សេដ្ឋកិច្ច
អតីតបុគ្គលិកសណ្ឋាគារម្នាក់ ចាប់យករបរចិញ្ចឹមកង្កែប កំពុងមានទីផ្សារខ្ពស់
អតីតបុគ្គលិកសណ្ឋាគារម្នាក់ ចាប់យករបរចិញ្ចឹមកង្កែប ជាមួយនឹងបច្ចេកទេសបង្កាត់ពូជកង្កែបធម្មជាតិ នៅស្រុកកំណើតខ្លួន កំពុងទទួលបានទីផ្សារខ្ពស់។

ស្ថិតក្នុងវ័យ ៣០ឆ្នាំ លោក ផង់ សុភ័ក្រ្តា ម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែប ខេត្តសៀមរាប បានប្រាប់ កម្ពុជាថ្មីថា មុខរបរចិញ្ចឹមកង្កែបនេះ លោកបានចាប់ផ្តើមធ្វើវាឡើងមកតាំងពីឆ្នាំពី២០២០ ពោលគឺចាប់ពីពេលដែលលោកបានបោះបង់ការងារជាបុគ្គលិកសណ្ឋាគារមួយកន្លែងដែលស្ថិតនៅក្នុងក្រុងសៀមរាប។
សុភ័ក្រ្តា បានឱ្យដឹងទៀតថា បន្ទាប់ពីបោះបង់ការងារជាបុគ្គលិកសណ្ឋាគារ លោកបានចាប់យកការចិញ្ចឹមកង្កែបនៅជុំវិញផ្ទះរបស់ខ្លួន ដែលជំនាញ និងបច្ចេកទេសនេះ សុភ័ក្រ្តា បានចេះវាឡើងមកពីបងប្រុសបង្កើតរបស់ខ្លួន ដែលជាអ្នកចិញ្ចឹមកង្កែបស្រាប់។

មូលហេតុដែល ផង់ សុភ័ក្រ្តា ចាប់យករបរចិញ្ចឹមកង្កែបនេះ ដោយសារតែរបរនេះវាមិនទាមទារដើមទុនច្រើន ពោលគឺគ្រាន់តែមានប្រាក់ត្រឹម២០០ដុល្លារ ក៏អាចចាប់ផ្ដើមរបរមួយនេះបានផងដែរ។
សុភ័ក្រ្តា បន្តថា របរចិញ្ចឹមកង្កែប ជារបរមួយដែលងាយស្រួលជាងការចិញ្ចឹមសត្វផ្សេងៗ ជាក់ស្ដែងគឺគ្រាន់តែមាន ទីធ្លា និងដីស្រែក្នុងទំហំសមរម្យមួយ ក៏អាចចាប់ផ្ដើមធ្វើវាឡើងមកបានដែរ។

ម្ចាស់កសិដ្ឋានរូបនេះ បានបង្ហើបឱ្យដឹងទៀតថា សម្រាប់ពេលបច្ចុប្បន្ននេះ កង្កែបកំពុងតែមានតម្រូវការទីផ្សារខ្ពស់ នេះក៏ដោយសារតែ នៅតាមបណ្ដាហាង ភោជនីយដ្ឋាន និងសណ្ឋាគារមួយចំនួន ក៏កំពុងតែត្រូវការកង្កែបដើម្បីយកទៅចម្អិនធ្វើម្ហូបផ្សេងៗ សម្រាប់ជូនភ្ញៀវ ឬអតិថិជន ជាប្រចាំថ្ងៃ។ ចំពោះទីផ្សារវិញ សុភ័ក្រត្រា ក៏បានបញ្ជាក់ដែរថា កង្កែបអាចលក់ចេញទៅកាន់ទីផ្សារបានចន្លោះពី ៨០០០រៀល ទៅ១០០០០រៀល ក្នុងមួយគីឡូកា្រម តាមតម្រូវការជាក់ស្ដែង។
ចំពោះ សុភ័ក្រ្តាវិញ ការចិញ្ចឹមកង្កែបក្នុងកសិដ្ឋានរបស់លោក ធ្វើការបែកចែកចេញជា២ផ្នែក ដោយកន្លែងខ្លះលោកត្រូវរៀបចំចិញ្ចឹមតាមតង់ក្បែរផ្ទះ និងកន្លែងខ្លះទៀតត្រូវចិញ្ចឹមតាមវាលស្រែក្រោយផ្ទះ។

ម្ចាស់កសិដ្ឋានរូបនេះ ក៏បានលើកទឹកចិត្តដល់កសិករដទៃទៀតឱ្យងាកមកចាប់យកការចិញ្ចឹមកង្កែប បន្ទាប់ពីការងារស្រែចម្ការ ពីព្រោះការងារនេះ មិនចាំបាច់ចំណាយដើមទុនច្រើន ឬត្រូវដើរឆ្ងាយពីផ្ទះ ពោលគឺគ្រាន់តែធ្វើវានៅផ្ទះក៏អាចរកចំណូលបានសមរម្យ ផងដែរ។
កសិដ្ឋានចិញ្ចឹមកង្កែប សៀមរាប ជាកសិដ្ឋានលក្ខណៈគ្រួសារមួយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប បច្ចុប្បន្នកសិដ្ឋាននេះអាចចិញ្ចឹមកង្កែប សម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប បានចន្លោះពី ៨តោន ទៅ១០តោន ក្នុងមួយរដូវកាល៕


អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


