ព័ត៌មានជាតិ
ខែឧសភា ឆ្នាំ២០២៥ ជនជាប់ឃុំជិត៦ពាន់នាក់ ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
ក្នុងខែឧសភា ឆ្នាំ២០២៥ ជនជាប់ឃុំជិត៦ពាន់នាក់ ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ មុខរបរ និងការអនុវត្តសាកល្បងមុខជំនាញអាចប្រកបអាជីពងាយៗ។ ខណៈមានជនជាប់ឃុំប្រមាណជិត៣០០នាក់ ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា។

បើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅក្នុងខែឧសភា មានជនជាប់ឃុំ៥ ៩៥៩នាក់ ទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ មុខរបរ និងការអនុវត្តសាកល្បងមុខជំនាញអាចប្រកបអាជីពងាយៗដូចជា កាត់ដេរ សំអាងការ ការងារសំណង់ ជំនាញប្រើប្រាស់ និងជួសជុលកុំព្យូទ័រ ឧបករណ៍អេឡិចត្រូនិក បរិក្ខារត្រជាក់ និងគ្រឿងយន្ត។ មានជនជាប់ឃុំ ២៩៧នាក់ ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា។

លោក ទូច សុឃៈ បានឱ្យដឹងទៀតថា ក្នុងខែឧសភា ឆ្នាំ២០២៥ដូចគ្នានេះ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ក៏បានរៀបចំឱ្យជនជាប់ឃុំបានចូលរៀនអក្ខរកម្ម ឬថ្នាក់សមមូល និងភាសាបរទេស ចំនួន៧៨ថ្នាក់ ស្មើ១ ៥២៤នាក់ ស្រី ២៥៧នាក់។
តាមអ្នកនាំពាក្យដដែល បានបញ្ជាក់ថា ក្រៅពីទទួលបានការបង្រៀនថ្នាក់អក្ខរកម្ម និងភាសា អគ្គនាយកដ្ឋានពន្ធនាគារ ក៏មានកម្មវិធីអប់រំណែនាំជាប្រចាំអំពីបទបញ្ជាផ្ទៃក្នុងពន្ធនាគារ សីលធម៌សង្គម បញ្ហាគ្រឿងញៀន ការធ្វើលំហាត់ប្រាណ និងរៀបចំកម្មវិធីអប់រំតាមបែបសាសនា និងសិល្បៈផងដែរ។

អ្នកនាំពាក្យ បន្តថា តាមរយៈការអនុវត្តកម្មវិធីប្រឡងប្រណាំងកែប្រែខ្លួនទណ្ឌិត ក្នុងខែឧសភានេះទណ្ឌិតចំនួន២៩៦នាក់ ស្រី២៨នាក់ ក៏ត្រូវបានបន្ធូរបន្ថយទោសដោយទទួលបានព្រះរាជក្រឹត្យត្រាស់បង្គាប់ ក្នុងឱកាសនៃពិធីបុណ្យពិសាបូជា ដោយមានទណ្ឌិត៦៥នាក់ ស្រី១នាក់ ត្រូវបានដោះលែង។ មកទល់ពេលនេះ អ្នកទាំងនោះពុំមានប្រព្រឹត្តបទល្មើសជាថ្មីនោះទេ។
ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញគោលនយោបាយនៃការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងនោះក៏ផ្ដោតលើជនជាប់ឃុំដែរ។

ក្នុងន័យនេះ លោកអគ្គនាយក បានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃ និងក្រសួងការងារបណ្ដុះបណ្ដាល វិជ្ជាជីវៈ បាននិងកំពុងធ្វើការជាមួយគ្នា តម្រង់ទិស និងពង្រឹងបន្ថែមទៀតនូវកម្មវិធីបណ្ដុះបណ្ដាលឱ្យចំគោលដៅដល់ជនជាប់ឃុំ ដើម្បីធានាថា ពួកគេនឹងមានអាជីពមួយច្បាស់លាស់ សម្រាប់យកទៅប្រកបរចិញ្ចឹមជីវិតក្រោយចេញពីពន្ធនាគារ ហើយជាលទ្ធផលជនជាប់ឃុំដែលទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងចំណេះដឹងផ្សេងៗបានកើនឡើងគួរឱ្យកត់សម្គាល់។
យោងតាមប្រកាសស្តីពីការកំណត់គោលដៅឃុំឃាំងជនជាប់ឃុំសម្រាប់មណ្ឌលកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ចេញដោយក្រសួងមហាផ្ទៃ ឆ្នាំ២០២២ ប្រការ៣ មណ្ឌលអប់រំកែប្រែ មានមុខងារគ្រប់គ្រងជនជាប់ឃុំជាទណ្ឌិត ក្នុងគោលដៅអនុវត្តកម្មវិធីអប់រំកែប្រែបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តារនីតិសប្បទា និងកម្មវិធីសមាហរណកម្ម៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


