Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង ចោទ​កូរ៉េខាងត្បូងថា «ទះ​ក្បាល​អង្អែល​ខ្នង» ជុំវិញសមយុទ្ធយោធា

បានផុស

នៅ

ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានថ្កោលទោសកូរ៉េខាងត្បូង និង​លោក​ប្រធានាធិបតី Lee Jae-myung ចំពោះអ្វីដែលលោកស្រី​ហៅថា​ជា ទង្វើ​«ទះក្បាល​អង្អែល​​ខ្នង» ដោយចោទប្រកាន់ពួកគេថានិយាយអំពីសន្តិភាព ខណៈពេលដែលធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក។

លោកស្រី គីម យ៉ូជុង (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍របស់លោកស្រី គីម យ៉ូជុង ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅ​ថ្ងៃ​ទី​២០​ខែ​សីហា​នេះ បាននិយាយថា កូរ៉េខាងត្បូងលើក​ឡើង​អំពី​ការកែលម្អទំនាក់ទំនង តែ​ក្នុងពេលដំណាលគ្នា​បាន​ចូលរួម​នៅ​ក្នុងអ្វីដែលប្រទេសរបស់លោកស្រី​ចាត់ទុកថាជាការហាត់សមសម្រាប់សង្គ្រាម។ លោកស្រី​​បាន​ច្រានចោល​កាយវិការ​សន្តិវិធី​ថ្មីៗ​ពី​ទីក្រុង​សេអ៊ូល​ថា​ជា«ការ​ក្លែង​បន្លំ»។

ការថ្កោលទោសនេះ កើតឡើងនៅពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នា​ប្រចាំ​ឆ្នាំ។ ខណៈពេលដែលទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនទទូចថា សមយុទ្ធនេះគឺដើម្បី​ការ​ការពារសុទ្ធសាធ ទីក្រុងព្យុងយ៉ាងបានថ្កោលទោសពួកគេថាជាសកម្មភាពបង្កហេតុនៃការឈ្លានពាន។

ការវាយប្រហារដោយវោហាសាស្ត្រនេះ ធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍ស្រដៀងគ្នារបស់មេដឹកនាំ គីម ជុងអ៊ុន ដែលកាលពីថ្ងៃអង្គារបានកំណត់លក្ខណៈនៃសមយុទ្ធសម្ព័ន្ធមិត្ត​ទាំង​ពីរ​ថាជា «ការបង្ហាញ​បំណង​​របស់ពួកគេក្នុងការបង្កសង្គ្រាម» ហើយបានលើកឡើង​ថា នេះ​ហើយ​ជាហេតុផលចម្បងសម្រាប់កូរ៉េខាងជើងក្នុងការពន្លឿនការពង្រីកកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។

ភាពតានតឹងចុងក្រោយបំផុតបង្ហាញពីបញ្ហាប្រឈមសម្រាប់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae-myung ដែលបានព្យាយាមស្ដារ​ទំនាក់ទំនង​ឡើង​វិញ​ជាមួយ​កូរ៉េ​ខាង​ជើង ចាប់តាំងពីចូល​កាន់តំណែងកាលពីខែមិថុនា។ រដ្ឋបាលរបស់លោកនាពេលថ្មីៗនេះ បានចាប់ផ្តើមអនុវត្តវិធានការកសាងទំនុកចិត្ត រួមទាំងការដកឧបករណ៍បំពងសំឡេង​ឃោសនានៅតាមព្រំដែន។ ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ បំណង​ចង់​ផ្សះផ្សា​គ្នា​ទាំងនេះត្រូវបានបដិសេធ និងច្រានចោលជាសាធារណៈដោយមន្ត្រីកូរ៉េខាងជើង៕

លោក គីម ជុងអ៊ុន និង​លោកស្រី គីម យ៉ូជុង (រូបថត៖ Reuters)

ដោយ៖ ឈាង

ចុចអាន៖ កូរ៉េខាងត្បូង នឹង​បញ្ឈប់​សកម្មភាព​ខ្លះ​តាម​ព្រំដែន ដើម្បី​បន្ថយភាពតានតឹងជាមួយ​កូរ៉េ​ខាង​ជើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម