សន្តិសុខសង្គម
លោក ស៊ឹម សុផង់ ៖ អ្នកលក់ដូររំលោភចំណីផ្លូវជាប់របងមន្ទីរពេទ្យព្រះកុសុមៈនឹងត្រូវអនុវត្តវិធានការរដ្ឋបាល
លោក ស៊ឹម សុផង់ អភិបាលរងខណ្ឌទួលគោក ទទួលការងារសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន និងអនាម័យ កាលពីថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ចុះរៀបចំសណ្តាប់ធ្នាប់ ណែនាំ និងដកហូតសម្ភារៈមួយចំនួនរបស់ក្រុមអ្នកលក់ដូរដែលដាក់តាំងលក់ទន្ទ្រានលើទ្រូងផ្លូវ ដែលធ្វើឱ្យពិបាកក្នុងការធ្វើដំណើរ និងបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយ។

លោក ស៊ឹម សុផង់ បានប្រាប់ កម្ពុជាថ្មី ឱ្យដឹងថា ការចុះរៀបចំណែនាំដល់ក្រុមអ្នកលក់ដូរនេះ ធ្វើឡើងនៅលើ ផ្លូវ១៥០ ខាងត្បូងជាប់របងពេទ្យព្រះកុសុមៈ ស្ថិតក្នុងទឹកល្អក់ទី២ ខណ្ឌទួលគោក ដែលក្រុមអ្នកលក់ដូរទាំងនោះបាន ដាក់តាំងលក់ទន្ទ្រានយកទ្រូងផ្លូវ ជាហេតុធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ និងបង្កការកកស្ទះពិបាក ក្នុងការធ្វើដំណើរ។

លោកអភិបាលរងបាន បន្តទៀតថា ក្នុងរង្វង់ប្រតិបត្តិការនេះកម្លាំងអាជ្ញាធរបានដកហូតសម្ភារៈមួយចំនួនដែលក្រុមអ្នកលក់រំលោភទន្ទ្រានមកលើទ្រូងផ្លូវ ហើយនេះក៏មិនមែនលើកទី១ដែរ ដែលអាជ្ញាធរបានចុះណែនាំច្រើនលើកច្រើនសារមកហើយ តែក្រុមអ្នកលក់ដូរហាក់មិនស្តាប់ការណែនាំរបស់អាជ្ញាធរ។

លោកអភិបាលរង ក៏បានព្រមានថា បើក្រុមអាជីវករនៅតែដាក់តាំងលក់ទន្ទ្រានមកលើទ្រូងផ្លូវបន្តទៀត អាជ្ញាធរនឹងចាត់វិធានការរដ្ឋបាលដោយមិនលើកលែង និងដកហូតសម្ភារៈមករក្សាទុក។ លោកអភិបាលរងបានដឹងទៀតថា លោកក៏មានការយោគយល់ពីទុក្ខលំបាករបស់បងប្អូនអ្នកលក់ដូរដែរ តែអនុញ្ញាតឱ្យលក់ត្រឹមលើចិញ្ចើមផ្លូវជាបណ្តោះអាសន្នប៉ុណ្ណោះ ទុកទ្រូងផ្លូវដើម្បីឱ្យមធ្យោបាយធ្វើទៅមកបានស្រួលផង។

ដោយឡែកចំពោះរថយន្តដែលចតនៅនៅលើទ្រូងផ្លូវ លោកបានឱ្យមន្ត្រីនគរបាលចរាចរណ៍ខណ្ឌចាក់សោរទុក ដើម្បីឱ្យម្ចាស់ចូលមកទទួលការណែនាំ និងផាកពិន័យទៅតាមច្បាប់។ ចំណែកការចតរថយន្តលើផ្លូវ១៣៨ ខាងជើងជាប់របងពេទ្យឯណោះវិញ លោកបានឱ្យសង្កាត់ចុះធ្វើការណែនាំរួចហើយ លោកក៏បញ្ជាក់ថា រថយន្តទោះភាគច្រើនជារថយន្ត របស់បុគ្គលិកពេទ្យព្រះកុសុមៈតែម្តង ដោយខាងក្នុងចង្អៀតមិនមានកន្លែងចត។ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ក៏ដូចជាកក្រុមអ្នកលក់ដូរ មេត្តាចូលរួមសហការជាមួយអាជ្ញាធរ និងឈប់ដាក់លក់ដូរទន្ទ្រានមកលើទ្រូងផ្លូវ ដើម្បីឱ្យមានសោភណ្ឌភាព សណ្តាប់ធ្នាប់រៀបរយ និងមិនកកស្ទះចរាចរណ៍។

លោក ផុន សុផានិត ជាប្រជាពលរដ្ឋបានលើកឡើងថា ការដាក់តាំងលក់ដូរមកលើទ្រូងផ្លូវបែបនេះពុំត្រឹមត្រូវទេ ធ្វើឱ្យអ្នកធ្វើដំណើរឆ្លងកាត់ពិបាក ស្ទះចរាចរណ៍បាត់បង់របៀបរៀបរយ។ ខណៈដែលអាជ្ញាធរលោកអនុញ្ញាតលក់ដូរលើចិញ្ចើមផ្លូវទៅហើយ «តើចាំបាច់អីប្រឹង ដាក់មកលើទ្រូងផ្លូវបន្ថែមទៀតធ្វើអ្វី? យល់ថាដើម្បីជីវភាព តែយ៉ាងណាត្រូវគិតប្រយោជន៍រួមផង»៕
អត្ថបទ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


