ព័ត៌មានជាតិ
តើព្រះភៃសជ្យគុរុជានរណា?
ពលរដ្ឋខ្មែរភាគច្រើនមិនទាន់បានស្គាល់ ឬធ្លាប់ឮព្រះនាម«ព្រះភៃសជ្យគុរុ» ឬ«ព្រះពុទ្ធគ្រូថ្នាំ» នៅឡើយទេ។ ក្នុងចំណោមអ្នកស្រាវជ្រាវ និងប្រជាជនមួយចំនួនដែលស្គាល់ព្រះអង្គ តែងមានជំនឿមុតមាំថា ព្រះអង្គគឺជាព្រះទេពសង្គ្រោះជីវិត និងជាអ្នកព្យាបាលរាល់ជំងឺតម្កាត់ទាំងឡាយរបស់មនុស្សលោក។ ក្នុងសម័យបុរាណ ការគោរពបូជាព្រះភៃសជ្យគុរុ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ជាពិសេស ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។

យោងតាមសិលាចារឹកប្រាសាទតាព្រហ្មបានបញ្ជាក់ថា ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គបានកសាងមន្ទីរពេទ្យ (អរោគ្យសាលា) ចំនួន ១០២កន្លែង ដែលសុទ្ធសឹងតែមានតម្កល់រូបព្រះបដិមាភៃសជ្យគុរុសម្រាប់គោរពបូជា។ «ភៃសជ្យគុរុ» ជាភាសាសំស្ក្រឹត មានន័យថា «ព្រះពុទ្ធជាគ្រូថ្នាំ» ឬ «ព្រះពុទ្ធជាអ្នកព្យាបាលជំងឺ» ដែលជាជំនឿដ៏សំខាន់នៅក្នុងព្រះពុទ្ធសាសនាមហាយាន។

លោកស្រី ជន ចន្ទណារ័ត្ន មគ្គទ្ទេសក៍នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ បានឱ្យដឹងថា ព្រះបដិមាភៃសជ្យគុរុ គឺជាទម្រង់នៃព្រះពុទ្ធដែលគង់ភ្នែនក្នុងកាយវិការសមាធិ ដោយមានទ្រវត្ថុស័ក្តិសិទ្ធិម្យ៉ាងនៅលើបាតព្រះហត្ថ។ ព្រះបដិមាខ្លះមានទ្រផ្លែឈើរាងមូលទ្រវែង ដែលគេជឿថា ជាផ្លែស្រម៉ និងខ្លះទៀតមានរាងជាដន្លាប់ ឬភាជន៍ ដែលអ្នកស្រាវជ្រាវមានការសន្និដ្ឋានខុសៗគ្នាទៅលើវត្ថុទាំងនោះ។

ក្នុងសិល្បៈខ្មែរ ព្រះភៃសជ្យគុរុត្រូវបានបង្ហាញតាម៣ទម្រង់សំខាន់ៗ៖
-ទម្រង់ទី១៖ ព្រះបដិមាព្រះពុទ្ធគង់ភ្នែនតែឯង (បដិមាទោល)។

-ទម្រង់ទី២៖ ព្រះបដិមាព្រះពុទ្ធគង់ភ្នែន អមដោយព្រះពោធិសត្វ២អង្គ គឺព្រះលោកេសូរនៅខាងស្តាំ និងព្រះនាងប្រាជ្ញាបារមីនៅខាងឆ្វេង។

-ទម្រង់ទី៣៖ ចម្លាក់ក្រឡោតខ្ពស់លើផ្ទាំងថ្ម បង្ហាញពីព្រះពុទ្ធគង់ភ្នែនលើបល្ល័ង្កនាគ ដោយមានព្រះលោកេសូរខាងស្តាំ និងព្រះនាងប្រាជ្ញាបារមីនៅខាងឆ្វេង។

កាលពីឆ្នាំ២០០១ អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា (Sophia University) នៃប្រទេសជប៉ុន បានធ្វើកំណាយស្រាវជ្រាវនៅបរិវេណប្រាសាទបន្ទាយក្តី និងបានរកឃើញបំណែកព្រះបដិមាចំនួន២៧៤បំណែក។ ក្នុងនោះមានបំណែកចម្លាក់ចំនួន២៤អង្គ ជាព្រះភៃសជ្យគុរុ។ ក្នុងចំណោមនោះ មានព្រះបដិមាមួយអង្គមានលក្ខណៈពិសេសលើសគេ ដោយមានចម្លាក់ព្រះលោកេសូរ និងព្រះនាងប្រាជ្ញាបារមីអមសងខាង ប៉ុន្តែគួរឱ្យស្តាយ ចម្លាក់អមសងខាងនោះ ត្រូវបានខូចខាតបាត់បង់រូបរាង។

ដោយឡែក កាលពីខែសីហា ឆ្នាំ២០១៧ អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) ក៏បានធ្វើកំណាយនៅប្រាសាទទន្លេស្ងួត ដែលជាសំណង់មន្ទីរពេទ្យបុរាណក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ និងបានរកឃើញព្រះបដិមាភៃសជ្យគុរុផងដែរ។

បច្ចុប្បន្ន ព្រះបដិមាភៃសជ្យគុរុទាំងនោះ ត្រូវបានថែរក្សា និងដាក់តាំងបង្ហាញយ៉ាងយកចិត្តទុកដាក់នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ដើម្បីឱ្យសាធារណជនបានទស្សនា និងសិក្សាស្វែងយល់៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ស៊ិន ប្រណី,សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ



-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


