Connect with us

ព័ត៌មានជាតិ

បាក់ឌុបឆ្នាំនេះ បេក្ខជនមានបញ្ហាសុខភាពកើនឡើងទ្វេរដង ប៉ុន្តែចំនួនអវត្តមានតិចជាងឆ្នាំមុន

បានផុស

នៅ

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៥ ឆ្នាំនេះ ឃើញថា បេក្ខជនមានបញ្ហាសុខភាពកើនឡើងទ្វេដង ប៉ុន្តែចំនួនអវត្តមានតិចជាងឆ្នាំមុន។ យោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា អំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រយៈពេល២ថ្ងៃ បេក្ខជនមានបញ្ហាសុខភាពមានចំនួន ២៦១ករណី ក្នុងនោះ ៨៦នាក់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍នេះ បេក្ខជន​មាន​ជំងឺ​គ្រុនឈាម ១៣​ករណី និង​គ្រោះថ្នាក់​ចរាចរណ៍ ៦​ករណី​។ ចំណែកគណៈ​មេប្រយោគមានបញ្ហាសុខភាពចំនួន ៥៩ ករណី ខណៈ បេក្ខជន​ដក​ខ្លួន​ពី​ការ​ប្រឡង​ដោយសារ​បញ្ហា​សុខភាព​ចំនួន​៣​ករណី។ ជារួម បេក្ខជនមានបញ្ហាសុខភាពឆ្នាំនេះមានការកើន ខណៈសម័យប្រឡងឆ្នាំមុនថ្ងៃ​ទី​៨-៩ ខែ​តុលា ឆ្នាំ ២០២៤​ ​បេក្ខជន​មាន​បញ្ហា​សុខភាព​​ចំនួន ១៣៦ ​នាក់។

សូមជម្រាបថា​ ប្រឡងបាក់ឌុបឆ្នាំនេះបេក្ខជនអវត្តមានសរុប ១,៨៧២នាក់ (ស្រី ៧៥១នាក់) ស្មើនឹង១,២៧ ភាគរយនៃបេក្ខជនមកប្រឡងសរុប ក្នុងនោះបេក្ខជនស្វៃរិនអវត្តមាន ១,៥២២នាក់ (ស្រី ៥៨៦នាក់) និង បេក្ខជនចំណេះទូទៅអវត្តមាន ៣៥០នាក់ (ស្រី ១៦៥នាក់)ក្នុងចំណោមបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦,៧២០នាក់។ ចំនួនអវត្តមាននេះមានការថយចុះ បើប្រៀបឆ្នាំមុនមានរហូតដល់ ២ ៤០៦ នាក់ ។

សម្រាប់ដំណើរការប្រឡងរយៈពេល២ថ្ងៃ បើទោះបីមានភ្លៀងធ្លាក់នៅរាជធានី ខេត្តចំនួន១៧ ប៉ុន្តែដំណើរការសំណេរនៅតែមានដំណើរការដោយរលូន មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ច និងទំនួលខុសត្រូវខ្ពស់ ពីសំណាក់ គណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្តាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ព្រមទាំងមានការចូលរួមសង្កេតការណ៍ដោយអង្គភាពប្រឆាំងអំពើពុករលួយ និងកិច្ចសហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា មន្ត្រីសុខាភិបាល និងកងកម្លាំងពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។

តាមការគ្រោងទុក លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៥ និងផ្សព្វផ្សាយតាមបណ្តាញទំនាក់​ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម