Connect with us

ព័ត៌មានជាតិ

កម្ពុជាអរគុណមេបញ្ជាការទ័ពម៉ាឡេស៊ីដែលខ្នះខ្នែងជួយទប់ស្កាត់ជម្លោះប្រដាប់អាវុធនៅព្រំដែន

បានផុស

នៅ

អគ្គមេបញ្ជាការទ័ពកម្ពុជា នៅថ្ងៃទី៨ ខែសីហានេះ បានអរគុណអគ្គមេបញ្ជាការទ័ពម៉ាឡេស៊ី ដែលខ្នះខ្នែងជួយទប់ស្កាត់ជម្លោះប្រដាប់អាវុធតាមតំបន់ព្រំដែនកម្ពុជានិងថៃ តាមរយៈការសម្របសម្រួលឱ្យមានបទឈប់បាញ់ និងផ្ដល់កន្លែងប្រជុំដល់ភាគីទាំងពីរ ពិសេសកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានកត់សម្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់នាយឧត្ដមសេនីយ៍ អេចជេ ម៉ូដ នីហ្សាម ចាហ្វា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងតួនាទីជាអ្នកសម្របសម្រួលកិច្ចប្រជុំ GBC ឱ្យប្រព្រឹត្តទៅដោយភាពជោគជ័យ និងឈានដល់ការសម្រេចបាននូវការឯកភាពគ្នារបស់ភាគីកម្ពុជា និងថៃ លើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការសម្រាប់អនុវត្ត។

យោងតាមខ្លឹមសារនៃលិខិតរបស់លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន គូសបញ្ជាក់ថា ភាពជាអ្នកដឹកនាំ មិនលំអៀង និងការយកចិត្តទុកដាក់របស់ម៉ាឡេស៊ី ជាកត្តាសំខាន់ក្នុងការធានាថា កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងដោយការយល់គ្នាទៅវិញទៅមក និងទទួលបានលទ្ធផលជាផ្លែផ្កា ដែលរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

អគ្គមេបញ្ជាការទ័ពកម្ពុជា បានសង្កត់ធ្ងន់ចំពោះតួនាទីរបស់លោកអគ្គមេបញ្ជាការទ័ពម៉ាឡេស៊ី ដែលបានសម្រុះសម្រួលឱ្យមានការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា និងប្រទេសថៃ ដើម្បីសង្កេតមើលការអនុវត្តលើបទឈប់បាញ់ ពិសេសជំរុញឱ្យមានការបង្កើតក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន ហើយឈានដល់ការរៀបចំលក្ខខណ្ឌយោង ដែលត្រួសត្រាយផ្លូវសម្រាប់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ានឱ្យបានឆាប់រហ័សបំផុត។

ការរួមចំណែកទាំងនេះជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តមិនងាករេរបស់ម៉ាឡេស៊ីចំពោះសន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ពោលគឺបញ្ជាក់អំពីស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអាស៊ានជាគ្រួសារដែលមិនអាចបំបែកបាន។ លោក វង្ស ពិសេន លើកឡើងបន្ថែមក្នុងលិខិតដែលផ្ញើទៅកាន់លោកអគ្គមេបញ្ជាការទ័ពម៉ាឡេស៊ី៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម