Connect with us

សន្តិសុខសង្គម

ម្ចាស់ដីឡូត៍មួយនៅជិតផ្សារសំបួរមាសសង់​រោង​លើដីចំណីផ្លូវជួលឲ្យអាជីវករលក់ដូរមួយកន្លែង​៦០ម៉ឺនរៀលក្នុងមួយខែ

បានផុស

នៅ

ម្ចាស់ដីឡូត៍មួយកន្លែងនៅតាមបណ្ដោយផ្លូវបេតុងទួលពង្រជិតផ្សារសំបួរមាស ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ កំពុងប្រមូលលុយពីក្រុមអាជីវករលក់ដូរក្នុងមួយកន្លែងចំនួន៦០ម៉ឺនរៀលក្នុងខែ តាមរយៈការសាងសង់រោងរំលោភលើដីចំណីផ្លូវសាធារណៈជួលឲ្យអាជីវករលក់ដូរតាមដងផ្លូវ ប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។ បើតាមក្រុមអាជីវករ ទីតាំងនេះកាលពីមិនទាន់សង់រោងដូចសព្វថ្ងៃ ក៏ត្រូវបង់ឲ្យម្ចាស់ដីពី៣០ ទៅ៤០ដុល្លារក្នុងខែដែរ ជាថ្នូរនឹងការបានលក់ដូរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីជាអាជីវករលក់ដូរតាមរទេះម្នាក់សុំមិនបញ្ចេញឈ្មោះបានរៀបរាប់ថា ពីដើមឡើយទីតាំងនេះមានប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរបន្លែត្រីសាច់តាមកញ្ច្រែង ល្អី និងទរទេះរឺម៉ក បន្ទាប់ពីផ្សារសំបួរមាសបានបង្កើតឡើង។ ដោយមើលឃើញមានអ្នកលក់ដូរច្រើន ម្ចាស់ដីឡូត៍តម្រូវឲ្យអ្នកលក់ដូរត្រូវបង់ប្រាក់ប្រចាំខែក្នុងម្នាក់ពី៣០ ទៅ៤០ដុល្លារក្នុងមួយកន្លែង។ ស្ត្រីរូបនេះបន្ថែមថា បន្ទាប់ពីជោគជ័យក្នុងការប្រមូលលុយពីអាជីវករលក់ដូរ ម្ចាស់ដីឡូត៍ក៏បានសាងសង់ជារោងស័ង្កសី បែងចែកឲ្យក្រុមអាជីវករលក់ដូរ និងត្រូវបង់លុយក្នុងមួយកន្លែងចំនួន៦០ម៉ឺនរៀលក្នុងខែ ហើយត្រូវបង់ជាប្រចាំរៀងរាល់មួយខែម្ដង។

ក្រៅពីម្ចាស់ដីឡូត៍នេះ ស្តី្ររូបនេះក៏បញ្ជាក់ថា អ្នកលក់ដូរតាមកញ្ច្រែង ល្អី រទេះ រឺម៉ក នៅលើចិញ្ចើមផ្លូវទាំងអស់នៅតំបន់នេះ ក៏ត្រូវបង់ឲ្យម្ចាស់ដីដែលខ្លួនឈរលក់ដែរ ហើយរូបគាត់ផ្ទាល់ក៏ត្រូវបង់ឲ្យម្ចាស់ដីចំនួន២០ម៉ឺនរៀលក្នុងមួយខែៗ ខណៈការលក់ដូរមិនសូវដាច់ ចំណេញបន្តិចបន្ទួច ឆ្លៀតដកប្រាក់មួយចំនួនបង់ឲ្យម្ចាស់ដីដើម្បីបានលក់ដូរបន្ត។

លោកស្រី​ គឹម ញិប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ បានប្រាប់កម្ពុជាថ្មី ថា ករណីនេះលោកស្រីនឹងឲ្យអភិបាលរងខណ្ឌ និងអាជ្ញាធរសង្កាត់ចុះពិនិត្យ។ លោកស្រីអភិបាលខណ្ឌបញ្ជាក់ថា ពាក់ព័ន្ធករណីចំណីផ្លូវសាធារណៈ ក្នុងករណីរំលោភបំពានយក ឬក៏លួច សង្កាត់ខណ្ឌ មិនដែលអនុញ្ញាតនោះទេ ហើយបច្ចុប្បន្នជាយុទ្ធនាការរំដោះចិញ្ជើមផ្លូវសាធារណៈមកវិញ តែត្រូវធ្វើជាជំហ៊ានៗ។ លោកស្រី គឹម ញិប សង្កត់ធ្ងន់ថា បើសិនអាជ្ញាធររកឃើញថា មានការរំលោភចំណីផ្លូវសាធារណៈពិតមែន លោកនឹងឲ្យរុះរើចេញវិញ ដើម្បីរំដោះចិញ្ចើមរផ្លូវសាធារណៈ ក៏ដូចជាដងផ្លូវមកឲ្យប្រជាពលរដ្ឋធ្វើដំណើរវិញ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម