ព័ត៌មានជាតិ
អគ្គលេខាធិការអាស៊ាន ជំរុញការចូលរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ
អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន ថាបញ្ហាឧក្រិដ្ឋកម្មអនឡាញ បទល្មើសឆ្លងដែន ការសម្អាតលុយ និងបញ្ហាអសន្តិសុខក្នុងតំបន់អាស៊ានទាមទារការចូលរួមពីគ្រប់ប្រទេសក្នុងតំបន់ និងដៃគូដើម្បីដោះស្រាយ ស្របពេលដែលបានលើកឡើងពីសារៈសំខាន់នៃស្ថេរភាព សន្ដិសុខ និងសន្ដិភាពក្នុងតំបន់អាស៊ាន។

ថ្លែងក្នុងវេទិការទស្សនៈទានអគ្គលេខាធិការអាស៊ានឆ្នាំ២០២៥ ដែលរៀបចំដោយក្លិបអ្នកកាសែត នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ លោក កៅ គឹមហួន បានលើកឡើងពីផែនការសម្រាប់ឆ្នាំ២០២៥ ដែលពង្រឹងលើផែនការដែលធ្លាប់បានដាក់ចេញរួចដួចជា នយោបាយសន្ដិសុខ សង្គមវប្បធម៌ ការតភ្ជាប់ និងសេដ្ឋកិច្ចជាដើម។ លោកបានលើកឡើងថាដើម្បីឱ្យផែនការទាំងនេះអាចប្រតិបត្តិទៅបានរលូនវាត្រូវការចាំបាច់នូវការថែរក្សា សន្ដិភាព ស្ថេរភាព និងសន្ដិសុខក្នុងតំបន់។

ទាក់ទងនឹងបញ្ហាសន្ដិសុខ ស្ថេរភាពក្នុងតំបន់នេះ លោកបានលើកឡើងទាក់ទងនឹងបទល្មើសឆ្លងដែន ការជួញដូរគ្រឿងញៀន ជួញដូរមនុស្ស និងការបោកប្រាស់តាមអនឡាញ ដែលជំរុញដល់ប្រទេសក្នុងតំបន់ និងដៃគូរចូលរួម។
លោកថា៖ «បញ្ហាមួយចំនួនមិនអាចអនុវត្តន៍ដោយសមាជិក១ទេ ទាមទារនូវការចូលរួមក្នុង១០ប្រទេសផង ប៉ុន្ដែជួនកាលរវាងអាស៊ាន និងបណ្ដាប្រទេសដៃគូរអាស៊ាន»។
លោកក៏បានមើលឃើញថាកិច្ចសហការក្នុងតំបន់លើបញ្ហាទាំងនេះកំពុងត្រូវបានពង្រឹង និងសង្ឃឹមថាកាន់តែរឹងមាំថែមទៀត។

ទាក់ទងនឹងបោកប្រាស់អនឡាញនេះកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូត និងរាជទូតប្រទេសអាស៊ានទាំង១០ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានជំរុញដល់ប្រទេសក្នុងតំបន់អាស៊ានឱ្យចាត់វិធានការខ្លាំងក្លាដើម្បីបង្ក្រាបការលេងល្បែងស៊ីសង និងការបោកប្រាស់តាមអ៊ីនធើណិត ដោយបានលើកឡើងពីក្ដីបារម្ភចំពោះប្រតិបត្តិការឧក្រិដ្ឋកម្មជាច្រើនក្នុងតំបន់អាស៊ាន។ លោកសង្ឃឹមថា ប្រទេសពាក់ព័ន្ធនឹងរ៉ាប់រងទំនួលខុសត្រូវរបស់ខ្លួន ចាត់វិធានការប្រកបដោយប្រសិទ្ធភាព និងបង្រ្កាបយ៉ាងខ្លាំងក្លាចំពោះការល្បែងស៊ីសងតាមអនឡាញ និងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ដើម្បីគាំពារសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងមិនបណ្តែតបណ្តោយឱ្យឧក្រិដ្ឋជនស្ថិតនៅក្រៅសំណាញ់ច្បាប់ជាដាច់ខាត។
ប្រទេសកម្ពុជាកាលពីថ្ងៃទី៦ ខែកុម្ភៈកន្លងទៅ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសពីការបង្កើតគណៈកម្មការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងការឆបោកតាមអនឡាញ ដែលសម្ដេចផ្ទាល់គឺជាអ្នកដឹកនាំដោយផ្ទាល់។ សម្ដេចបានថ្លែងថាត្រូវធ្វើយ៉ាងណាដោះស្រាយបញ្ហាបទល្មើសឆបោកអនឡាញឱ្យបានព្រោះបញ្ហានេះពាក់ព័ន្ធនឹងមុខមានប្រទេសកម្ពុជា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


