Connect with us

កីឡា

មក​ស្គាល់​ប្រវត្តិ​កីឡាករ​ឆ្នើម​ សុខុន សីហនុត ធ្លាប់​ឈ្នះ​មេដាយ​ ៨គ្រឿង​លើ​ឆាក​អន្តរជាតិ​

បានផុស

នៅ

មក​ស្គាល់​ប្រវត្តិ​ជើង​ខ្លាំង​វ័យ​ក្មេង​ សុខុន សីហនុត ​ធ្លាប់​ឈ្នះ​មេដាយ​មាស ៥ និង​សំរឹទ្ធ ៣គ្រឿង ​ពី​ប្រទេស​ថៃ​ និង​ប្រទេស​ឥណ្ឌូណេស៊ី​ ក្នុង​ប្រភេទ​កីឡា​ហាប់គីដូ​នា​ពេល​កន្លង​ទៅ​នេះ​ ខណៈ​រូប​គេ​ចាត់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​សហព័ន្ធ​ហើយ។​

កីឡាករ​ថ្នាល​ សុខុន សីហនុត​

កីឡាករ​ថ្នាល​ សុខុន សីហនុត​ មាន​អាយុ​ ១៣​ឆ្នាំ​ និង​កំពុង​សិក្សា​នៅ​ថ្នាក់​ទី៨​ នៃ​វិទ្យាល័យ​ទួលទំពូង​ រាជធានីភ្នំពេញ។​ កីឡាករ​ហាប់គីដូ​រូប​នេះ​មាន​ឪពុក​ឈ្មោះ​ ខន សុខុន និង​ម្ដាយ​ឈ្មោះ​ រ៉េត សុខហ៊ាង។​ រូប​គេ​មាន​បង​ប្អូន​បង្កើត​ ២នាក់​គឺ​ សីហនុត ​ខ្លួន​ឯង​ជា​បង​ និង​ប្អូន​ស្រី​ម្នាក់​ទៀត​ឈ្មោះ​ សុខុន លីហ័រ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ខន សុខុន និង​កូន​ទាំងពីរ

ជា​រឿង​ប្លែក​ម្យ៉ាង​ដែរ​សម្រាប់​ សីហនុត​ នោះ​គឺ​រូប​គេ​ផ្ទាល់​ និង​ឪពុក​ រួម​ទាំង​ប្អូន​ស្រី ​បាន​ចូល​ហាត់​កីឡា​ហាប់គីដូ​ដំបូង​ឡើយ​នោះ​ជា​មួយ​គ្នា​តែ​ម្ដង​​រហូត​ឥលូវ​នេះ​មាន​កម្រិត​ខ្សែក្រវាត់​ត្នោត​ និង​ជា​សិស្ស​គុន​ជំនាន់​គ្នា​តែ​ម្ដង។​

អាច​ថា​ជា​និស្ស័យ​អំឡុង​ជំងឺ​កូវីដ​ ១៩​ នៅ​ឆ្នាំ​២០២២​ លោក​ ខន សុខុន​ មិន​ដែល​ស្គាល់​អ្វី​ទៅ​ជា​កីឡា​ហាប់គីដូ​នោះ​ទេ​ពី​មុន​មក​ ប៉ុន្តែ​ចៃដន្យ​ថ្ងៃ​មួយ​រូប​លោក​បាន​ឃើញ​ លោក​ គង់​ ចាន់ធីណា​ កំពុង​បង្ហាត់​សិស្ស​មួយ​ក្រុម​នៅ​ឯ​ក្លឹប​ Cambodian Top Team​ ​ក្បែរ​ផ្ទះ​របស់​ខ្លួន​ទើប​សាកសួរ​ និង​បាន​ហាត់​ចាប់​ពី​ពេល​នោះ​មក​រហូត​បច្ចុប្បន្ន។​

លោក​ ខន សុខុន

ដោយ​សារ​តែ​ជា​អ្នក​ស្រឡាញ់​ចូល​ចិត្ត​កីឡា​ផង​នោះ​ និង​ទទួល​បាន​នូវ​សុខភាព​ល្អ​ មាន​គុណ​ប្រយោជន៍​ច្រើន​ដល់​រាងកាយ​ ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ និង​ប្រាជ្ញាស្មារតី​ពី​កីឡា​ហាប់គីដូ​ លោក​ ខន សុខុន​ និង​កូន​ៗ​ទាំង​ពីរ​ចូលចិត្ត​ និង​ហាត់​រៀន​ជា​ប្រចាំ។​

កីឡាករ​ថ្នាល​ សុខុន សីហនុត​ និង​គ្រូ​ធំ​

កាន់​តែ​អស្ចារ្យ​ក្រៅ​តែ​ពី​មាន​សុខភាព​ល្អ​ និង​រាងកាយ​មាំមួន​ហើយ​នោះ​កីឡា​បែប​ប្រយុទ្ធ​មួយ​នេះ​បាន​ផ្ដល់​នូវ​កិត្តិយស​យ៉ាង​ធំធេង​សម្រាប់​គ្រួសារ​របស់​លោក​ដោយ​មាន​អ្នក​ស្រុក​ភូមិ​បាន​សរសើរ​ និង​រីករាយ​ជា​ខ្លាំង​ចំពោះ​ជ័យជម្នះ​មេដាយ​ជា​ច្រើន​គ្រឿង​ដែល​ឈ្នះ​មក​ពី​ប្រទេស​ថៃ​ និង​ឥណ្ឌូណេស៊ី។​

លោក​ ខន សុខុន និង​កូន​ប្រុស

ក្នុង​ការ​ប្រកួត​កម្រិត​អន្តរជាតិ​ពីរ​លើក​គឺ​លើក​ទី១​ ការ​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ថៃ​ អំឡុង​ឆ្នាំ​២០២៤​ សុខុន សីហនុត​ ឈ្នះ​មេដាយ​ ៥គ្រឿង​ មាស៤​ សំរឹទ្ធ១​ និង​ជាប់​ជា​កីឡាករ​ល្អ​បំផុត​ Best Player ទៀត​ផង។​ ចំណែក​ការ​ប្រកួត​លើក​ទី២​ ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ នៅ​ឯ​ប្រទេស​ឥណ្ឌូណេស៊ី​ អំឡុង​ឆ្នាំ​២០២៥​ នេះ​រូប​គេ​ឈ្នះ​មេដាយ​ ៣គ្រឿង​ មាស១​ និង​សំរឹទ្ធ ២។​ ភាព​អស្ចារ្យ​របស់​ សីហនុត​ ទៀត​នោះ​គឺ​អាច​លេង​ស្ទើ​គ្រប់​វិញ្ញាសា​មិន​ថា​ប្រយុទ្ធ​ សម្ដែង​កាច់​ លោត​ចម្ងាយ​ លោត​កម្ពស់​ជា​ដើម។​ រូប​គេ​មាន​គោលដៅ​ចង់​ក្លាយ​ជា​ជើង​ខ្លាំង​មួយ​រូប​របស់​សហព័ន្ធ​កីឡា​ហាប់គីដូ​ និង​មាន​សមត្ថភាព​ល្អ​ដូច​លោក​គ្រូ​ គង់​ ម៉ូណាមិថុរ៉ា​ និង​ជួយ​ផ្សព្វផ្សាយ​កីឡា​មួយ​នេះ​ឲ្យ​ល្បី​ដូច​កីឡា​ដទៃ​នៅ​ប្រទេស​កម្ពុជា៕​

សុខុន សីហនុត និង​ឪពុក​ ប្អូន​ស្រី​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម