ព័ត៌មានអន្ដរជាតិ
រង់ចាំប្តីអស់ជាង៨០ឆ្នាំ ទីបំផុតស្ត្រីចិនវ័យ១០៣ឆ្នាំម្នាក់ ទទួលមរណភាពទាំងមិនអស់អាល័យ
លោកយាយ Du Huzhen អ្នកស្រុកនៃខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន បានទទួលមរណភាពក្នុងជន្មាយុ ១០៣ឆ្នាំ កាលពីថ្ងៃទី ៨ ខែមីនា។ សារព័ត៌មាន SCMP បានរាយការណ៍កាលពីថ្ងៃទី ១៧ ខែមីនាថា អស់រយៈពេលជាង៨០ ឆ្នាំមកហើយ ដែលគាត់បានរស់នៅរង់ចាំប្តីទៅធ្វើការនៅឆ្ងាយ ប៉ុន្តែមិនបានត្រឡប់មកវិញដូចការសន្យា។

ក្រុមគ្រួសារបាននិយាយថា គាត់បានលាចាកលោកទៅដោយសុខសាន្ត ដោយមិនមានការព្រួយបារម្ភពីគ្រួសាឡើយ ហើយនេះក៏ជាថ្ងៃដែលទន្ទឹងរង់ចាំជាយូរមកហើយ។ យ៉ាងណា នៅមុនពេលលាចាកលោក គាត់បានកាន់ស្រោមខ្នើយចាស់មួយ ដែលធ្លាប់ប្រើតាំងពីរៀបការនៅឆ្នាំ ១៩៤០។ គ្រួសាររបស់លោកយាយបាននិយាយថា នេះជានិមិត្តរូបនៃក្តីសង្ឃឹមដែលមិនរលត់នៅក្នុងខ្លួនគាត់ ទោះបីជាប៉ុន្មានឆ្នាំកន្លងផុតទៅក៏ដោយ។
តាមដឹងពីគ្រួសារថា លោកយាយមានអាយុច្រើនជាងប្តីគាត់ ៣ឆ្នាំ ។ បន្ទាប់ពីរៀបការរួច លោកតា Huang Junfu បានធ្វើការនៅឆ្ងាយពីផ្ទះ។ នៅឆ្នាំ ១៩៤៣ ស្ត្រីចំណាស់បានស្នាក់នៅជាមួយប្តីរបស់គាត់ រហូតដល់មានផ្ទៃពោះ ហើយបន្ទាប់មកបានត្រឡប់ទៅផ្ទះតែម្នាក់ឯង។ ក្រោយមកគាត់សម្រាលបានកូនប្រុសមួយឈ្មោះ Huang Fachang នៅខែមករា ឆ្នាំ ១៩៤៤។ នៅឆ្នាំដដែលនោះ ម្តាយក្មេករបស់លោកយាយ បានទទួលមរណភាព ប្តីគាត់ត្រឡប់មកផ្ទះវិញមួយភ្លែតដើម្បីកាន់ទុក្ខក៏ត្រឡប់ទៅធ្វើការវិញ។
ជាយូរមកហើយ បុរសចំណាស់នៅតែផ្ញើសំបុត្រទៅផ្ទះប្រពន្ធជាប្រចាំ។ សំបុត្រចុងក្រោយដែលលោកយាយបានទទួលពីប្តីត្រូវបានសរសេរនៅថ្ងៃទី ១៥ ខែមករាឆ្នាំ ១៩៥២។ នៅក្នុងសំបុត្រនោះ ស្វាមីបានសរសេរថា «មិនថាគ្រួសារក្រីក្រយ៉ាងណាទេ សូមយកចិត្តទុកដាក់លើការអប់រំរបស់កូនប្រុស Fachang ។ ថ្ងៃណាមួយយើងនឹងជួបគ្នាម្តងទៀត» ។
បុរសចំណាស់រូបនេះក៏បានលាតត្រដាងថា គាត់កំពុងធ្វើការឲ្យក្រុមហ៊ុនសំណង់ចិនក្នុងប្រទេសម៉ាឡេស៊ីនៅពេលនោះ។ ដោយគ្មានប្តីនៅក្បែរនោះ ស្ត្រីចំណាស់ត្រូវមើលថែគ្រួសារទាំងមូល ដោយធ្វើស្រែចម្ការពេលថ្ងៃ និងត្បាញស្បែកជើងស្មៅ និងក្រណាត់ពេលយប់។
ជីវិតលំបាកវេទនាមិនបានធ្វើឲ្យស្ត្រីចំណាស់បោះបង់ក្តីសង្ឃឹមថ្ងៃណាមួយបានជួបប្តីវិញ ។ ក្នុងរយៈពេលជាច្រើនឆ្នាំ ស្ត្រីចំណាស់បានបដិសេធរាល់សំណើរផ្គូរផ្គង និងអាពាហ៍ពិពាហ៍ផ្សេងទៀត ដោយគ្រាន់តែរង់ចាំប្តីរបស់គាត់ប៉ុណ្ណោះ។ ក្រោយមក នៅចុងទសវត្សរ៍ឆ្នាំ ១៩៧០ កូនប្រុសរបស់គាត់ បានក្លាយជាគ្រូបង្រៀននៅវិទ្យាល័យ។ មិនយូរប៉ុន្មាន គាត់បានទទួលមរណភាពនៅឆ្នាំ ២០២២។
យោងតាមឯកសារមួយចំនួនពីខោនធី Zunyi ខេត្ត Guizhou លោកតា Huang Junfu បានតាំងទីលំនៅនៅប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ ១៩៥០ មុនពេលផ្លាស់ទៅប្រទេសសិង្ហបុរីប៉ុន្មានឆ្នាំក្រោយមក។ អាជ្ញាធរមិនមានព័ត៌មានបន្ថែមអំពីបុរសចំណាស់នេះទេ។ គ្រួសារនេះបានព្យាយាមវិធីជាច្រើនដើម្បីស្វែងរកលោកតា Huang ដោយបានបង្ហោះការផ្សាយពាណិជ្ជកម្មនៅក្នុងកាសែត និងជួលក្រុមហ៊ុនបរទេស ប៉ុន្តែការខិតខំប្រឹងប្រែងទាំងអស់មិនទទួលបានជោគជ័យឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ Huang Liying ដែលជាចៅស្រីរបស់ស្ត្រីចំណាស់បាននិយាយថា ស្ត្រីចំណាស់បានទទួលមរណភាពដោយសុខសាន្ត ហាក់បីដូចជាគាត់បានឃើញនិមិត្តនៃការជួបជុំជាមួយស្វាមីរបស់គាត់ឡើងវិញ។ ប៉ុន្តែក្រុមគ្រួសារនៅតែបន្តស្វែងរកលោកតា ដើម្បីឲ្យសមនឹងបំណងប្រថ្នាលោកយាយទោះជាគាត់លែងមានវត្តមានលើលោកនេះក៏ដោយ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ម្ហូបមួយមុខអធិរាជ ឈានឡុង តែងសោយរាល់ព្រឹក ដើម្បីពន្យារព្រះជន្មឲ្យនៅជាអមតៈ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន