ព័ត៌មានជាតិ
ស៊ីម៉ាក់កម្ពុជា និងអង្គការជប៉ុន ចុះហត្ថលេខាបោសសម្អាតមីនក្នុងខេត្តចំនួន២ជាប់ព្រំដែនថៃ
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា-CMAC និងអង្គការបោសសម្អាតមីន និងអភិវឌ្ឍសហគមន៍ (IMCCD)នៃប្រទេសជប៉ុន បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាដៃគូលើគម្រោង “បោសសម្អាតមីនតោនតាមសហគមន៍” នៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដើម្បីលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចនៅតាមព្រំដែនឱ្យកាន់តែប្រសើរ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងនាថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ រវាងអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ហេង រតនា និង លោក Takayama Ryori ប្រធានអង្គការបោសសម្អាតមីននិងអភិវឌ្ឍសហគមន៍ (IMCCD)។ កិច្ចសហការនេះ ត្រូវអនុវត្តគម្រោងបោសសម្អាតមីនក្នងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដែលនឹងផ្តើមចាប់អនុវត្តចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។
លោក ហេង រតនា បញ្ជាក់ថា គម្រោង “បោសសម្អាតមីនតោនតាមសហគមន៍” ដើម្បីអនុវត្តការបោសសម្អាតគ្រាប់មីនប្រឆាំងយានយន្ត នៅតំបន់ដែលមានតម្រូវការក្នុងការអភិវឌ្ឍន៍ និងដើម្បីលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចសង្គមឱ្យកាន់តែប្រសើរ។ លោកបន្តថា កិច្ចសហការនេះនឹងឆ្លើយតបគោលនយោបាយដែលរាជរដ្ឋាភិបាលទើបតែដាក់ចេញថ្មីៗនេះ ក្នុងការពង្រឹងកិច្ចសហការបោសសម្អាតគ្រាប់មីននៅតំបន់ព្រំដែនកម្ពុជា-ថៃ ដោយផ្តល់អាទិភាពជាចំបងចំពោះទីតាំងណាដែលមានមនុស្សរស់នៅ និងប្រើប្រាស់ដីធ្លី ដើម្បីធានាសុខសុវត្ថិភាពនិងផលប្រយោជន៍សេដ្ឋកិច្ចសង្គម។ លោកបញ្ជាក់ថា៖«ដូចនេះឃុំតាសែន ស្រុកកំរៀងដែលមានចម្ការមីនខ្លះជាប់ព្រំដែន អាចត្រូវបានបោសសម្អាតទាំងស្រុង» ។

សូមជម្រាបថា អង្គការបោសសម្អាតមីន និងអភិវឌ្ឍសហគមន៍ (IMCCD) បានចាប់ផ្ដើមកិច្ចប្រតិបត្តិការរបស់ខ្លួនជាមួយអង្គភាព CMAC តាំងពីឆ្នាំ២០១១មកម្លេះ គិតមកដល់ត្រឹមឆ្នាំ២០២៥នេះ គម្រោងនេះមានរយៈពេល១៥ឆ្នាំហើយ។ គម្រោង IMCCD នេះផ្ដោតសំខាន់លើការបោសសម្អាតគា្រប់មីនប្រឆាំងមនុស្ស និងសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ជាពិសេសការបោសសម្អាតគ្រាប់មីនប្រឆាំងរថក្រោះ។

តាមរយៈគម្រោង IMCCDនេះ បានចូលរួមចំណែកផ្តល់ជូនប្រជាពលរដ្ឋកាន់តែមានសុខសុវត្ថិភាពក្នុងការប្រើប្រាស់ដីធ្វើកសិកម្ម សង់លំនៅដ្ឋាន សាលារៀន និងមន្ទីរពេទ្យជាដើម ជាពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ក៏ដូចជាសង្គម។ សូមរំលឹកថា លោកTakayama Ryori ជាអតីតកងទ័ពជប៉ុន និងបានចូលរួមចំណែកក្នុងបេសសកម្មUNTACនៅកម្ពុជាក្នុងឆ្នាំ១៩៩៣ និងបានចូលរួមចំណែកក្នុងវិស័យសកម្មភាពកម្ចាត់មីនជាង២៥ឆ្នាំមកហើយ។ នៅដើមឆ្នាំ២០០០ CMAC និង IMCCD បានផ្តួចផ្តើមការដោះមីននៅឃុំដែលមានគ្រាប់មីនច្រើននិងមនុស្សរស់នៅច្រើនដែរ គឺជ្រើសរើសសយកឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ជាឃុំមានគ្រាប់មីនច្រើននិងស្ថិតជាប់ជាមួយព្រំដែនថៃ។

ស្ថាប័នទាំងពីរខាងលើបានបោសសម្អាតគ្រាប់មីនផង ចលនាសប្បុរជនកសាងសាលារៀនផង និងជាពិសេសលោក Takayama បានចូលរួមកៀរគរអ្នកវិនិយោគជប៉ុន បានកសាងរោងចក្រខ្នាតមធ្យមចំនួន៥រោងចក្រនៅតំបន់ដាច់ស្រយាល រហូតបានផលិតសុរាខ្មែរផលិតពីដំឡូងនិងស្វាយកែវម្មៀត ទៅប្រឡងជាប់ថ្នាក់ស្រាល្អនៅប្រទេសបារាំងទៀតផង។ តាមរយៈការខិតខំទាំងនះ បានចូលរួមប្រែក្លាយពីដីសំបូរគ្រាប់មីនទៅជាដីប្រកបដោយសក្តានុពលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


