Connect with us

ព័ត៌មានជាតិ

មន្រ្តី​កសិកម្ម ចុះ​ជួយសម្របសម្រួលតម្លៃស្រូវស្រង៉ែឲ្យមានតម្លៃសមរម្យដល់កសិករក្នុង​ខេត្ត​បាត់ដំបង

បានផុស

នៅ

កសិករនៅក្នុងស្រុកសង្កែ និងស្រុកមោងឫស្សីបានប្រឈមឈ្មួញទទួលទិញស្រូវក្នុងតម្លៃទាបគឺចន្លោះពី ៧២០ ទៅ ៧៣ ០ រៀល ក្នុងមួយគីឡូក្រាម ដែលតម្លៃនេះធ្វើឲ្យពលរដ្ឋ​ពុំសូវបានផលចំណេញក្នុងការផលិត និង​មានផលប៉ះពាល់ដល់ជីវភាពគ្រួសាររស់នៅប្រចាំថ្ងៃ ខណះការដាំដុះនិងថែទាំនៅមិនទាន់បានទូទាត់សងគេនៅឡើយ។

កសិករក្នុងស្រុកសង្កែ និងស្រុកមោងឫស្សីក្នុង​ខេត្ត​បាត់ដំបងបានប្រាប់កម្ពុជាថ្មីកាលពីចុងថា ទិន្នផលស្រូវរបស់ពួកគាត់ ចាប់ផ្តើមពីការដាំដុះ ថែទាំ ប្រមូលផលសុទ្ធចំណាយថវិកាទាំងអស់ ហើយកសិករខ្លះក៏នៅជំពាក់គេខ្លះ និងខ្លះទៀតនៅជំពាក់ទាំងស្រុង សំអាងលើការលក់ស្រូវរួចទើបទូទាត់សងគេ។ ក្រៅពីនេះក៏បានសេសសល់ខ្លះដើម្បីទ្រទ្រង់លើជីវភាព​ពីគ្រួសារប្រចាំថ្ងៃ បើសិនជាតម្លៃស្រូវត្រូវបានឈ្មួញឲ្យតម្លៃបានត្រឹមចន្លោះ ៧២០ ទៅ ៧៣០ រៀលក្នុងមួយគីឡូក្រាម គ្រាន់តែទូទាត់សងគេ វាចង់អស់ទៅហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ចាន់ សុីណា នៅភូមិសំបុកអក ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង​បានលើកឡើងថា បើសិនជាស្រូវស្រង៉ែរបស់អ្នកស្រី និងអ្នកភូមិជាមួយគ្នា ឈ្មួញឲ្យតម្លៃបានត្រឹម ៧៣០ រៀល ក្នុងមួយគីឡូក្រាម គឺចំណូលពីការលក់ស្រូវនេះស្ទើរមិនបានសល់ផង បើទូទាត់លើការជំពាក់គេផងនោះ។

អ្នកស្រីបន្តថា” បើលក់បានត្រឹម ៧៣០ រៀល ក្នុងមួយគីឡូក្រាម គ្រាន់តែខ្ញុំដើរសងគេចង់អស់បាត់ទៅហើយ មានអីសល់ទៀត បានត្រឹមកាន់លុយដើរសងគេ បើទោះនៅសល់ក៏តិចតួចដែរ”។

អ្នកស្រីបន្តថា «ខាងក្រុមការងារក្រសួងកសិកម្មបានជួយសម្របសម្រួលតម្លៃហក់បាន ៨០០ រៀល ក្នុងមួយគីឡូក្រាម ពេលនោះខ្ញុំត្រេកអរ​ស្ទើរនិយាយមិនចេញ ហើយការចុះសម្របសម្រួលរបស់ក្រុមការងារក្រសួង ក៏បានមកទាន់ពេលទៀត កុំអីខ្ញុំនិងអ្នកភូមិលក់ខាតមិនស្ទើរទេ។ ពួកខ្ញុំពិតជាត្រេកអរណាស់ចំពោះការយកចិត្តទុកដាក់ពីក្រសួងកសិកម្ម»។

មិនខុសគ្នាប៉ុន្មានពីកសិកររស់នៅក្នុងឃុំព្រៃតូច កសិករ​នៅ​ក្នុងស្រុកមោងឫស្សីបាន​លើកឡើងថា ស្រូវពួកគាត់​ឈ្មួញទទួលទិញបានត្រឹមតែ ៧២០ រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម តែពួកគាត់មិនព្រមលក់ បើលក់ទៅក៏មិនបានសល់ផលចំណេញប៉ុន្មានដែរ។ ខណះពួកគាត់ថា ទម្រាំបានប្រមូលផល មានការចំណាយច្រើន។ ប៉ុន្តែ​ជាសំណាងល្អស្រូវពួកគាត់លក់បាន ៨០០ រៀល ក្នុងមួយគីឡូក្រាម ដែលតម្លៃនេះអាចទទួលយកបាន ខណះការឡើងតម្លៃនេះតាមរយះក្រុមការ​ងាររបស់ក្រសួងកសិកម្មបានចុះមកសម្របសម្រួលនិងបានគៀងគរខាងរោងម៉ាសុីកិនស្រូវឲ្យមកជួយទិញស្រូវពីកសិករ ឲ្យមានតម្លៃសមរម្យជាងឈ្មួញ ដោយក្នុងមួយគីឡូក្រាមយ៉ាងហោច ៨០០រៀល ក្នុងមួយគីឡូក្រាម។

កសិកររស់នៅក្នុងឃុំព្រៃតូច ក្នុងស្រុកមោងឫស្សី គឺអ្នកស្រី សុខខែម បាននិយាយទាំងអ៊ួលដើមកថា អ្នកស្រីរំភើបចិត្តណាស់ ដែលក្រុមការងារមកពីក្រសួងកសិកម្មបានមកជួយអន្តរាគមន៍លើតម្លៃស្រូវ ដែលឈ្មួញឲ្យតម្លៃត្រឹមតែ ៧២០ រៀល​ប៉ុណ្ណោះក្នុង មួយគីឡូក្រាម ដែលតម្លៃនេះធ្វើឲ្យកសិករជាច្រើនខកចិត្តយ៉ាងខ្លាំង។

សម្រាប់អ្នកស្រី សុខខែម “ពេលខ្ញុំបានឮថាក្រុមការងារ ក្រសួងកសិកម្មប្រាប់ថា ស្រូវលក់បាន ៨០០ រៀល ខ្ញុំអរស្ទើរហូរទឹកភ្នែកដោយមិនដឹងខ្លួន ព្រោះតម្លៃនេះទាំងខ្ញុំទាំងកសិករផ្សេងអាចទទួលយកបានគ្រប់គ្នា”។

បើតាមមន្ត្រីកសិកម្មខេត្តបាត់ដំបង​ ក្រោយពីមានករណីកសិករក្នុងស្រុកសង្កែ និងស្រុកមោងឫស្សី បានប្រឈមនិងទីផ្សារតម្លៃស្រូវនេះ ក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ បានធ្វើការ សម្របសម្រួលឲ្យរោងម៉ាស៊ីនកិនស្រូវមកប្រមូលទិញស្រូវស្រង៉ែដោយផ្ទាល់ពីប្រជាកសិករ នៅស្រុកសង្កែ និងស្រុកមោងឫស្សី ខេត្តបាត់ដំបង ហើយរហូតមកដល់ពេលនេះ តម្លៃបានប្រសើរឡើងមួយកម្រិតបន្ទាប់ពីរោងម៉ាស៊ីនមួយចំនួនទៅប្រមូលទិញដល់ទីវាល។

បើតាមលោក គង់ គា ក្រសួងនឹងបន្តកិច្ចខិតខំជួយសម្របសម្រួលឲ្យប្រជាកសិករ ទទួលបានតម្លៃសមរម្យ អាចទទួលយកបានដោយគ្រប់ភាគី។ ខណះក្រសួងគឺកំពុងពន្លឿនការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីជួយដល់កសិករ​បញ្ចៀស បញ្ហាប្រែប្រួលតម្លៃលើទីផ្សារតាមរយៈការដាំដុះតាមការចុះកិច្ចសន្យាធានាតម្លៃនិងទីផ្សារទុកមុនជាមួយដៃគូជាអ្នកទិញ៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម