Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ព្រមានខ្លាំងៗទៅ អាល្លឺម៉ង់ រឿងផ្តល់មីស៊ីល Taurus ឲ្យអ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានព្រមានខ្លាំងៗទៅអាល្លឺម៉ង់ថា បើទីក្រុងបែរឡាំងផ្តល់មីស៊ីល Taurus ឲ្យអ៊ុយក្រែនមែន នោះទីក្រុងមូស្គូ នឹងចាត់ទុកថាទីក្រុងបែរឡាំង ចូលរួមក្នុងជម្លោះនេះដោយផ្ទាល់ហើយ។

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បានជាលោកពូទីន ព្រមានបែបនេះគឺព្រោះថា ដើម្បីបាញ់មីស៊ីល Taurus បាន អ៊ុយក្រែនចាំបាច់ត្រូវមានជំនួយពីយោធាអាល្លឺម៉ង់ ដូចជារបៀបកំណត់គោលដៅវាយប្រហារជាដើម។ ដូច្នេះ បើអ៊ុយក្រែនបាញ់មីស៊ីលនេះលើរុស្ស៊ីមែន នោះមានន័យថា យោធាអាល្លឺម៉ង់ គឺជាអ្នកបាញ់លើរុស្ស៊ី។

ក្នុងការជួបជុំជាមួយនិពន្ធនាយកសារព័ត៌មានធំៗនៅឯទីក្រុង St Petersburg ប្រទេសរុស្ស៊ីកាលពីថ្ងៃពុធទី១៨ខែមិថុនាឆ្នាំ២០២៥ លោកពូទីន បានដាក់ជាសំណួរថា «តើនេះជាអ្វី? បើមិនមែនជាការចូលរួមរបស់អាល្លឺម៉ង់ក្នុងជម្លោះប្រដាប់អាវុធដោយផ្ទាល់ជាមួយសហព័ន្ធរុស្ស៊ីទេនោះ តើគួរហៅថាម៉េចវិញទៅ?»។

មីស៊ីល Taurus (រូបថត៖ Reuters)

យ៉ាងណា ប្រធានាធិបតីរុស្ស៊ី អះអាងថា ទោះទីក្រុងបែរឡាំង ផ្គត់ផ្គង់មីស៊ីលនេះឲ្យអ៊ុយក្រែនមែន ក៏វាគ្មានឥទ្ធិពលអ្វីលើសង្គ្រាមដែរ ប៉ុន្តែលោកនឹងយកបញ្ហានេះទៅពិភាក្សាជាមួយអធិការបតីអាល្លឺម៉ង់ Friedrich Merz ក្នុងពេលឆាប់ៗ។

នេះមិនមែនជាលើកដំបូងឡើយដែលរុស្ស៊ីព្រមានទៅទីក្រុងបែរឡាំង រឿងមីស៊ីល Taurus។ ជាក់ស្តែងកាលពីខែមុន ទីក្រុងមូស្គូ បានគំរាមវាយប្រហារប្រទេសអាល្លឺម៉ង់តែម្តង ប្រសិនបើទីក្រុងកៀវ ពិតជាយកមីស៊ីលនេះ ទៅបាញ់ចូលដីរបស់ខ្លួនមែន។

កាលពីខែឧសភា អធិការបតីអាល្លឺម៉ង់ Friedrich Merz បានបង្ហើបពីការជួយមីស៊ីល Taurus ទៅឲ្យទីក្រុងកៀវ ប៉ុន្តែលោកបញ្ជាក់ដែរថា ទ័ពអ៊ុយក្រែន ត្រូវការពេលច្រើនខែទៀត ដើម្បីរៀនបាញ់។

មីស៊ីល Taurus (រូបថត៖ Reuters)

Taurus KEPD 350 គឺជាមីស៊ីលរយៈចម្ងាយឆ្ងាយបាញ់ពីអាកាស ដែលបង្កើតឡើងដោយក្រុមហ៊ុន Taurus Systems GmbH។ មីស៊ីលប្រភេទនេះ ត្រូវបានរចនាឡើងផ្តោតសំខាន់សម្រាប់ការវាយប្រហារច្បាស់ៗ ប្រឆាំងនឹងគោលដៅចូលជ្រៅនៅក្នុងទឹកដីសត្រូវ។

វាមានប្រវែង៥.១ម៉ែត្រ, ប្រវែងស្លាប២.១ម៉ែត្រ, ទម្ងន់ ១ ៤០០គីឡូក្រាម, អាចបំពាក់ក្បាលគ្រាប់បំផ្ទុះពីរដំណាក់ MEPHISTO ទម្ងន់៤៨០គីឡូក្រាម (ធំជាង Storm Shadow)។

Taurus KEPD 350 អាចហោះបានចន្លោះពី៥០០ទៅ៦០០គីឡូម៉ែត្រ ហើយចំពោះតម្លៃវិញ មីស៊ីលនេះមួយគ្រាប់ថ្លៃប្រហែល ១,០៨០,០០០ ដុល្លារអាមេរិក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី គំរាមវាយអាល្លឺម៉ង់ តែម្តង បើអ៊ុយក្រែន បាញ់មីស៊ីល Taurus ចូលដីខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម