ព័ត៌មានជាតិ
វត្ថុបុរាណខ្មែរចំនួន២ ដែលគេលួចយកទៅលក់កាលពីជាង៥០ឆ្នាំមុន ត្រូវបានអាមេរិកប្រគល់ជូនកម្ពុជាវិញ
វត្ថុបុរាណខ្មែរចំនួនពីរ ស្ថិតក្នុងរចនបទបាពួន ស.វ ទី១១ និងមានប្រភពដើមពីសារមន្ទីរវត្តពោធិ៍វាល ខេត្តបាត់ដំបង ដែលត្រូវបានគេលួចចេញក្នុងសម័យសង្រ្គាមរវាងទសវត្ស ១៩៧០ រសាត់អណ្ដែតទៅដល់សហរដ្ឋអាមេរិក ត្រូវបានអង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ ប្រគល់ជូនកម្ពុជាវិញ តាមរយៈស្ថានទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានផ្សាយលើទំព័រហ្វេសប៊ុកស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន ២ដុំ រៀបចំឡើងនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥(ពេលវេលានៅសហរដ្ឋអាមេរិក) ក្រោមវត្តមានលោក កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកសុិក ជាមួយលោកវរសេនីយ៍ឯក Matthew Bogdanos ប្រធានអង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ នៅការិយាល័យរដ្ឋអាជ្ញាទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។

យ៉ាងណា សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូត មិនបានលំអិតថា វត្ថុបុរាណទាំងពីរនេះ នឹងត្រូវបញ្ជូនមកកម្ពុជា ក្នុងកាលបរិច្ឆេទជាក់លាក់ណាមួយឡើយ។

គិតចាប់ពីឆ្នាំ១៩៩៦រហូតដល់ខែ កក្កដា ឆ្នាំ២០២៤ វត្ថុសិល្បៈខ្មែរសរុបចំនួន ១០៩៨ ដែលក្នុងនោះ ៥៧១ប្រគល់ដោយសប្បុរជន និង ៥២៧ ប្រគល់ដោយរដ្ឋាភិបាល ឬ ស្ថាប័ននានា ត្រូវបានប្រគល់មកកម្ពុជាវិញពីប្រទេសចំនួន១៥ ដូចជា សហរដ្ឋអាមេរិក បារាំង អូស្ត្រាលី អង់គ្លេស ថៃ ជប៉ុន ឥណ្ឌូនេស៊ី ហូឡង់ ស្វ៊ីស កាណាដា ដាណឺម៉ាក អាល្លឺម៉ង់ ហុងគ្រី ណ័រវេស និង ចិន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានថ្លែងក្នុងពិធីទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទទួលបានពីសហរដ្ឋអាមេរិករៀបចំក្នុងខែសីហាឆ្នាំ២០២៤ថា បើកម្ពុជាគ្មានសង្គ្រាម ក្រុមជនទុច្ចរិតមិនអាចលួចយកសម្បត្តិវប្បធម៌ដូនតាខ្មែរទៅលក់ឱ្យបរទេស ហើយព្រលឹងដូនតាខ្មែរក៏មិនត្រូវឃ្លាតឆ្ងាយពីប្រទេសកំណើតឡើយ។

កាលណោះ សម្ដេចធិបតី វាយតម្លៃថា សន្តិភាព គឺពិតជា មានសារៈសំខាន់បំផុត មិនត្រឹមតែសម្រាប់មនុស្សធម្មតានោះឡើយ សូម្បីតែគ្រួសារអាទិទេព ក៏ត្រូវការ នូវសន្តិភាព សម្រាប់ការជួបជុំមូលត្រកូលគ្នាឡើងវិញ។ ផ្អែកលើមូលដ្ឋានដ៏រឹងមាំនៃសន្តិភាព និង ឯកភាពជាតិ របស់កម្ពុជា ជាពិសេស បន្ទាប់ពីជោគជ័យដ៏ត្រចះត្រចង់នៃ នយោបាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, កម្ពុជាបានក្លាយជាទីដ្ឋានដ៏កក់ក្តៅ, មានសុវត្ថិភាព សម្រាប់ការវិលត្រឡប់នៃអាទិទេព ដែលជានិមិត្តរូប នៃការបង្រួបបង្រួមដួងព្រលឹងខ្មែរ។

សម្តេច ហ៊ុន ម៉ាណែត ធ្លាប់អំពាវនាវដល់សារមន្ទីរ ស្ថាប័ននានា និងអ្នករក្សាទុកវត្ថុបុរាណខ្មែរនៅបរទេសទាំងអស់ សូមមេត្តាបន្តប្រគល់វត្ថុទាំងនោះដោយស្ម័គ្រចិត្តជូនមកកម្ពុជាវិញ ។ សម្ដេច ក៏អះអាងថា វត្ថុបុរាណដែលបរទេសប្រគល់ជូនមកកម្ពុជាវិញ ជាមរតកវប្បធម៌ជាតិ ដែលមានតម្លៃពុំអាច កាត់ថ្លៃបាន សម្រាប់ប្រជាជនកម្ពុជា ដែលជាម្ចាស់ដើមដ៏ពិតប្រាកដនៃសម្បត្តិវប្បធម៌ទាំងនេះ៕

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


