Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ ផ្តាំទៅបេក្ខជនត្រៀមចុះឈ្មោះប្រកួតសំណេរអង្គរ ត្រូវអាន និងហ្វឹកហាត់សរសេរពាក្យខ្មែរឱ្យបានច្រើន

បានផុស

នៅ

លោក យូ សុភា សាស្ត្រាចារ្យនៅដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកនិពន្ធមួយរូប បានប្រាប់ កម្ពុជាថ្មី ថា សម្រាប់បេក្ខជនដែលត្រៀមខ្លួនចុះឈ្មោះប្រកួតប្រជែង សំណេរអង្គរ ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ អានឱ្យបានច្រើនទាក់ទងនឹងអត្ថបទដែលប្រើប្រាស់ភាសាខ្មែរបានត្រឹមត្រូវ និងគោរពតាមវេចនានុក្រមខ្មែរ ហ្វឹកហាត់ការសរសេរ ចងចាំ និងទន្ទេញពាក្យពិបាកៗទុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោក យូ សុភា ស្របពេលដែល សំណេរអង្គរ បានប្រកាសពីការជ្រើសរើសបេក្ខជនប្រកួតប្រជែង “សំណេរអង្គរ” លើកទី៣ ចំនួន ១៥០០នាក់ សម្រាប់ការប្រកួតថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០២៦ ខាងមុខ នៅស្ពានហាលខាងលិចប្រាសាទព្រះវិហារ ដើម្បីលើកតម្កើងអក្សរសាស្ត្រជាតិ។

លោក យូ សុភា បានលើកឡើងថា​ “សំណេរអង្គរ” បានចូលរួមចំណែកលើកស្ទួយវិស័យអក្សរសាស្ត្រនិងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនខ្មែរដើម្បីចូលរួមប្រកួតប្រជែង។ បន្ថែមពីនេះ​លោកថា ក៏ជាការទទួលបានការចាប់អារម្មណ៍ពីជនជាតិបរទេស ដែលធ្វើឱ្យបរទេសស្គាល់កាន់តែច្បាស់ពីកម្ពុជា និងចូលរួមដល់កំណើនសេដ្ឋកិច្ចដូចគ្នា។

អ្នកជំនាញ យូ សុភា និយាយថា៖​ “ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ឬក៏ជាសិស្សនិស្សិត ត្រូវតែចូលរួមចំណែកនៅក្នុងប្រកួតប្រជែង ក្នុងកម្មវិធីនេះឱ្យបានច្រើន ដើម្បីចូលរួមចំណែកទី១ វាស់ស្ទង់អំពីសមត្ថភាពចំណេះដឹងរបស់យើងផង ហើយដើម្បីលើកស្ទួយវិស័យអក្សរសាស្ត្រជាតិរបស់យើង”។ លោកបញ្ជាក់ថា នេះ គឺជាឱកាសដើម្បីឱ្យយុវជនដឹងពីសមត្ថភាពរបស់ខ្លួន និងចូលរួមក្នុងការប្រកួតប្រជែង។

លោក យូ សុភា ក៏បានសំណូមពរថា ប្រសិនជាដំណើរការប្រកួតប្រជែងមិនប្រែប្រួល អាចឱ្យបរទេសប្រកួតដូចឆ្នាំមុនៗ គួរមានជាការរៀបចំអំណោយបន្តិចបន្តួចចំពោះជនបរទេសរូបណាដែលសរសេរបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធខ្មែរច្រើន មិនចាំបាច់សរសេរត្រូវទាំងអស់ក៏បាន ដើម្បីជាការលើកទឹកចិត្តមួយដល់ពួកគេ ជាកម្លាំងចិត្តឱ្យពួកគេចូលរួមនៅឆ្នាំបន្ទាប់ៗទៀត ហើយក៏ជាចំណុចមួយចូលរួមផ្សព្វផ្សាយវប្បធម៌ អក្សរសាស្ត្រជាតិទៅកាន់ឆាកអន្តរជាតិដែរ។

គួររម្លឹកថា សំណេរអង្គរ លើកទី២ រៀបចំកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដោយមានបេក្ខជនចូលរួមប្រកួតប្រជែងចំនួន ១២២០អង្គ/នាក់។ ការប្រកួតធ្វើឡើងរយៈពេល១ម៉ោង អំពី “សៀមរាប-អង្គរ គឺជារតនសម្បត្តិសេដ្ឋកិច្ចវប្បធម៌” ជាមួយគ្នានេះ សំណេរសរសេរតាមអាន លើកទី២ ត្រូវបានអានជូនបេក្ខជនប្រកួតប្រជែងដោយបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ។ ដោយឡែក ចំពោះអ្នកអានអត្ថបទ សំណេរអង្គរ លើកទី៣ ខាងមុខ នៅមិនទាន់បានជ្រើសរើសនៅឡើយទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម