ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ រោងចក្រមិនចុះបញ្ជី និងមិនបញ្ជូនឈ្មោះកម្មករទៅ ប.ស.ស នឹងទទួលការផាកពិន័យតាមច្បាប់
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៧ ធ្នូ នេះថា រោងចក្រសហគ្រាសទាំងឡាយណាដែលមិនទាន់បានចុះបញ្ជី និងមិនបញ្ជូនឈ្មោះបុគ្គលិក ឬ កម្មករ-និយោជិតរបស់ខ្លួន ទៅបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) នឹងទទួលការដាក់កំហិត និងផាកពិន័យតាមច្បាប់។

លោកបានបន្តថា បច្ចុប្បន្ននេះនៅកម្ពុជាមានរោងចក្រសរុបចំនួន ៤៥៥៨៤ រោងចក្រសហគ្រាស ក្នុងនោះរោងចក្រកាត់ដេរចំនួន ១៥៤៥ រោងចក្រ ហើយនិយោជកដែលប្រើកម្មករ-និយោជិត ចាប់ពី ១ នាក់ ឡើងទៅ ត្រូវចុះបញ្ជីសមាជិក ប.ស.ស ជូនកម្មករ-និយោជិត ដើម្បីឱ្យពួកគេទទួលបានការធានារ៉ាប់រងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន រួមទាំងអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្សេងៗ ជាច្រើនទៀត។

លោកបានបន្តទៀតថា «ចំពោះរោងចក្រដែលមិនទាន់បំពេញកាតព្វកិច្ចត្រឹមត្រូវ ករណីអធិការការងាររកឃើញ នឹងទទួលដាក់កំហិត និងផាកពិន័យ»។

លោកបានបន្ថែមថា ការដាក់កំហិត និងផាកពិន័យចំពោះក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន មិនអនុវត្តតាមច្បាប់ គឺដើម្បីឱ្យបុគ្គលិក ឬកម្មករ-និយោជិត កំពុងបំពេញការងារក្នុងក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានទាំងអស់នោះ ឱ្យទទួលបានការគាំពារពេញលេញ ក្នុងន័យចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ស្ថិរភាពសង្គម។

លោក កត្តា អ៊ន បានអំពាវនាវដល់រោងចក្រសហគ្រាសទាំងអស់ ត្រូវគោរពច្បាប់ការងារឱ្យបានត្រឹមត្រូវ ដោយត្រូវបំពេញបែបបទ និងចុះបញ្ជិការោងចក្រសហគ្រាស និងចុះបញ្ជីកម្មករ-និយោជិតរបស់ខ្លួន ដើម្បីចូលរួមគោរពច្បាប់ការងារ ក៏ដូចជាគិតគូរដល់ផលប្រយោជន៍កម្មករ-និយោជិតទាំងអស់គ្នា។
គួរបញ្ជាក់ថា មកទល់ពេលនេះ ប.ស.ស មានសមាជិកជាង ២,៧ លាននាក់ នៅទូទាំងប្រទេស ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យសាធារណៈមានចំនួនជិត ៥០ ម៉ឺននាក់ បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្ដីពីការងារមានចំនួនជាង ១,៦ លាននាក់ បុគ្គលស្វ័យនិយោជន៍មានចំនួនជាង ៤៣ ម៉ឺននាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួនជិត ១៤ ម៉ឺននាក់ ដោយជាសហព័ទ្ធ(ប្រពន្ធ ឬប្តី) មានចំនួន ៣៦៦១២ នាក់ និងកូនមានចំនួន ១០២៧៨៨ នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


