ព័ត៌មានអន្ដរជាតិ
វៀតណាម៖ គម្រោងឈប់នាំចូលអង្កររបស់ឥណ្ឌូណេស៊ីធ្វើមិនបានយូរទេ
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំឥណ្ឌូណេស៊ី លោក Ta Van Thong បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា គម្រោងបឈ្ឈប់ការនាំចូលអង្កររបស់ឥណ្ឌូណេស៊ីប្រហែលជាមិនអាចធ្វើបានយូរទេ នៅពេលការប្រែប្រួលអាកាសធាតុបង្កបញ្ហាដល់សន្តិសុខស្បៀងរបស់ប្រទេស។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe ។

លោក Thong បានថ្លែងថា ការប្រែប្រួលអាកាសធាតុនឹងអាចប៉ះពាល់ដល់ផលិតកម្មស្រូវ និងទុនបម្រុងរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី។ លោកថ្លែងដូច្នេះថា៖ «យើងបានឮថា ឥណ្ឌូណេស៊ីមានគម្រោងផ្អាកការនាំចូល [អង្ករ] ព្រោះមានទុនបម្រុងគ្រប់គ្រាន់។ ខ្ញុំគិតថា [ផែនការនេះ] មិនមាននិរន្តរភាពទេ។ ស្ដុកទាំងនោះនឹងដាច់អស់។ ដូច្នេះនៅពេលឥណ្ឌូណេស៊ីត្រូវការនាំចូលអង្ករ នោះឥណ្ឌូណេស៊ីនឹងនាំចូលម្តងទៀត»។
លោក Thong បានលើកឡើងពីភាពមិនច្បាស់លាស់នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោកថាជាកត្តាមួយ ដែលអាចជំរុញឱ្យប្រទេសឥណ្ឌូណេស៊ីទិញអង្ករវៀតណាមម្តងទៀត។ លោកបន្តថា៖ «អ្នក [ឥណ្ឌូនេស៊ី] មានភ្លៀងធ្លាក់ច្រើននៅឆ្នាំនេះ ប៉ុន្តែត្រូវចាំថា អ្នកធ្លាប់គ្មានភ្លៀងទាល់តែសោះ ហើយវាបានប៉ះពាល់ដល់ផលិតកម្មស្រូវរបស់អ្នក»។
អ្នកការទូតវៀតណាមដដែលបន្ថែមថា៖ «យើងជាអ្នកនាំចេញអង្ករឈានមុខគេមួយរបស់ពិភពលោក។ ក្នុងស្មារតីនៃមិត្តភាព [ទ្វេភាគី] និងអាស៊ាន យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសឥណ្ឌូណេស៊ី ដើម្បីសម្រេចបានគោលដៅផ្គត់ផ្គង់ស្បៀងដោយគ្រប់គ្រាន់របស់ប្រទេស»។

គួរគូសបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ប្រាបូវូ ស៊ូប៊ីយ៉ានតូ បានប្រកាសបញ្ឈប់ការនាំចូលអង្ករ និងស្បៀងកសិកម្មមួយចំនួនទៀតនៅឆ្នាំនេះ ដោយងាកមកបង្កើនផលិតកម្មក្នុងស្រុកវិញ ខណៈប្រទេសនេះក៏បានជំរុញការនាំចូលអង្ករចុងឆ្នាំមុនផងដែរ។ លោក ប្រាបូវូ ចង់ឱ្យឥណ្ឌូណេស៊ីអាចផ្គត់ផ្គង់ស្បៀងអាហារដោយខ្លួនឯងគ្រប់គ្រាន់នៅឆ្នាំ ២០២៧។
ឥណ្ឌូណេស៊ីនាំចូលអង្ករភាគច្រើន ពីបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងៗទៀត។ យោងតាមទីភ្នាក់ងារស្ថិតិកណ្តាល (BPS) ប្រទេសនេះបាននាំចូលអង្ករចំនួន ១,១ លានតោន ពីវៀតណាមក្នុងឆ្នាំ ២០២៣ និង ១,៣ លានតោន ពីថៃ។
ទិន្នន័យ BPS បានបង្ហាញទៀតថា ផលិតកម្មអង្ករក្នុងស្រុកបានធ្លាក់ចុះពីប្រហែល ៣១,១ លានតោន មកត្រឹម ៣០,៦ លានតោន ក្នុងឆ្នាំ ២០២៣។ ការប៉ាន់ប្រមាណបឋមបានបង្ហាញថា ឥណ្ឌូណេស៊ីអាចផលិតអង្ករបានជិត ៨,៦ លានតោន ក្នុងរយៈពេល ៣ ខែ ដើមឆ្នាំនេះ ខណៈតម្រូវការអង្ករក្នុងស្រុកនឹងកើនដល់ ៣១ លានតោន នៅឆ្នាំ ២០២៥។ ឥណ្ឌូណេស៊ីចង់បង្កើនទិន្នផលស្រូវរបស់ខ្លួនដល់ ៣២ លានតោននៅឆ្នាំនេះ ដូច្នេះប្រទេសអាចបន្សល់អង្ករក្នុងស្ដុក ១ លានតោន៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


