Connect with us

ព័ត៌មានជាតិ

កម្ពុជាលើកទឹកចិត្តដល់វិនិយោគិនម៉ាឡេស៊ីចាប់យកឱកាសវិនិយោគ និងធុរកិច្ច

បានផុស

នៅ

​មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានជំរុញឱ្យវិស័យឯកជនរបស់ម៉ាឡេស៊ីចាប់យកឱកាសវិនិយោគ និងធុរកិច្ចក្នុងវិស័យសក្តានុពល​ ដើម្បីទាញផលចំណេញពីការទទួលបាននូវភាពអនុគ្រោះពន្ធតាមរយៈការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកម្មវិធីស្តីពីបរិយាកាស និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ក្នុងកម្មវិធីផ្គូផ្គងធុរកិច្ចម៉ាទ្បេស៊ី-កម្ពុជានៅរាជធានីភ្នំពេញនៅថ្ងៃទី២៦ ម្សិលមិញនេះ លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃ CDC ថាការរៀបកម្មវិធីផ្គូផ្គងធុរកិច្ចម៉ាទ្បេស៊ី-កម្ពុជានេះទ្បើង ដើម្បីឱ្យវិនិយោគិន និងធុរជនបានស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជាក្នុងវិស័យដែលកំពុងមានសក្តានុពល ក៏ដូចជាពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងម៉ាទ្បេស៊ី និងកម្ពុជា។  សម្រាប់កម្មវិធីនេះ ជាព្រឹត្តការណ៍មួយក្នុងដំណើរទស្សនកិច្ចរបស់សមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជានៅកម្ពុជា ពីថ្ងៃទី២៦-២៩ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងធុរជនចំនួនប្រមាណ ១០០នាក់ ក្នុងគោលបំណងស្វែងយល់ពីកាលានុភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា។

លោក លឹម វិសាលបានលើកឡើងអំពីស្ថានភាពវិនិយោគទូទៅនៅកម្ពុជា, របបលើកទឹកចិត្តប្រកបដោយភាពទាក់ទាញក្រោមច្បាប់ស្តីពីវិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន និងសក្តានុពលវិនិយោគក្នុងវិស័យអាទិភាពមួយចំនួន។

លោកថា បច្ចុប្បន្នកមានគម្រោងវិនិយោគធំៗរបស់ម៉ាឡេស៊ីដែលបាននិងកំពុងប្រតិបត្តិការអាជីវម្មនៅកម្ពុជាប្រកបដោយជោគជ័យ»។ លោកបានគូសរំលេចពីចំណុចគន្លឹះមួយចំនួនដែលធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏លេចធ្លោមួយនៅអាស៊ីអាគ្នេយ៍ ដូចជា កត្តាសុខសន្តិភាព, ស្ថិរភាពនយោបាយនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេង, ការតភ្ជាប់ជាមួយនឹងទីផ្សារអន្តរជាតិតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយបណ្ដាប្រទេសមួយចំនួន និងក្នុងតំបន់។ល។

ជាមួយគ្នានោះដែរ លោក លឹម ​វិសាលក៏បានលើកឡើងពីឯកសារគតិយុត្តចំនួនពីរដែលជាឧបករណ៍ដ៏សំខាន់ក្នុងការជួយទាក់ទាញការវិនិយោគម៉ាឡេស៊ីមកកម្ពុជា គឺទី១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃ​កម្ពុជា និងរដ្ឋាភិបាលនៃប្រទេសម៉ាទ្បេស៊ី ដើម្បីជំរុញ និងការការពារវិនិយោគ និងទី២-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសម៉ាទ្បេស៊ី ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលនិងការបង្ការការគេចវេសពន្ធ និងការចៀសវាងពន្ធ។

កាលពីដើមខែឧសភាសភាពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីបង្កើតក្របខ័ណ្ឌ​សម្រាប់ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ការជំរុញពាណិជ្ជកម្ម និងការវិនិយោគ និងការ​សម្របសម្រួល​កិច្ចសហប្រតិបត្តិការ​រវាង​សហគមន៍ធុរកិច្ច​ប្រទេស​ទាំងពីរ។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ​ពាណិជ្ជកម្មរវាងកម្ពុជា និងម៉ាឡេស៊ី ឈានដល់៧១៥លានដុល្លារ ក្នុងអំឡុងខែមករា ដល់ខែតុលា ឆ្នាំនេះ កើនឡើង ៣៥,៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ីបានឈានដល់ ១១០ លានដុល្លារ នៅក្នុងរយៈពេលនេះ កើនឡើង ៣៥,៧ ភាគរយ ធៀបនឹងរយៈពេលមួយឆ្នាំ ហើយការនាំចូលបានកើនឡើងដល់ ៦០៥លានដុល្លារ ដែលបង្ហាញពីការកើនឡើងចំនួន៣៥,៣ ភាគរយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម