ព័ត៌មានជាតិ
លោក ប៉េង ពោធិ៍សា ផ្តល់ថវិកា និងម៉ូតូម្នាក់មួយគ្រឿងដល់សិស្សនិទ្ទេសAចំនួន៣៧នាក់ ក្នុងខេត្តស្វាយរៀង
លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ បានប្រគល់រង្វាន់ដល់សិស្សទទួលបាននិទ្ទេសA ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ។ ពិធីប្រគល់រង្វាន់នេះ បានរៀបចំនៅសាលាខេត្តស្វាយរៀង ដោយមានការចូលរួមពីអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត តំណាងក្រុមហ៊ុន សប្បុរសជន លោកអភិបាលក្រុង-ស្រុកទាំង៨ លោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង-ស្រុកទាំង៨ លោកនាយកវិទ្យាល័យដែលសិស្សានុសិស្សទទួលបាននិទ្ទេសA ចំនួន៣៧ នាក់។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្ត សូមចូលរួមអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និងប្អូនៗសិស្សានុសិស្សទាំង៣៧រូប ដែលទទួលបាននិទ្ទេស A ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។ តាមរយៈលទ្ធផលប្រឡងនៅក្នុងខេត្តស្វាយរៀងឆ្នាំនេះ គឺទទួលបានលទ្ធផលល្អប្រសើរដោយមានអត្រាសិស្សប្រឡងជាប់សរុបប្រមាណជិត ៧៣% ទទួលបាននិទ្ទេស A ចំនួន ៣៧នាក់។ លោកបន្តថា ក្នុងនាមរដ្ឋបាលខេត្តសូមសម្ដែងនូវការអរគុណ ចំពោះមាតាបិតា អាណាព្យាបាលសិស្ស ដែលបានលើកទឹកចិត្ត ជំរុញ តាមដាន និងចូលរួមគាំទ្រគ្រប់សកម្មភាពទាំងឡាយ នៃការសិក្សារបស់កូនចៅរបស់ខ្លួន និងអគុណចំពោះគណៈគ្រប់គ្រងសាលា ព្រមទាំងលោកគ្រូ អ្នកគ្រូទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់បង្រៀនសិស្សឲ្យទទួលបានលទ្ធផលដ៏ល្អប្រសើរបែបនេះ។

លោកអភិបាលក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវចេះតស៊ូអំណត់ព្យាយាម ដោយយកចិត្តទុកដាក់រៀនសូត្រឲ្យបានពូកែថែមទៀតនៅពេលរៀនបន្តនៅថ្នាក់មហាវិទ្យាល័យ ត្រូវធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ និងធ្វេីអំពើណាដែលល្អ ព្រមទាំងមានផលប្រយោជន៍ដល់សង្គមជាតិ។ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹងគ្រប់ប្រភេទ និងចៀសវាងឲ្យបាននូវអំពើអបាយមុខផ្សេងៗ ជាពិសេសល្បែងស៊ីសងជាដើម។ ត្រូវបន្តប្រតិបត្តិខ្លួនជាកូនល្អ សិស្សនិស្សិតល្អ និងមិត្តភក្ដិល្អ និងអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាយុវជន ដែលប្រកបដោយគុណសម្បត្តិបួនយ៉ាង គឺបញ្ញា សីលធម៌ សុជីវធម៌ និងកាយសម្បទាមាំមួន និងត្រូវចូលរួមគោរពប្រតិបត្តិច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនដើម្បីសុវត្ថិភាពខ្លួនឯងផង និងអ្នកដទៃផង “បើធ្វើដំណើរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព បើធ្វើដំណើរតាមរថយន្តត្រូវពាក់ខ្សែក្រវាត់ឲ្យបានត្រឹមត្រូវ” ។

លោក ប៉េង ពោធិ៍សា បានចែករង្វាន់ជូនដល់សិស្សប្រឡងជាប់និទ្ទេសA ទាំង៣៧នាក់ ក្នុងម្នាក់ៗទទួលបាន ម៉ូតូម៉ាក HONDA WAVE ស៊េរី២០២៥ ចំនួន១គ្រឿង មួកសុវត្ថិភាពចំនួន០១ និងថវិកា ២០០,០០០ រៀល។ ទន្ទឹមនោះលោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង-ស្រុកទាំង៧ ក្នុងម្នាក់ៗទទួលបានថវិកា២០០.០០០រៀល និងនាយកសាលាទាំង១៤ ម្នាក់ៗទទួលបានថវិកា ៣០០,០០០រៀល ផងដែរ៕
ដោយ៖ ភក្ដី
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


