ព័ត៌មានអន្ដរជាតិ
អំពើបាញ់ប្រហារកើតឡើងថ្មីនៅអាមេរិក បណ្តាលឱ្យស្លាប់៣នាក់ និងរបួស១៥នាក់
មនុស្ស៣នាក់បានស្លាប់ និង១៥នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារដ៏ធំ រវាងក្រុមជម្លោះពីរក្រុមនៅឯពិព័រណ៍រថយន្តនៅក្នុងរដ្ឋ New Mexico សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៤ខែមីនានេះ។

ការបាញ់ប្រហារនេះបានកើតឡើងនៅ Young Park ក្នុងទីក្រុង Las Cruces រដ្ឋ New Mexico ប្រហែលម៉ោង ២២:០០ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃសុក្រ នៅក្នុងពិព័រណ៍រថយន្តកែច្នៃដែលគ្មានអនុញាត្ត និងមានមនុស្សប្រមាណ ២០០នាក់ចូលរួម។
សេចក្តីថ្លែងការណ៍របស់ប៉ូលិស បានឱ្យដឹងថា Andrew Madrid អាយុ១៦ឆ្នាំ និង Jason Gomez អាយុ១៨ឆ្នាំបានស្លាប់នៅកន្លែងកើតហេតុ ហើយ Dominick Estrada អាយុ១៩ឆ្នាំ បានស្លាប់នៅឯមន្ទីរពេទ្យ។ ចំណែកអ្នករងរបួសដោយគ្រាប់កាំភ្លើង មានប្រុស៩នាក់ និងស្រី៦នាក់អាយុចាប់ពី១៦ឆ្នាំដល់៣៦ឆ្នាំ ដោយអ្នកខ្លះបានព្យាបាលនៅនឹងកន្លែងនិងខ្លះត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
មេប៉ូលិស លោក Jeremy Story បានឲ្យដឹងថា សំបកកាំភ្លើងចន្លោះពី៥០ទៅ៦០ ត្រូវបានរកឃើញរាយប៉ាយពាសពេញកន្លែងកើតហេតុ។ បើតាមមេប៉ូលិសរូបនេះ មានការឈ្លោះប្រកែកគ្នារវាងមនុស្សពីរក្រុម ហើយការឈ្លោះប្រកែកគ្នាឈានដល់ការបាញ់ប្រហារគ្នា។
បន្ទាប់ពីហេតុការណ៍នេះ ប៉ូលិសបានចាប់ខ្លួន មនុស្ស៤នាក់ រួមមានក្មេងប្រុសអាយុ១៧ឆ្នាំពីរនាក់ ក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់ និងបុរសអាយុ ២០ឆ្នាំ។ ប៉ូលិសក៏បានស្នើឱ្យសាក្សីណាម្នាក់ចេញមុខផ្តល់ព័ត៌មាន ឬវីដេអូកើតហេតុផងដែរ។

សហរដ្ឋអាមេរិកមានការជជែកដេញដោលនយោបាយជាយូរមកហើយអំពីកម្រិតដែលពលរដ្ឋគួរត្រូវបានអនុញ្ញាតឱ្យទិញនិងកាន់កាំភ្លើង។ ទោះបីជារដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកធានាដល់ជនជាតិអាមេរិកនូវសិទ្ធិ «រក្សា និងកាន់អាវុធ» ក៏ដោយ ច្បាប់សហព័ន្ធគ្រប់គ្រងយ៉ាងទូលំទូលាយនូវការចូលប្រើកាំភ្លើង រដ្ឋនីមួយៗនៃ៥០ មានបទប្បញ្ញត្តិផ្សេងៗគ្នាអំពីការទិញ កាន់កាប់ និងប្រើអាវុធ។
ចំពោះរដ្ឋ New Mexico អនុញ្ញាតឱ្យមនុស្សកាន់កាំភ្លើងជាសាធារណៈដោយគ្មានការស្នើសុំ ខណៈអាជ្ញាធរមិនបានផ្តល់ព័ត៌មានលម្អិតអំពីស្ថានភាពផ្លូវច្បាប់នៃកាំភ្លើងដែលប្រើប្រាស់ក្នុងការបាញ់ប្រហារកាលពីថ្ងៃសុក្រនោះទេ៕




អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន