Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋបាល ត្រាំ ​ពិចារណាបញ្ចូលក្រុមហ៊ុនចិន Shein និង Temu ក្នុងបញ្ជី «ពលកម្មដោយបង្ខំ»

បានផុស

នៅ

រដ្ឋបាលសហរដ្ឋអាមេរិករបស់​លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងពិចារណាលើ​ការដាក់បញ្ចូល​ក្រុមហ៊ុន​​​លក់ទំនិញអនឡាញ​ចិន Shein និង Temu ទៅ​ក្នុង​បញ្ជី «ប្រើ​កម្លាំង​ពលកម្មដោយបង្ខំ» របស់​ក្រសួង​សន្តិសុខមាតុភូមិ (DHS)។ នេះបើតាម​ការ​ចុះ​ផ្សាយ​​របស់​សារព័ត៌មាន Semafor។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Semafor បាន​ស្រង់សម្ដីរបស់​ប្រភព​២រូប​ ដែលសុំ​​បង្ហើបព័ត៌មានជា​អនាមិកថា រដ្ឋបាល​ ត្រាំ មិន​ទាន់ច្បាស់នៅឡើយ​ទេ​ ថាតើ​ការសម្រេចចិត្តចុងក្រោយនឹង​ទៅជាបែប​ណា​។

យ៉ាងណា​មិញ​ សេចក្ដីរាយការណ៍នេះ​ធ្វើ​ឡើងក្រោយ​ប្រទេសចិន​ដាក់ប្រកាស​ដាក់ពន្ធសងសឹកនឹង​អាមេរិក​ ហើយ​កំណត់គោលដៅស៊ើបអង្កេតប្រឆាំង​ការផ្ដាច់មុខ​ ​លើ​ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក​ រួមមាន​ទាំង​ Google ​បន្ទាប់ពី​ពន្ធ ១០ ភាគរយ របស់​ ត្រាំ លើទំនិញ​ចិន​ ចូល​ជាធរមាន​នៅថ្ងៃអង្គារ​។

មកទល់ពេល​នេះ​ គេ​មិនទាន់ឃើញមាន​ប្រតិកម្មពីក្រុមហ៊ុន Temu ដែល​ជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកចិន​ PDD Holdings ក៏ដូចជា​ក្រុមហ៊ុន​ Shein នៅឡើយទេ។

គួរគូស​បញ្ជាក់ថា ក្រុមហ៊ុន Temu ​និង​​ Shein ដែល​លក់ផលិតផលអនឡាញថោកៗ​ បាន​រង​ការចោទ​ប្រកាន់ពីសហរដ្ឋ​អាមេរិក​នាពេល​កន្លង​មក​ថា​ បាន​ប្រើ​ប្រាស់​កម្លាំង​ពលកម្មដោយ​បង្ខំនៅ​តំបន់ស៊ីងជាំង ខណៈរដ្ឋាភិបាល​ចិន​បាន​រង​ការចោទ​ប្រកាន់ពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរប្រឆាំង​នឹង​ជនជាតិអ៊ុយហ្គួរមូស្លីម និងជនជាតិភាគតិចផ្សេងទៀត​នៃតំបន់​នេះ​ ជាអ្វីដែលចិន​ច្រានចោល​។

ការប្រើ​កម្លាំង​ពលកម្មដោយ​បង្ខំទាំង​នោះ រួមមាន​ទាំងការរើសកប្បាស ដើម្បីធ្វើសម្លៀកបំពាក់។ ការស៊ើបអង្កេតរបស់សារព័ត៌មាន​ Bloomberg បានបង្ហាញថា Shein បាន​​ប្រើប្រាស់កប្បាសពីតំបន់ស៊ីនជាំង​ ​ក្នុងសម្លៀកបំពាក់របស់ខ្លួន ​ខណៈ​គេហទំព័ររបស់ Temu ​បាន​បង្ហាញថា របស់​មួយ​ចំនួន​ប្រើកប្បាសពីតំបន់ដូចគ្នា​។ ​នេះបើ​តាមរបាយការណ៍របស់សភាអាមេរិក​។ ទោះបីជា​យ៉ាង​ណា​ក៏ដោយ កន្លង​មក​ក្រុមហ៊ុន Shein បាន​បដិសេធ​ពី​ការជាប់ទាក់ទង​នឹង​ការប្រើ​ប្រាស់កម្លាំងពលកម្មដោយ​បង្ខំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម