ព័ត៌មានអន្ដរជាតិ
អគាររដ្ឋាភិបាលអ៊ុយក្រែន រងការវាយប្រហារតាមអាកាសពីរុស្ស៊ី
រុស្ស៊ី បានបើកការវាយប្រហារតាមអាកាសដ៏ធំបំផុតរបស់ខ្លួនលើអ៊ុយក្រែន ដោយបានបាញ់បង្ហោះដ្រូន និងមីស៊ីលជាង ៨០០គ្រាប់/គ្រឿងកាលពីថ្ងៃអាទិត្យទី៧ខែកញ្ញា សម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់ និងបំផ្លាញទីស្នាក់ការរដ្ឋាភិបាលអ៊ុយក្រែននៅកណ្តាលរដ្ឋធានីកៀវជាលើកដំបូង។

កងទ័ពអាកាសរបស់អ៊ុយក្រែន បាននិយាយថា រុស្ស៊ីបានបាញ់ដ្រូន និងដ្រូនបញ្ឆោតចំនួន ៨១០គ្រឿង រួមជាមួយនឹងមីស៊ីល ១៣គ្រាប់។ អ៊ុយក្រែនត្រូវបានគេរាយការណ៍ថាបានបាញ់ទម្លាក់ដ្រូនចំនួន ៧៤៦គ្រឿង និងមីស៊ីល ៤គ្រាប់ ខណៈទីតាំងចំនួន៣៣ រងការវាយប្រហារនៅទូទាំងប្រទេស។
នៅទីក្រុងកៀវ មនុស្ស២នាក់ ក្នុងនោះមានម្តាយ និងកូនអាយុ ៣ខែរបស់គាត់ ត្រូវបានសម្លាប់នៅពេលដែលដ្រូនបានធ្លាក់ចូលទៅក្នុងអគារលំនៅដ្ឋាន។ យ៉ាងហោចណាស់ ២០នាក់ផ្សេងទៀតបានរងរបួស។
ផ្សែងហុយហុយចេញពីដំបូលអគារខុទ្ទកាល័យអ៊ុយក្រែនបន្ទាប់ពីការវាយប្រហារនេះ។ នាយករដ្ឋមន្ត្រីលោកស្រី Yulia Svyrydenko បានបញ្ជាក់ពីការវាយប្រហារនេះ ដោយនិយាយថា ភ្លើងឆេះប្រមាណ ៨០០ម៉ែត្រការ៉េ ត្រូវបានពន្លត់នៅខាងក្នុងទីស្នាក់ការកណ្តាលរដ្ឋាភិបាល។
លោកស្រី Svyrydenko បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយពីខាងក្នុងអគារដែលរងការខូចខាតថា «ជាលើកដំបូងចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយពេញលេញ រុស្ស៊ីបានវាយប្រហារទីស្នាក់ការរដ្ឋាភិបាលរបស់យើងនៅកណ្តាលទីក្រុងកៀវ។ វាហាក់ដូចជារុស្ស៊ីមិនចង់ស្វែងរកសន្តិភាព ហើយមិនទាន់ត្រៀមខ្លួនសម្រាប់ការចរចារ។ យើងអំពាវនាវឲ្យដៃគូរបស់យើងជួយការពារផ្ទៃមេឃរបស់យើង»។
ចំណែកឯប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានថ្កោលទោសការវាយប្រហារនេះថាជា «ឧក្រិដ្ឋកម្មដោយចេតនា» ហើយបានជំរុញឲ្យមានការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹង និងការគាំទ្រផ្នែកការពារដែនអាកាស។ លោកប្រាប់ថា «ការសម្លាប់បែបនេះនៅពេលនេះ ពេលដែលការទូតពិតប្រាកដអាចចាប់ផ្តើមតាំងពីយូរយារណាស់មកហើយ គឺជាការអូសបន្លាយនៃសង្រ្គាម»។

នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer ក៏បានបរិហារការវាយប្រហារនេះផងដែរ ដោយហៅការវាយប្រហារនេះថា «កំសាក» និងជាព័ស្តុតាងដែលបង្ហាញថា «លោក ពូទីន ជឿថា គាត់អាចធ្វើសកម្មភាពដោយនិទណ្ឌភាព»។
ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា ខ្លួនបានកំណត់គោលដៅទីតាំងដំឡើងដ្រូន មូលដ្ឋានទ័ពអាកាស និងមជ្ឈមណ្ឌលដឹកជញ្ជូន ដោយទទូចថាមិនមែនជាកន្លែងជនស៊ីវិល ឬរដ្ឋាភិបាលឡើយ។ ទន្ទឹមនោះ រុស្ស៊ីក៏បានរាយការណ៍ផងដែរអំពីការបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនចំនួន ១០០គ្រឿងនៅទូទាំងប្រទេសរុស្ស៊ី តំបន់គ្រីមៀរ និងសមុទ្រ Azov។
លើសពីនេះទៀត ទីក្រុងមូស្គូបានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួនបានដណ្តើមយកភូមិ Khoroshe ក្នុងតំបន់ Dnipropetrovsk របស់អ៊ុយក្រែន ទោះបីជាទីក្រុងកៀវមិនបានបញ្ជាក់ពីការអះអាងនេះក៏ដោយ។
ការវាយប្រហារកាលពីថ្ងៃអាទិត្យ គឺជាការវាយប្រហារទ្រង់ទ្រាយធំលើកទីពីរលើទីក្រុងកៀវ ក្នុងរយៈពេលពីរសប្តាហ៍ ដែលបានកើតឡើងនៅពេលដែលក្តីសង្ឃឹមសម្រាប់កិច្ចចរចាសន្តិភាពបានធ្លាក់ចុះ។ លោក ហ្សេលេនស្គី បានបង្ហាញពីការត្រៀមខ្លួនដើម្បីជួបជាមួយលោក ពូទីន សម្រាប់ការចរចា ប៉ុន្តែទទូចថាត្រូវការសម្ពាធខ្លាំងជាងនេះពីលោកខាងលិច។ រុស្ស៊ីអះអាងថា កិច្ចប្រជុំកំពូលណាមួយត្រូវតែធ្វើឡើងដោយការពិភាក្សាថ្នាក់ក្រោមសិន ហើយបានច្រានចោលសំណើសម្រាប់កងទ័ពបរទេសដើម្បីផ្តល់ការធានាសន្តិសុខក្រោយសង្គ្រាមសម្រាប់អ៊ុយក្រែន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


