Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី និយាយថា រុស្ស៊ីមិនអើពើនឹងឱសានវាទ២សប្តាហ៍របស់លោក ត្រាំ

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានចោទប្រកាន់ទីក្រុងមូស្គូ​ថាមិនចាប់អារម្មណ៍លើសន្តិភាព ទោះបីជាមានកាលកំណត់រយៈពេលពីរសប្តាហ៍ ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ប្រទេសរុស្ស៊ី ដើម្បីបង្ហាញពីការត្រៀមខ្លួនសម្រាប់កិច្ច​ចរចាពិតប្រាកដ​​មួយ​ក៏​ដោយ។

លោក វ៉្លាឌីមៀរ ពូទីន និង​លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះផ្សាយ​របស់​ Ukrainska Pravda នា​ថ្ងៃ​ទី​១​ខែ​កញ្ញា​ លោក ហ្សេលេនស្គី បាននិយាយ​ថា «កាលពី​២​សប្តាហ៍មុននៅទីក្រុងវ៉ាស៊ីនតោន គេនិយាយថានេះគឺជាពេលវេលាសម្រាប់រុស្ស៊ីក្នុងការត្រៀមខ្លួនសម្រាប់កិច្ចចរចាពិតប្រាកដ និងកិច្ចប្រជុំរបស់មេដឹកនាំ។ អ៊ុយក្រែនពិតជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់រឿងនេះ។ ប៉ុន្តែរឿងតែមួយគត់ដែលរុស្ស៊ីកំពុងធ្វើគឺការវិនិយោគនៅក្នុងសង្រ្គាមបន្ថែមទៀត»។

មេ​ដឹក​នាំ​អ៊ុយក្រែន បានកត់សម្គាល់​ទៀត​ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ដែលបច្ចុប្បន្នកំពុងបំពេញទស្សនកិច្ចរយៈពេល​៤​ថ្ងៃទៅកាន់ប្រទេសចិនសម្រាប់កិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ ហាក់ដូចជាមានចេតនាចង់គេច​ពី​ការចរចា។ លោក ហ្សេលេនស្គី បានបន្ថែម​ថា «ការគេច​ខ្លួន​​ម្តង​ហើយ​ម្ដង​ទៀត នោះហើយ​គឺជាកីឡាលេខមួយរបស់គាត់»។

លោក ហ្សេលេនស្គី បានចង្អុលបង្ហាញថា មេដឹកនាំមកពីប្រទេសចិន ឥណ្ឌា តួកគី អាស៊ែបៃហ្សង់ និង កាហ្សាក់ស្ថាន ក៏ដូចជាសម្តេចប៉ាប សុទ្ធតែបានសម្តែងការគាំទ្រសម្រាប់ការបញ្ចប់ជម្លោះនាពេលថ្មីៗនេះ។ លោក​បាន​លើក​ឡើង​ថា​៖ «​អ្នក​តែ​ម្នាក់​គត់​ដែល​ចង់​ធ្វើ​សង្គ្រាម​គឺ​រុស្ស៊ី​» ដោយ​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក អឺរ៉ុប និង​ប្រទេស G20 រក្សា​ជំហរ​រឹងមាំ។

សូម​ជម្រាប​ថា លោក ត្រាំ បានស្នើម្តងហើយម្តងទៀតថា កិច្ចព្រមព្រៀងសន្តិភាពអាចត្រូវបានវិនិច្ឆ័យក្នុងរយៈពេល«មួយឬពីរសប្តាហ៍»។ កាល​ពី​ថ្ងៃទី​២៥​ខែសីហា គាត់បានព្រមានអំពី«ផលវិបាកដ៏ធំ» សម្រាប់ប្រទេសរុស្ស៊ី ប្រសិនបើគ្មានកិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានឈានដល់ក្នុងរយៈពេលពីរសប្តាហ៍​ទៀត៕

លោក ហ្សេលេនស្គី និង​លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម