ព័ត៌មានជាតិ
អ្នកនិពន្ធ យូ សុភា៖ គុណភាពកុនខ្មែរបច្ចុប្បន្នមានភាពល្អប្រសើរច្រើន
លោក យូ សុភា អ្នកនិពន្ធខ្មែរមួយរូប បានលើកឡើងថា ការនិពន្ធ និងដឹកនាំរឿងរបស់កូនខ្មែរបច្ចុប្បន្នមានភាពល្អប្រសើរច្រើនណាស់ ទាំងអ្នកនិពន្ធជើងចាស់ និងវ័យក្មេង មានការតាក់តែងនិពន្ធមួយបែបៗម្នាក់ ចំពោះការដឹកនាំរឿងក៏ដូចគ្នា។

អ្នកនិពន្ធ យូ សុភា ប្រាប់ កម្ពុជាថ្មី ថា៖ “គុណភាពកុនខ្មែរសម័យបច្ចុប្បន្នមើលឃើញថា អ្នកនិពន្ធអាចសរសេររឿងបានល្អក៏មានច្រើនដែរ ប្អូនៗ ក្មួយៗ ក៏មានគំនិតក្នុងការសរសេរបានល្អមួយបែបៗ ហើយការដឹកនាំក៏មានលក្ខណៈទៅតាមកម្រិតនៅក្នុងបែបផែននៃការដឹក តាមបុគ្គលមួយៗដែរ”។ លោកបន្ថែមថា ចំពោះឧបសគ្គក្នុងវិស័យនេះ គឺបញ្ហាធនធានថវិកា ដែលនាំឱ្យការផលិតរឿងខ្មែរនៅរោងភាពយន្តមិនសូវបានច្រើន។
ពាក់ព័ន្ធនឹងការនិពន្ធរឿង លោក យូ សុភា ដែលជាអ្នកនិពន្ធខ្មែរមានជំនាញមួយរូប បានលើកឡើងថា ដើម្បីឱ្យកុនខ្មែរមានភាពល្បីល្បាញ និងគុណភាពល្អបន្ថែមទៀត អ្នកនិពន្ធ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានសមស្របតាមបរិបទសង្គម ត្រូវដើរឱ្យទាន់សម័យកាល និងការរីកចម្រើន ការអភិវឌ្ឍរបស់សង្គម និងពិភពលោក ទើបអាចទាក់ទាញចិត្តអ្នកទស្សនាបានច្រើន។ ចំណែក អ្នកដឹកនាំរឿង ក៏ត្រូវអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនដែរ ពោល គឺមុននឹងដឹកនាំរឿងអ្វីមួយត្រូវពិនិត្យ និងយល់ច្បាស់ពីសាច់រឿងជាមុន ហើយ អ្នកដឹកនាំត្រូវហ្វឹកហាត់សមត្ថភាពខ្លួនឱ្យទាន់សម័យកាល និងយកគំរូតាមប្រទេសផ្សេងៗ ជា ពិសេស អ្នកដឹកនាំកុំកែខៃសាច់រឿងដោយមិនបានឆ្លងកាត់អ្នកនិពន្ធ។

ដើម្បីឱ្យប្រជាជនខ្មែរគាំទ្រភាពយន្តខ្មែរឱ្យបានច្រើន ផលិតករ ត្រូវផលិតភាពយន្តដែលតម្រូវតាមចំណង់ចំណូលចិត្តអ្នកទស្សនា តម្រូវតាមទីផ្សារកម្ពុជា ដោយបញ្រ្ជាបនូវតម្លៃអប់រំខ្ពស់ កុំផលិតដើម្បីតែរកចំណូល។ ចំពោះអ្នកសម្តែង និងក្រុមការងារពាក់ព័ន្ធ ក៏ត្រូវខិតខំបំពេញកិច្ចការរបស់ខ្លួនឱ្យអស់ពីសមត្ថភាព ទើបភាពយន្តមួយអាចសម្រេចចេញមកដោយលទ្ធផលល្អបាន។ លោកក៏បានសំណូមពរដល់ប្រជាជនគ្រប់រូបត្រូវបើកចិត្តទទួលយកភាពយន្តខ្មែរ និងធ្វើការរិះគន់បែបស្ថាបនាក្នុងករណីមានកំហុសឆ្គងដើម្បីឆ្ពោះរកការកែលម្អដែលល្អប្រសើរ ចៀសវាងការប្រើពាក្យរិះគន់សើចសំអក តិះដៀល ដែលអាចប៉ះពាល់ដល់អារម្មណ៍ក្រុមការងារអ្នកផលិត។
លោក យូ សុភា និយាយថា៖ “ប្រជាពលរដ្ឋខ្មែរ ដែលជាជនជាតិតែមួយជាមួយនឹងយើងទាំងអស់គ្នា ជាអ្នកនិពន្ធ ជាអ្នកដឹកនាំរឿង ជាមួយផលិតករ តារាសម្តែង គឺត្រូវទទួលយកនូវការគាំទ្រភាពយន្តខ្មែររបស់យើង បើទោះបីជានៅមានកម្រិតក៏ដោយ ក៏បើកចិត្តទទួលយកទៅ ហើយធ្វើការផ្តល់មតិយោបល់ក្នុងន័យស្ថាបនា ដើម្បីធ្វើការកែលម្អឱ្យកាន់តែប្រសើរឡើង”។
អ្នកនិពន្ធ យូ សុភា បញ្ជាក់ទៀតថា ចំពោះថ្នាក់ដឹកនាំ ក៏គួរលើកទឹកចិត្តឱ្យគាំទ្រភាពយន្តខ្មែរបន្ថែមទៀតតាមរយៈការបង្កើតឱកាសឱ្យមានការប្រកួតប្រជែងឱ្យកាន់តែច្រើន ដើម្បីជំរុញឆន្ទៈអ្នកនិពន្ធ អ្នកសម្តែង ចូលរួមលើកស្ទួយភាពយន្តខ្មែរកាន់តែច្រើន ជំនួសឱ្យភាបយន្តបរទេស។ ចំណុចមួយទៀត លោក យូ សុភា ក៏បានអំពាវនាវដល់អាជ្ញាធរដែនដី ដែលទាក់ទងជាមួយការផលិតភាពយន្ត សូមជួយសហការជាមួយផលិតករផ្តល់ទីតាំង និងភាពងាយស្រួលដើម្បីជួយលើកស្ទួយភាពយន្តខ្មែរ និងមានភាពទាក់ទាញ តាមរយៈការផ្លាស់ប្តូរទីតាំងថតថ្មីៗ និងល្អៗ៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ