វប្បធម៌ ជំនឿ
បទយកការណ៍ខ្លី៖ តើព្រះពុទ្ធរូបនៅភ្នំសំពៅត្រូវបន្តផ្អាក ឬបន្តសាងសង់?
ភ្នំសំពៅជាតំបន់ដែលមានសក្តានុពលផ្នែកវិស័យទេសចរណ៍ធម្មជាតិ និងវប្បធម៌ក្នុងចំណោមតំបន់ភ្នំផ្សេងៗទៀតក្នុងខេត្តបាត់ដំបង។ ភ្នំនេះបានទាក់ទាញអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ មកកម្សាន្ត ពិសេសនៅល្អាងសត្វប្រចៀវដែលមានអ្នកទស្សនាច្រើនជាងគេ។

អាជ្ញាធរខេត្តបានសហការជាមួយមន្ទីរជំនាញធ្វើការឆ្លាក់រូបបដិមាទំហំធំនៅតាមជញ្ជាំងភ្នំបន្ថែមទៀត នៅក្បែរល្អាងប្រចៀវ ដើម្បីកាន់តែទាក់ទាញកំណើនភ្ញៀវទេសចរ និងក្នុងគោលបំណងបង្ហាញអំពីវប្បធម៌ខ្មែរដ៏ផូរផង់ដល់ភ្ញៀវអន្តរជាតិឈ្វេងយល់បន្ថែម។
ប៉ុន្តែព័ត៌មានចុងក្រោយបានឱ្យដឹងថា រូបពុទ្ធបដិមាអង្គធំដែលកំពុងតែសាងសង់ជិតរួចជាស្ថាពរនេះត្រូវបានផ្អាកការសាងសង់ ដោយសារជាងចម្លាក់បានធ្វើខុសគម្រោងដោយបានសាងសង់ជារូបព្រះពុទ្ធផ្ចាញ់មារ ចំណែកគម្រោងគឺ រូបព្រះពុទ្ធត្រាស់ដឹង។

ជុំវិញករណីនេះ កម្ពុជាថ្មី បានសម្ភាសមន្ត្រីក្រសួងពាក់ព័ន្ធ ព្រមទាំងមន្ត្រីអាជ្ញាធរថ្នាក់ខេត្ត ដើម្បីដឹងថា តើពុទ្ធបដិមាឆ្លាក់ខុសគម្រោងនេះត្រូវផ្អាក បន្តឆ្លាក់បញ្ចប់ ឬកែប្រែយ៉ាងណា?
លោក ហាប់ ទូច អគ្គនាយកបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ក្រសួងមិនទាន់ទទួលបានរបាយការណ៍អ្វី អំពីបញ្ហាករណីចម្លាក់ព្រះពុទ្ធរូបឆ្លាក់ខុសគម្រោងនៅភ្នំសំពៅ ខេត្តបាត់ដំបងនោះទេ ប៉ុន្តែលោកបានឃើញព័ត៌មាននេះតាមបណ្ដាញសង្គមដែរ។

លោក ហាប់ ទូច មានប្រសាសន៍ថា៖ “ខ្ញុំមានការភ្ញាក់ផ្អើលមែនទែន យើងផ្អាកម៉េចបើសង់អស់១០ឆ្នាំជាងហើយ? ខ្ញុំអត់យល់រឿងហ្នឹងដែរ។ ខ្ញុំឃើញការផ្សាយតាមបណ្ដាញសង្គមហ្នឹង ខ្ញុំក៏មិនដឹងការពិតយ៉ាងម៉េចដែរ ប៉ុន្តែចំពោះខ្ញុំ ខ្ញុំគិតថា ជារឿងចម្លែកបន្តិចត្រង់ថា ការសាងសង់គឺរាប់ឆ្នាំហើយ ដូច្នេះការឃើញខុសឃើញត្រូវ គួរតែឃើញជាយូរមកហើយ។ អ៊ីចឹងខ្ញុំអត់ទាន់ដឹងថា ព័ត៌មានហ្នឹងបានមកដល់ក្រសួង ឬនៅទេ។”
លោក សេង សុមុនី រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ក្រសួងបានឃើញព័ត៌មានខាងលើ ប៉ុន្តែលោកបានបញ្ជាក់ថា តាមរបាយការណ៍មន្ទីរធម្មការ និងសាសនាខេត្តបានរាយការណ៍ថា កិច្ចការឆ្លាក់ព្រះពុទ្ធរូបលើផ្ទាំងថ្មភ្នំសំពៅនោះ គឺអាជ្ញាធរខេត្ត តាំងពីអភិបាលខេត្តអាណត្តិមុន បានបង្កើតក្រុមការងារថ្នាក់ខេត្តក្នុងការស្ថាបនាបដិមាព្រះរូបពុទ្ធខាងលើ។

លោកមានប្រសាសន៍ថា៖ “អ៊ីចឹងក្នុងការងារហ្នឹង មានរៀបចំជាគណៈកម្មការសាងសង់ មានគណៈកម្មការអីហូរហែរ។ អ៊ីចឹងនៅក្នុងកម្រិតខេត្ត អត់មានពាក់ព័ន្ធ ឬបានស្នើសុំមកក្រសួងធម្មការ និងសាសនាទេ គឺគ្រប់ជំនាញពាក់ព័ន្ធថ្នាក់ខេត្ត ការងារនេះជាការងាររបស់ខេត្ត”។
លោក សេង សុមុនី មានប្រសាសន៍បន្តថា កិច្ចការងារនេះ យើងមិនទាន់ដឹងខុស ឬត្រូវទេ ដោយទី១ អាចសាងសង់មិនទាន់ចប់ ទី២យើងមិនដឹងគម្រោងសាងសង់ព្រះពុទ្ធរូបរបស់រដ្ឋបាលខេត្ត។

លោក មានប្រសាន៍ថា៖ “អ៊ីចឹង បើយើងឆ្លើយថា ត្រូវធ្វើអ៊ីចេះ អ៊ីចុះ គឺមិនត្រូវទេ ព្រោះពុទ្ធបដិមា កសាងក្នុងទម្រង់ព្រះពុទ្ធត្រាស់ទាំង៥យ៉ាង ទាំង៨យ៉ាង ឬទាំង១៣យ៉ាងនោះ គឺអត់មានទាស់ខុសអីទេ ឱ្យតែក្នុងឥរិយាបទរបស់ព្រះពុទ្ធ”។
លោក សឿម ប៊ុនរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា មន្ទីរធម្មការ និងសាសនា និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ នឹងធ្វើរបាយការណ៍ ពីករណីសាងសង់ពុទ្ធបដិមានៅភ្នំសំពៅ មករដ្ឋបាលខេត្ត ដោយខាងរដ្ឋបាលខេត្តមិនទាន់ទទួលបានរបាយការណ៍នោះទេ។

លោកមានប្រសាសន៍ថា៖ “គ្រាន់តែព័ត៌មានថា គ្រោងឆ្លាក់ព្រះត្រាស់ដឹង ដល់តែធ្វើ ទៅធ្វើព្រះផ្ចាញ់មារ។ អ៊ីចឹងទាល់តែ មន្ទីរធម្មការ និងសាសនា រួមទាំងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដែលពាក់ព័ន្ធរចនាបថវប្បធម៌ នៅលើមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ហើយរឿងពាក់ព័ន្ធនឹងសាសនាហ្នឹង នៅលើមន្ទីរធម្មការ និងសាសនា”។
អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបងខាងលើ មានប្រសាសន៍បន្តថា ត្រូវប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងប្រធានមន្ទីរធម្មការ និងសាសនា ត្រូវធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរមករដ្ឋបាលខេត្តសិន បានរដ្ឋបាលខេត្តអាចដឹងពីបញ្ហាដែលកើតឡើងនោះ។
លោក សឿម ប៊ុនរិទ្ធ មានប្រសាសន៍ថា៖ “បានរបាយការណ៍ ទើបយើងអាចដឹងថា តើវាមានបញ្ហាបច្ចេកទេសម៉េច ខុសម៉េច? ហើយបើយូរហើយ ម៉េចក៏មិនកែ? ដល់តែព្រះអង្គចេញជារូបរាងហើយ យើងចង់កែ កែម៉េចកើត? រូបព្រះ! ទោះបីមិនទាន់អភិសេកក៏ដោយ ក៏គ្មានអ្នកណាទៅហ៊ានដាប់រំលាយដែរ”។

លោកអភិបាលរងខេត្ត បានលើកឡើងថា រដ្ឋបាលខេត្តកំពង់រង់ចាំទទួល និងពិនិត្យរបាយការណ៍នោះ ហើយនឹងបើកកិច្ចប្រជុំពិភាក្សា ពិគ្រោះគ្នាថាគួរកែលម្អរបៀបម៉េចជាបន្តទៀត។
លោកមានប្រសាសន៍ថា៖ “ទាល់តែយើងប្រជុំពិគ្រោះគ្នាសិន យើងមិនអាចអត្តនោម័តិជាបុគ្គលម្នាក់ៗបានទេ ហើយក្នុងនាមខ្ញុំជាអ្នកនាំពាក្យ ជាបុគ្គល ខ្ញុំមិនអាចអន្តោម័តិយ៉ាងម៉េចទេ។ យើងត្រូវសិក្សាពីកត្តាសត្យានុម័តិបែបម៉េច ដែលថាទម្រង់ដើមថាឱ្យធ្វើព្រះត្រាស់ដឹង ដល់តែមកធ្វើព្រះផ្ចាញ់មារហ្នឹង តើមានហេតុផលអី? អ៊ីចឹងយើងត្រូវប្រជុំពិភាក្សាគ្នាលម្អិតសិន បានយើងយល់គ្នា ហើយត្រូវកែលម្អរបៀបម៉េច”។

គួរបញ្ជាក់ថា ចម្លាក់ដាប់ឆ្លាក់ជាប់ផ្ទាំងថ្ម នៅលើជញ្ជាំងភ្នំសំពៅ ក្នុងទឹកដីខេត្តបាត់ដំបង គឺជាចម្លាក់អំពីពុទ្ធប្រវត្តិមាន ចាប់ពីទ្រង់ប្រសូត្រ ត្រាស់ដឹង និងចូលនិព្វាន របស់ព្រះពុទ្ធ។ ចម្លាក់ធំជាងគេនៅចំកណ្ដាល គឺគ្រោងឆ្លាក់ជាព្រះពុទ្ធទ្រង់ត្រាស់ដឹង ប៉ុន្តែចេញជារូប ព្រះពុទ្ធផ្ចាញ់មារ។ ចំណែកចម្លាក់នៅខាងស្ដាំដៃ បង្ហាញពីទ្រង់ប្រសូត្រ ខាងឆ្វេងដៃទ្រង់ចូលនិព្វាន។ រូបចម្លាក់លើផ្ទាំងថ្មភ្នំធម្មជាតិនេះ បានកសាងអស់រយៈពេលជាង១០ឆ្នាំ តាំងពីឆ្នាំ២០១២ ដោយសម្រេចបាន ៨០ ទៅ ៩០ភាគរយហើយ៕
អត្ថបទ៖ ច័ន្ទ វីរៈ
អត្ថបទពាក់ព័ន្ធ៖ ឈ្វេងយល់ពី កាយវិការ និងដំណើររឿង ព្រះពុទ្ធត្រាស់ដឹង និងទ្រង់ផ្ចាញ់មារ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?