ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី បន្តយកចិត្តទុកដាក់ដល់អាណាព្យាបាលកុមារ នៅផ្ទះបាយកុមារ
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន ស.ស.យ.ក ក្រៅពីការយកចិត្តទុកដាក់ជាមួយកុមារតូចៗ ដែលខ្វះខាត នៅផ្ទះបាយកុមារ ឯកឧត្ដម ក៏បានបន្តយកចិត្តទុកដាក់រហូតដល់អាណាព្យាបាលរបស់កុមារផងដែរ។

ជាក់ស្ដែងកាលពីរសៀលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៤ ម្សិលមិញនេះ ឯកឧត្ដម ហ៊ុន ម៉ានី បានអញ្ជើញជួបជាមួយអាណាព្យាបាលកុមារតូចៗ នៅផ្ទះបាយកុមារ ដោយបាននាំមកនូវគ្រឿងឧបភោគបរិភោគមួយចំនួនជូនពួកគាត់ផងដែរ។

នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានអរគុណចំពោះក្រុមការងារអង្គការផ្ទះបាយកុមារ ក្រុមការងារប៉ាម៉ានី និងក្រុមការងារពាក់ព័ន្ធ ជាពិសេស លោក ង៉ូវ ឈីវ សប្បុរសជន ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលតែងតែចូលរួមឧបត្ថម្ភ គាំទ្រ និងលះបង់ពេលវេលាផ្ទាល់ខ្លួន ជួយសម្របសម្រួល និងចូលរួមចែករំលែកក្ដីស្រលាញ់ដល់កុមារតូចៗ រួមទាំងបំពេញកិច្ចការដ៏ប្រពៃមួយនេះជួយដល់កុមារដែលជួបការលំបាក និងខ្វះខាត។

បើទោះបីជាមានភាពមមាញឹកក្នុងការងារយ៉ាងណាក្តី ក្នុងរយៈពេលជាង ១០ ឆ្នាំនេះ ឯកឧត្ដម ហ៊ុន ម៉ានី តែងតែយកចិត្តទុកដាក់ និងចំណាយពេលវេលាមកជួបជាមួយកុមារដែលមានជីវភាពខ្វះខាតនៅក្នុងផ្ទះបាយកុមារយ៉ាងតិច ០២ ដង ក្នុង ០១ ឆ្នាំ។

ជានិច្ចកាល ក្រៅពីការយកចិត្តទុកដាក់ជាមួយកុមារដែលខ្វះខាត នៅផ្ទះបាយកុមារ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់រហូតដល់អាណាព្យាបាលរបស់កុមារផងដែរ។ ជាក់ស្ដែងក្នុងថ្ងៃម្សិលមិញនេះ ឯកឧត្ដម បាននាំមកនូវការជួបជុំលើកដំបូង ក្នុងគោលបំណងជួបសំណេះសំណាល បង្កើតភាពស្និទ្ធស្នាល និងការចងចាំល្អៗ ជាមួយគ្នា តាមរយៈការលេងល្បែងប្រជាប្រិយ និងការថតរូបអនុស្សាវរីយ៍ជាមួយអាណាព្យាបាលកុមារ ចំនួន ៣០០ នាក់ ដោយពួកគាត់អាចថតរូបម្នាក់ម្តងៗ និងមានក្រុមការងារប៉ាម៉ានី ជួយសម្របសម្រួលក្នុងការផ្ដិតរូបថតដាក់ស៊ុម។

គួរជម្រាបថា កម្មវិធីកាលពីម្សិលមិញ បាននាំអាណាព្យាបាលកុមារទាំងអស់ មករំសាយអារម្មណ៍ពីការនឿយហត់មួយកម្រិត ដោយទទួលបានអារម្មណ៍រំភើបសប្បាយរីករាយ និងស្នាមញញឹម រួមជាមួយអំណោយ ក៏ដូចជារង្វាន់នានាផងដែរ។

សូមជម្រាបជូនថា កាលពីថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ធ្លាប់ជួបកុមារតូចៗ ម្តងរួចមកហើយ និងបានថតរូបអនុស្សាវរីយ៍ជាមួយពួកគាត់ម្នាក់ម្តងៗ រួមទាំងផ្តល់នូវសម្ភារៈសិក្សាជូនកុមារផងដែរ៕







-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


