ព័ត៌មានអន្ដរជាតិ
អ្នកជំនាញថៃ៖ ការយកពលករស្រីលង្កា ជំនួសពលករកម្ពុជា នឹងបង្កផលវិបាកសម្រាប់ថៃ
អ្នកជំនាញខាងវិស័យការងារដ៏ល្បីរបស់ថៃមួយរូប បានព្រមានកាលពីថ្ងៃចន្ទថា ផែនការនាំពលករគ្មានជំនាញពីប្រទេសស្រីលង្កា មិនមែនជាដំណោះស្រាយសមប្រកបដើម្បីជំនួសពលករកម្ពុជាដែលបានធ្វើមាតុភូមិនិវត្តន៍នោះទេ ដោយវានឹងបង្កផលប៉ះពាល់សម្រាប់ថៃក្នុងរយៈពេលវែង។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃចន្ទ។

ការព្រមានបែបនេះ ធ្វើឡើងក្រោយក្រសួងការងារថៃបានស្នើឡើងនូវគម្រោងនាំយកពលករពីប្រទេសស្រីលង្កា ដើម្បីជំនួសពលករកម្ពុជា ដែលមកទល់ពេលនេះ បានធ្វើមាតុភូមិនិវត្តន៍ជិត ៩០ ម៉ឺននាក់មកកម្ពុជាវិញ (យោងតាមក្រសួងការងារកម្ពុជា គិតត្រឹមថ្ងៃទី ៨ សីហា) ដោយសារតែក្ដីបារម្ភផ្នែកសុវត្ថិភាព ក្នុងបរិបទសង្រ្គាមឈ្លានពានកម្ពុជារបស់ថៃ។
លោក Lae Dilokvidhyarat ដែលជាអ្នកជំនាញរូបនោះ បានថ្លែងប្រាប់វិទ្យុ CU Radio នៃសាកលវិទ្យាល័យជូឡាឡុងកន យ៉ាងដូច្នេះថា៖ «គម្រោងប្រើប្រាស់កម្លាំងពលកម្មពីស្រីលង្កាមិនមែនជាបញ្ហាតូចតាចនោះទេ។ ខ្ញុំមិនប្រាកដថា វានឹងដោះស្រាយបញ្ហានោះទេ»។
លោក Lae ដែលជាប្រធានទីប្រឹក្សាគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភា និងជាអតីតសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចការងារនៅសាកលវិទ្យាល័យជូឡាឡុងកន បានពន្យល់ថា ប្រជាជនស្រីលង្កានឹងត្រូវការពេលវេលាដើម្បីសម្របខ្លួននៅប្រទេសថៃ ដោយសារពួកគេមិនមានជំនាញដូចប្រជាជនថៃ ឬពលករពីប្រទេសជិតខាងថៃ។
លោកបន្តថា ពលករថៃ និងពលករមកពីកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា មានជំនាញដូចគ្នាក្នុងវិស័យកសិកម្ម និងវិស័យផ្សេងៗទៀត។

លោក Lae បានបន្ថែមថា ការនាំពលករពីប្រទេសដទៃ មិនត្រឹមតែជាបន្ទុកសេដ្ឋកិច្ចប៉ុណ្ណោះទេ ព្រោះវាក៏ពាក់ព័ន្ធនឹងតម្លៃវប្បធម៌ និងសាសនា ដែលពលករនៃប្រទេសទាំងនោះមានដូចគ្នា ទៅនឹងប្រទេសដែលទទួលពួកគេ។ លោកពន្យល់ទៀតថា ថៃអាចនាំយកពលករគ្មានជំនាញពីប្រទេសជាប់របងគ្នា ដោយសារតែពួកគេមានវប្បធម៌រស់នៅស្រដៀងគ្នា ដែលអាចឱ្យពួកគេសម្របខ្លួនទៅក្នុងសង្គមថៃ បានយ៉ាងឆាប់រហ័ស និងងាយស្រួល។
ប៉ុន្តែផ្ទុយទៅវិញ ថៃអាចនឹងជួបបញ្ហានេះនៅពេលនាំយកពលករពីស្រីលង្កា ហើយមិនត្រឹមតែប៉ុណ្ណេះ ថៃក៏ត្រូវដោះស្រាយបញ្ហាថ្មីទៀត នៅពេលដែលជម្លោះបានស្រាកស្រាន្ត ហើយពលករកម្ពុជា ចាប់ផ្ដើមត្រឡប់ទៅធ្វើការវិញ។ លោក Lae បាននិយាយយ៉ាងដូច្នេះ៖ «ក្រសួងការងារ ត្រឹមតែគិតឱ្យម៉ត់ចត់ ពីបញ្ហាទាំងនេះ»។
គួរគូសបញ្ជាក់ថា ក្រសួងការងារថៃគ្រោងនឹងនាំពលករចំនួន ១ ម៉ឺននាក់ពីប្រទេសស្រីលង្កា មកជំនួសកម្មករកម្ពុជា ដោយរដ្ឋាភិបាលនៃប្រទេសទាំង២ នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងពេលឆាប់ៗនេះ។
កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីក្រសួងការងារ លោក Pongkawin Lungrungruangkit បាននិយាយថា ការនាំពលករពីស្រីលង្កា នឹងជួយប្រតិបត្តិការអាជីវកម្មថៃក្នុងការគ្រប់គ្រងកម្លាំងពលកម្ម។ យ៉ាងណាមិញ លោក Lae បានស្នើថា ដំណោះស្រាយរយៈពេលខ្លីដើម្បីដោះស្រាយកង្វះកម្មករ ពីបង្កើនកូតាពលករពីមីយ៉ាន់ម៉ា ឡាវ និងសូម្បីតែវៀតណាម៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


