបន្ថែមទៀត»។

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២៤ ខែកុម្ភៈ ជាទិវាជាតិយល់ដឹងអំពីមីន នេះជាទិវាដ៏មានសារៈសំខាន់មួយ ដើម្បីរំលឹកដល់ប្រជារាស្ត្រគ្រប់រូប ឱ្យយល់ដឹងកាន់តែច្បាស់ និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិន ទាន់ផ្ទុះគ្រប់ប្រភេទ។ កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានកម្ទេចគ្រាប់មីនគ្រប់ប្រភេទ ដែលមានស្តុកនៅក្នុងឃ្លាំង និងបានខិតខំបង្កើនសកម្មភាពយុទ្ធនាការបោសសម្អាតគ្រាប់មីន ក្រោមជំនួយឧបត្ថម្ភគាំទ្រ ពីអង្គការជាតិ-អន្តរជាតិ ដើម្បីរំដោះដីស្រែ-ចម្ការជូនប្រជាកសិករនៅទូទាំងប្រទេស។
ព្រះមហាក្សត្រ ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការដឹកនាំរៀបចំប្រតិបត្តិការបោសសម្អាតគ្រាប់មីន បោសសម្អាតចម្ការមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងជួយសង្គ្រោះដល់ជនរងគ្រោះដោយសារមីននៅកម្ពុជា ព្រមទាំងទទួលបានលទ្ធផលល្អប្រសើរ។

បើតាមរបាយការណ៍អាជ្ញាធរមីនកម្ពុជា និងអង្គភាពកម្ចាត់មីនស៊ីម៉ាក់ ក្នុងសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃមកលើកកម្ពុជាចំនួន ២លើក បានបន្សល់ទុកនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើននៅតាមព្រំដែន ផ្ទះសម្បែង សាលារៀន និងវត្តអារាមជាដើម។ គិតមកទល់ពេលនេះ អង្គភាពស៊ីម៉ាក់ បានបញ្ជូនមន្រ្តីជំនាញ ចុះបេសកកម្មដោះមីននៅតាមខ្នងផ្ទះពលរដ្ឋដែលរងគ្រោះដោយសារគ្រាប់ ដើម្បីធានាសុវត្ថិភាពភៀសសឹកវិលត្រឡប់ទៅរស់នៅលំនៅឋានវិញ៕
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


