ព័ត៌មានអន្ដរជាតិ
អាស៊ានព្រមានពីហានិភ័យអស្ថិរភាពសេដ្ឋកិច្ចសកល ជុំវិញពន្ធបដិការអាមេរិក
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានព្រមានថា យុទ្ធសាស្ត្រពន្ធគយបដិការឯកតោភាគីរបស់សហរដ្ឋអាមេរិក បង្កហានិភ័យដល់ស្ថិរភាពសេដ្ឋកិច្ចពិភពលោក និងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ។

ការព្រមាននេះ ធ្វើឡើងក្រោយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងពាណិជ្ជកម្មពីបណ្ដាប្រទេសអាស៊ានទាំង ១០ រួមជាមួយនឹងរដ្ឋមន្រ្តីពីប្រទេសទីម័រខាងកើត បានជួបប្រជុំគ្នាពិសេសតាមអនឡាញកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីពិភាក្សាគ្នាពីការឆ្លើយតបទៅនឹងគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
ខណៈប្រកាន់ខ្ជាប់ថាខ្លួននឹងមិនសងសឹកអាមេរិក ប្លុកអាស៊ានបាននិយាយក្នុងសេចក្ដីថ្លែងការណ៍ក្រោយកិច្ចប្រជុំយ៉ាងដូច្នេះថា៖ «អាស៊ាន ដែលជាប្លុកសេដ្ឋកិច្ចធំជាងគេទី៥លើពិភពលោក មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការដាក់បញ្ចូលពន្ធឯកតោភាគីនាពេលថ្មីៗនេះ ដោយសហរដ្ឋអាមេរិក។ កត្តានេះបានបង្កឱ្យមានភាពមិនច្បាស់លាស់ ហើយនឹងនាំមកនូវបញ្ហាប្រឈមសំខាន់ៗដល់អាជីវកម្ម ជាពិសេសសហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក៏ដូចជាសក្ដានុពលពាណិជ្ជកម្មសកល»។
អាស៊ានបន្តថា៖ «ការដាក់ពន្ធដែលមិនធ្លាប់មានពីមុនមកដោយសហរដ្ឋអាមេរិក នឹងរំខានដល់លំហូរពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ និងពិភពលោក ក៏ដូចជាខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ប៉ះពាល់ដល់អាជីវកម្ម និងអ្នកប្រើប្រាស់ទូទាំងពិភពលោក រួមទាំងសហរដ្ឋអាមេរិកផងដែរ»។

ខណៈលើកឡើងថា សហរដ្ឋអាមេរិកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ច ការវិនិយោគ និងពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ាន សេចក្ដីថ្លែងការណ៍របស់អាស៊ានបានគូសបញ្ជាក់ថា ពន្ធរបស់លោក ត្រាំ ក៏នឹង «ជះឥទ្ធិពលផងដែរដល់សន្តិសុខ និងស្ថិរភាពសេដ្ឋកិច្ច ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់នៅក្នុងតំបន់ និងរារាំងដល់វឌ្ឍនភាពសេដ្ឋកិច្ចក្នុងអាស៊ាន ជាពិសេសប្រទេសមានសេដ្ឋកិច្ចមិនសូវអភិវឌ្ឍន៍ ក៏ដូចជាប៉ះពាល់ដល់ទំនាក់ទំនងយូរអង្វែងនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មអាស៊ាន-អាមេរិក»។
ទោះបីជាយ៉ាងណាក៏ដោយ សេចក្ដីថ្លែងការណ៍ដដែលបានគូសបញ្ជាក់ថា អាស៊ានមានបំណងចូលរួមក្នុងកិច្ចសន្ទនាដោយស្មោះត្រង់ និងស្ថាបនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយពាក់ព័ន្ធនឹងកង្វល់ពាណិជ្ជកម្ម ហើយប្លុកនៅតែប្តេជ្ញាពង្រឹងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ និងរួមគ្នាធានាស្ថិរភាពពាណិជ្ជកម្មក្នុងតំបន់៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


