Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញថៃ​ទាមទារឱ្យរដ្ឋាភិបាលធ្វើកំណែទម្រង់សេដ្ឋកិច្ច ដែលដើរអូសជើង

បានផុស

នៅ

អ្នកជំនាញថៃបាន​ជំរុញទាមទារឱ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ដើម្បីងើបចេញពីកំណើនយឺតយ៉ាវ ចំពេលដែលសេដ្ឋកិច្ចថៃបន្តដើរអូសជើងដោយសារតែបញ្ហាប្រឈមផ្សេងៗរួមទាំងបំណុលគ្រួសារខ្ពស់ វិបត្តិនយោបាលក្នុងស្រុក និងការគំរាមកំហែងពីខាងក្រៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃពុធនេះ អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ (NESDC) លោក Danucha Pichayanan ដែលគ្រប់គ្រងគោលនយោបាយសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសនេះ ​បាននិយាយថា ​ថៃត្រូវតែខិតខំប្រឹងប្រែងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឱ្យ​បាន​ម៉ត់ចត់​ ដើម្បីឱ្យកំណើនរុលទៅមុខ។

លោក​បាន​បន្ត​ថា​៖ «​ប្រសិន​បើ​​ថៃ​ចង់​ដក​ខ្លួន​ចេញ​ពី​វដ្ត​នៃ​កំណើន​សេដ្ឋកិច្ច​ទាប នោះ​​ប្រទេស​ត្រូវ​តែ​ពន្លឿន​ការ​រៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ​ទាំង​វិស័យ​ឧស្សាហកម្ម និង​កសិកម្ម»។

លោក Danucha បាន​ពន្យល់យ៉ាងដូច្នេះថា ផលិតផលដែលប្រទេសថៃផលិតភាគច្រើនជាទំនិញប្រើប្រាស់ធម្មតា ​ខណៈការស្រាវជ្រាវ និងការអភិវឌ្ឍន៍បច្ចេកវិទ្យាបន្ថែមទៀត ចាំបាច់ដើម្បីបង្កើតផលិតផលគុណភាពខ្ពស់ដែលមានតម្រូវការ។

លោក​បាន​បន្ត​ថា ក្នុង​វិស័យ​កសិកម្ម ថៃ​ជំរុញ​​ខ្សែ​​ច្រវ៉ាក់តម្លៃ (Value Chain) ​ដើម្បី​អភិវឌ្ឍ​ឧស្សាហកម្ម​អាហារ​​ឱ្យ​កាន់​តែ​ខ្លាំង ខណៈ​បច្ចុប្បន្ន​ផលិតផលពីវិស័យកសិកម្ម​​ភាគ​ច្រើន​ នៅ​តែ​​បន្ត​លក់​ជាប្រភេទ​ទំនិញ។

អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ (NESDC) លោក Danucha Pichayanan

​អ្នកជំនាញសេដ្ឋកិច្ចថៃដដែល​បាន​​បន្ត​ថា រដ្ឋាភិបាលថៃ​ត្រូវ​តែ​ស្វែង​រក​ប្រភព​ចំណូល​ថ្មី ដូចជា​ការ​រៀបចំ​រចនាសម្ព័ន្ធ​ពន្ធ​មួយ​ចំនួន​ឡើង​វិញ​នៅ​ពេល​សមស្រប។ ក្រៅពីនេះ ថៃគួរកាត់បន្ថយ​ការពឹងផ្អែកលើការនាំចេញ​ ហើយ​ងាកទៅជំរុញ​តម្រូវការក្នុងស្រុកឱ្យ​បាន​កាន់តែច្រើន។

កាលពីមុន ការប្រើប្រាស់ក្នុងស្រុក​ ត្រូវបានប្រើប្រាស់ជាឧបករណ៍ជំរុញសេដ្ឋកិច្ច។ ​ប៉ុន្តែក្រោយ​មក បំណុលគ្រួសារបានក្លាយទៅជាឧបសគ្គដ៏​ធំ ដោយវា​កាត់បន្ថយអំណាចទិញរបស់ប្រជាជន​។ លោក Danucha បាននិយាយថា ការ​ជំរុញ​ការប្រើប្រាស់ តម្រូវឱ្យមានវិធានការដើម្បីបង្កើនប្រាក់ចំណូលរបស់ប្រជាជន និងបង្កើតការងារ។

គួរគូសបញ្ជាក់ថា កំណើន​សេដ្ឋកិច្ច​​ថៃ​បានបន្តដើរអូសជើង ក្នុងអត្រាមធ្យម ១,៩ ភាគរយ ក្នុងរយៈពេល ១ ​​​ទសវត្សរ៍​កន្លង​ទៅ។ NESDC បាន​ព្យាករថា ថៃនឹង​មានកំណើនសេដ្ឋកិច្ចប្រហែល ២ ភាគរយ នៅឆ្នាំ ២០២៥ នេះ ដោយធ្លាក់ចុះ ២,៥ ភាគរយ នៅឆ្នាំ ២០២៤ ចំពេលដែល​​បញ្ហាជាច្រើនបង្កការគំរាមកំហែង។ ក្នុងនៅឆ្នាំ ២០២០ សេដ្ឋកិច្ចថៃបានធ្លាក់ចុះ ៦ ភាគរយ​ ដោយសារ​តែវិបត្តិកូវីដ១៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម