ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ការតម្រង់ទិសដល់អ្នកសារព័ត៌មានពីក្រមសីលធម៌វិជ្ជាជីវៈ គឺការពារពួកគាត់ឱ្យរួចផុតនូវបញ្ហាប្រឈមផ្លូវច្បាប់
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បញ្ជាក់ថា ការតម្រង់ទិសដល់អ្នកសារព័ត៌មានឱ្យយល់ដឹងច្បាស់អំពីច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ គឺជាការផ្តល់ការការពារ និងជួយឱ្យពួកគេអាចចៀសផុតពីការប្រឈមនឹងការប្តឹងផ្តល់ផ្លូវច្បាប់។ ទោះយ៉ាងណាក៏ដោយ អ្នកសារព័ត៌មានទាំងអស់ត្រូវអនុវត្តតួនាទី និងភារកិច្ចខ្លួនដោយគោរពច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ ពាក់ព័ន្ធនឹងវិស័យព័ត៌មានដោយមិនត្រូវប្រើសិទ្ធិសេរីភាពហួសពីព្រំដែនច្បាប់កំណត់ នាំឱ្យប៉ះពាល់ដល់សិទ្ធិបុគ្គល ឬបង្កមហន្តរាយដល់សន្តិសុខជាតិឡើយ។

ការលើកឡើងរបស់ លោក ទេព អស្នារិទ្ធ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ តាមរយៈបទអន្តរាគមន៍ក្នុងវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ នៅសាលាខេត្តបាត់ដំបង។ លោក បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន ដោយបានគូសបញ្ជាក់ថាមន្ទីរព័ត៌មានរាជធានី-ខេត្តត្រូវបន្តផ្តល់ការតម្រង់ទិសជាប្រចាំលើការប្រតិបត្តិក្រមសីលធម៌ដល់អ្នកសារព័ត៌មានទាំងប្រពៃណី និងទំនើប ដែលកំពុងអនុវត្តការងារនៅក្នុងមូលដ្ឋានរបស់ខ្លួន ខណៈត្រូវបន្តយកចិត្តទុកដាក់ចំពោះបញ្ហានានា ដែលមួយផ្នែក បានកើតឡើងបណ្តាលមកពីសកម្មភាពផ្ទុយក្រមសីលធម៌វិជ្ជាជីវៈ និងការប្រព្រឹត្តហួសបន្ទាត់ដែលច្បាប់កំណត់របស់អ្នកសារព័ត៌មាន។
អ្នកនាំពាក្យក្រសួងព័ត៌មាន ថា ៖ «ការប្រឈមនឹងការប្តឹងផ្តល់ ឬបញ្ហាផ្លូវច្បាប់របស់អ្នកសារព័ត៌មាន គឺដោយសារអ្នកសារព័ត៌មានពុំបានយល់ច្បាស់អំពីច្បាប់ អំពីព្រំដែននៃសិទ្ធិសេរីភាពរបស់ខ្លួនក្នុងនាមជាអ្នកសារព័ត៌មាន»។ ក្នុងន័យនេះ លោក ទេព អស្នារិទ្ធ បានណែនាំដល់មន្ទីរព័ត៌មានរាជធានី-ខេត្ត ឱ្យគិតគូររៀបចំការបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន អំពីច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យព័ត៌មាន ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងបន្តផ្សព្វផ្សាយជាប្រចាំអំពីសិទ្ធិ ករណីយកិច្ច និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន ដើម្បីឱ្យពួកគេទទួលបានការយល់ដឹងគ្រប់គ្រាន់ ដើម្បីធានាសុវត្ថិភាពក្នុងការអនុវត្តការងារប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ មន្ទីរត្រូវយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាដែលអ្នកសារព័ត៌មានជួបប្រទះ ក្នុងពេលពួកគេអនុវត្តការងារតាមបណ្តារាជធានី-ខេត្ត។

សម្រាប់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មានវិញ ទាំងប្រពៃណី និងទំនើប អ្ុនកនាំពាក្យក្រសួងព័ត៌មាន បានរម្លឹកថា អ្នកសារព័ត៌មានត្រូវរាយការណ៍ព័ត៌មានរបស់ខ្លួនដោយផ្សារភ្ជាប់សិទ្ធិ កាតព្វកិច្ច ជាមួយការទទួលខុសត្រូវសង្គម ផ្នែកវិជ្ជាជីវៈ និងផ្លូវច្បាប់។ អ្នកសារព័ត៌មាន មានសិទ្ធិចុះយកព័ត៌មាន ស្វែងរកប្រភពព័ត៌មាននានា ដោយសេរី ប៉ុន្តែក៏ត្រូវមានកាតព្វកិច្ចគោរពសិទ្ធិបុគ្គល ក្រមសីលធម៌ និងគោលការណ៍ច្បាប់ជាធរមានផងដែរ។
ក្រសួងព័ត៌មានបន្តធានាបរិយាកាសការងារប្រកបដោយសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាននៅកម្ពុជា អភិវឌ្ឍធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ ធានាសន្តិសុខព័ត៌មាន និងលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន។ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន និយាយថា៖ «ខ្ញុំចង់ឃើញអ្នកសារព័ត៌មានទាំងអស់គោរពតួនាទី និងកាតព្វកិច្ចរបស់ខ្លួនឱ្យបានប្រត្យក្ស ត្រឹមត្រូវ។ ដូច្នេះសូមអ្នកសារព័ត៌មាននិងអង្គភាពសារព័ត៌មាន ទាំងបែបប្រពៃណី និងទំនើប ស្វែងយល់ឱ្យច្បាស់ពីច្បាប់ និងព្រំដែននៃសេរីភាព ហើយអនុវត្តសិទ្ធិចុះយកព័ត៌មាន ផលិត និង រាយការណ៍ព័ត៌មានដោយ អនុលោមតាមក្របខណ្ឌដែលកំណត់ដោយច្បាប់» ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


