Connect with us

នយោបាយ

ប្រធានសភាព្រមានពីការ​គំរាម​កំហែង​សន្ដិសុខ​ក្នុង​តំបន់​បើ​បញ្ឈប់ការឈ្លានពានរបស់​ថៃ​មិនបាន

បានផុស

នៅ

ប្រធានសភា​កម្ពុជា​ សម្ដេច​សភា​ធិបតី ឃួន សុដារី បាន​អំពាវ​នាវដល់​ដល់​មហាសន្និបាត​អន្តរសភា​អាស៊ាន AIPA ចាប់​អារម្មណ៍លើ​សកម្មភាព​ឈ្លាន​ពាន​របស់​ថៃ​លើ​ដែន​អធិបតេយ្យ​កម្ពុជា ដោយ​​ថា​បើ​មិនអាច​បញ្ឈប់​បញ្ហា​នេះ​នៅពេល​នេះ​ទេវា​នឹង​ក្លាយ​ជាចំណុច​ក្ដៅ​មួយ​ទៀតរបស់​ពិភព​លោក ហើយ​អាស៊ាន​នឹង​មិន​អាច​សម្រេច​គោល​ដៅ​របស់​ខ្លួន​ទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុ​ង​មហាសន្និបាត​អាយ​ប៉ា​លើក​ទី​៤៦ នា​ទី​ក្រុង​គួឡាឡាំពូរ​ ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ២០២៥​នេះ សម្ដេច​សភាធិបតី ឃួន សុដារី បាន​ហៅ​សកម្មភាពបំពាន​លើ​ដែន​ដី​អធិបតេយ្យ​របស់​ប្រទេស​ដទៃដូច​ដែល​ថៃ​អនុវត្តន៍គឺ​ជា​ការអនុវត្ត «ច្បាប់​ព្រៃ» ដែល​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ត្រូវ​នាំ​គ្នា​ចូលរួម​ទប់ស្កាត់។

សម្ដេច​ថា៖ «នៅ​ក្នុង​តំបន់​អាស៊ាន​យើង យើង​ត្រូវ​តែ​ចាត់​វិធាន​ការ​ចាំ​បាច់​គ្រប់​យ៉ាង​ ដើម្បី​ការពារ​កុំ​ឱ្យ​ជម្លោះព្រំដែន​កម្ពុជា​ថៃ ក្លាយ​ជា​ចំណុច​ក្រៅ​មួយ​ទៀត​របស់​សកល​លោក​ដែល​អាច​គំរាម​កំហែង​ដល់​សន្ដិភាព និង​ស្ថិរភាព​តំបន់​»។

ជាមួយ​នឹង​ការ​លើក​ឡើង​ពី​ការ​បាញ់​ប្រហារដោយ​គ្រាប់​កាំភ្លើង​ជ័រ និង​ឧស្ម័នបង្ហូរ​ទឹក​ភ្នែកពី​ទាហាន​ថៃ​មក​លើ​ពលរដ្ឋកាលពី​ថ្ងៃទី​១៧ ខែ​កញ្ញា សម្ដេច​សភាធិបតីបានស្នើ​ដល់​សមាជិក​អាស៊ាន​កុំ​នៅ​ស្ងៀម​ចំពោះ​សកម្មភាព​គ្មាន​ច្បាប់​ទម្លាប់​នេះមិន​ត្រូវ​ទទួល​យក​ទស្សនាទានដែល​ថា «អ្នក​ខ្លាំង​តែងតែ​ត្រូវ និង​អ្នក​ខ្សោយ​ត្រូវ​តែរង​ទុក្ខដោយ​ស្ងាត់​ស្ងៀម​»នោះទេ។

សម្ដេច​ថា៖ «ខ្ញុំ​សូម​គូស​បញ្ជាក់​ថា សាមគ្គី​ភាព និង​មជ្ឈភាព​របស់​អាស៊ាន ជា​ស្នូល​និង​កាតាលីករ​សម្រាប់​ការ​រស់រាន​របស់​យើង»។

នៅ​ចំពោះ​មុខ​តំណាង​ប្រតិភូ​សភា​ថៃ​ដែល​មាន​វត្តមាន​នៅមហាសន្និបាត​នោះ​ សម្ដេច​សភា​ធិបតី ក៏​បាន​ថ្លែង​ចំៗថា ជា​ប្រទេស​មួយ​មិន​ត្រូវ​យក​បញ្ហា​ផ្ទៃ​ក្នុង​មក​ទម្លាក់​លើប្រទេស​ជិតខាង​ឡើយជៀសវាង​ការយ​ក​សេដ្ឋកិច្ច​ធ្វើ​ជា​អាវុធ សូម​មាន​ការ​គោរព​ច្បាប់​អន្តរជាតិ​ និង​តុលាការ​អន្តរជាតិ​ផង។

ថៃ​បាន​បើក​ការ​បាញ់​ប្រហារ​មក​លើកម្ពុជា​កាលពី​ថ្ងៃទី​២៤ ខែ​កក្កដា មុន​នឹង​ឈាន​ដល់​បទ​ឈប់​បាញ់​មួយ​នាថ្ងៃទី​២៨​ ខែ​កក្កដា ឆ្នាំ២០២៥។ ក្រោយ​បទ​ឈប់បាញ់​នេះភាគី​ទាំង​ពីរ​បានសម្រេច​បាន​កិច្ច​ព្រមព្រៀងមួយ​ដែល​មាន​១៣​ចំណុច​នៅ​ថ្ងៃទី​៧ ខែ​សីហា តែក្រោយ​ពី​នោះ​មក​ថៃ​បាន​បន្ត​បំពាន​ជា​បន្តបន្ទាប់​ដោយ​រួម​ទាំង​ការ​បន្ត​ឃុំ​ខ្លួន​ទាហាន​ខ្មែរ និង​រាយលួស​បន្លា​ព័ទ្ធ​យក​ដី​ខ្មែរ​ជាពិសេស​នៅ​ឃុំអូរ​បីជាន់​ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ និង​បាន​ព្យាយាម​ប្រើប្រាស់​ច្បាប់​ព្រៃ​របស់​ខ្លួន​បំពាន​យក​ដី​ខ្មែរ​ជា​បន្តបន្ទាប់​ផងដែរ​៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម