Connect with us

ព័ត៌មានអន្ដរជាតិ

កុំមើលស្រាល! វេជ្ជបណ្ឌិតអាមេរិក ថា បើពិភពលោក ត្រៀមខ្លួនក៏ល្អដែរ ក្រោយចិនរកឃើញមេរោគថ្មី

បានផុស

នៅ

ប៉ុន្មានថ្ងៃមកនេះ មានការជជែកវែកញែកគ្នាខ្លាំងមែនទែន ពាក់ព័ន្ធនឹងមេរោគកូរ៉ូណាប្រភេទថ្មី ដែលប្រទេសចិន រកឃើញក្នុងខ្លួនសត្វប្រចៀវ ដោយអ្នកវិទ្យាសាស្រ្តខ្លះក៏បង្ហាញការព្រួយបារម្ភ ខណៈខ្លះទៀតអះអាងថា វាមិនបង្កហានិភ័យអ្វីទេ។ យ៉ាងណាជុំវិញមេរោគដែលទើបរកឃើញឈ្មោះ HKU5-CoV-2 មួយនេះ ត្រូវបានវេជ្ជបណ្ឌិតអាមេរិកមួយរូប ចេញមុខព្រមានថា ពិភពលោកគួរតែត្រៀមខ្លួនឲ្យបានប្រសើរក៏ល្អដែរ។

វេជ្ជបណ្ឌិត William Schaffner (រូបថត៖ Vanderbilt)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត William Schaffner សាស្ត្រាចារ្យផ្នែកថ្នាំបង្ការ និងជំងឺឆ្លងនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រសាកលវិទ្យាល័យ Vanderbilt ក្នុងទីក្រុង Nashville នៃរដ្ឋ Tennessee សហរដ្ឋអាមេរិក បានប្រាប់ Daily Mail កាលពីថ្ងៃចន្ទទី២៤ខែកុម្ភៈឆ្នាំ២០២៥ថា ដ្បិតឥឡូវ មិនទាន់មានការចង្អុលបង្ហាញថា មេរោគដែលទើបរកឃើញនេះ នឹងឆ្លងទៅមនុស្សក៏ពិតមែន ប៉ុន្តែពិភពលោកត្រូវតែត្រៀមខ្លួន សម្រាប់ករណីជាយថាហេតុណាមួយ។

យោងតាមលោក Schaffner, ការរកឃើញមេរោគនេះ បង្ហាញថា ពិតជាមានការគំរាមកំហែងដែលយើងមើលមិនឃើញ ហើយកុំភ្លេចខ្លួនឲ្យសោះ។ ការរកឃើញថ្មីនេះ ធ្វើឲ្យយើងយល់កាន់តែច្បាស់ អំពីការគំរាមកំហែងនៃរោគរាតត្បាតដ៏មានសក្តានុពលជាច្រើន ដែលលាក់ខ្លួននៅក្នុងធម្មជាតិ ហើយអាចចម្លងដល់មនុស្សបាន។

(រូបថត៖ AP)

ស្របពេលជាមួយគ្នានោះដែរ លោកបានអំពាវនាវឲ្យប្រទេសទាំងអស់លើពិភពលោក ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យសុខាភិបាលសាធារណៈ ព្រោះវាជារឿងចាំបាច់បំផុត។ 

សូមជម្រាបជាថ្មី កាលពីសប្តាហ៍មុន អ្នកវិទ្យាសាស្រ្តចិន បានរកឃើញវីរុសកូរ៉ូណាមួយប្រភេទថ្មីឈ្មោះ HKU5-CoV-2 នៅក្នុងខ្លួនសត្វប្រចៀវ ហើយថា ហើយវាមានលក្ខណៈស្រដៀងទៅនឹងវីរុសកូរ៉ូណាដែរ ពោលគឺវាអាចចម្លងដល់មនុស្សនិងបំផ្លាញសួត ជាពិសេសអ្នកដែលមានប្រព័ន្ធសរីរាង្គខ្សោយ។

(រូបថត៖ Shutterstock)

តាមការចុះផ្សាយរបស់ Economic Times កាលពីចុងសប្តាហ៍, HKU5 ជាប្រភេទ beta-coronavirus ដែលជាក្រុមមេរោគដូចគ្នាទៅនឹង SARS-CoV-1, MERS-CoV និង SARS-CoV-2 ដែលជាភ្នាក់ងារបណ្តាលឲ្យកើតមានជំងឺ កូវីដ-១៩ ដែរ។

ការសិក្សាបង្ហាញថា HKU5 អាចចងភ្ជាប់ទៅនឹងប្រូតេអ៊ីន ACE2 របស់មនុស្ស ដូចទៅនឹងវីរុស SARS-CoV-2 ដើម្បីចូលទៅក្នុងកោសិកាដែរ។ សមត្ថភាពនេះបង្ហាញថា HKU5 មានសក្តានុពលក្នុងការឆ្លងកោសិកាមនុស្ស ដ្បិតបច្ចុប្បន្ន នៅមានកម្រិតទាបក៏ដោយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លក្ខណៈស្រដៀងគ្នារវាងវីរុសកូរ៉ូណាដែលបង្កជំងឺកូរីដ១៩និងមេរោគ HKU5-CoV-2

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម