វប្បធម៌ ជំនឿ
យ៉ាងយូរចុងខែ កូនខ្មែរដឹងលទ្ធផល ស្នើសុំប្រាសាទកោះកេរ ចូលបេតិកភណ្ឌពិភពលោក
កម្ពុជាបានដាក់ឯកសារស្នើសុំ ប្រាសាទកោះកេរ ចុះបញ្ជីទៅកាន់គណៈកម្មការបេតិកភណ្ឌពិភពលោក កាលពីដើមឆ្នាំ២០២១ ចំណែកខាងគណៈកម្មការបេតិកភណ្ឌពិភពលោក បានទទួលឯកសារ និងបានបញ្ជូនអ្នកជំនាញមកពិនិត្យ និងវាយតម្លៃរួចហើយ កាលពីឆ្នាំ២០២១ កន្លងទៅ។ កូនខ្មែរ នៅតែទន្ទឹងរង់ចាំទទួលលទ្ធផលនៃការស្នើសុំនេះ ខណៈកិច្ចប្រជុំរបស់ គណៈកម្មការបេតិកភណ្ឌពិភពលោក ឆ្នាំ២០២២ ត្រូវបានរអាក់រអួល ដោយសារត្រូវរៀបចំនៅប្រទេស រុស្ស៊ី ប៉ុន្តែប្រទេសរុស្ស៊ី មានបញ្ហាជាមួយប្រទេស អ៊ុយក្រែន។

អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ លោក គង់ ពុទ្ធិការ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃនេះថា កិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោក ឆ្នាំ២០២៣ នឹងលើករៀបចំនៅប្រទេស អារ៉ាប៊ីសាអ៊ូឌីត។ ចំពោះលទ្ធផលស្នើសុំ ប្រាសាទកោះកេរ ចុះបញ្ជីទៅកាន់គណៈកម្មការបេតិកភណ្ឌពិភពលោកនោះ គឺនៅរង់ចាំសេចក្ដីសម្រេចក្នុងប្រជុំគណៈកម្មការ ចន្លោះថ្ងៃទី១០ ដល់ទី២៥ ខែកញ្ញា ដែលលទ្ធផលនឹងបានដឹងនៅក្រោយថ្ងៃទី២៥ ខែកញ្ញានេះ។

អគ្គនាយកអាជ្ញាធរជាតិព្រះវិហារខាងលើ បានបញ្ជាក់បន្ថែមថា ចន្លោះពេលនេះ កម្ពុជាត្រៀមឯកសារដែលបានដាក់ស្នើសុំទៅគណៈកម្មការ និងត្រៀមចម្លើយមួយចំនួន ប្រសិនខាងគណៈកម្មការមានសំណួរអីពាក់ព័ន្ធនឹងរមណីយដ្ឋានកោះកេរ នោះប្រតិភូកម្ពុជានឹងឆ្លើយបំភ្លឺនៅពេលប្រជុំនោះ។

លោក គង់ ពុទ្ធិការ មានប្រសាសន៍បន្តថា៖ “នៅក្នុងប្រតិភូរាជរដ្ឋាភិបាលកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា [រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ] ជាប្រធានប្រតិភូ និងមានសមាសភាពមួយចំនួនទៀត ក្នុងនោះក៏មានរូបខ្ញុំចូលរួមជាមួយលោកជំទាវ។ ដូច្នេះបើខាងគណៈកម្មការបេតិកភណ្ឌពិភពលោកចោទសួរអ្វីពាក់ព័ន្ធប្រាសាទកោះកេរ ទាំងខ្ញុំជាអ្នកគ្រប់គ្រងផ្ទាល់ ទាំងអ្នកជំនាញរបស់ក្រសួងវប្បធម៌ នឹងខិតខំព្យាយាមដើម្បីឆ្លើយបំភ្លឺបន្ថែមទៀត”។

លោក គង់ ពុទ្ធិការ បានឱ្យដឹងថា ការសម្រេច ដាក់បញ្ចូលអ្វីមួយចុះបញ្ជីបេតិកភណ្ឌពិភពលោក របស់ គណៈកម្មការបេតិកភណ្ឌពិភពលោក មាន ៣ កម្រិត៖ ទី១ កម្រិតអាក្រក់បំផុត គឺសម្រេចមិនឱ្យចុះបញ្ជីតែម្ដង។ កម្រិតទី២ សម្រេចឱ្យកែសម្រួលឯកសារបន្តិចបន្តួចណាមួយតាមការណែនាំរបស់គណៈកម្មការ និងអ្នកជំនាញ ហើយផ្ញើទៅវិញ រង់ចាំការសម្រេចម្ដងទៀត និងទី៣ បើបេតិកភណ្ឌដែលស្នើទៅនោះគ្រប់លក្ខខណ្ឌហើយ គឺគណៈកម្មការសម្រេចចុះបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកតែម្ដង។

គួរបញ្ជាក់ថា ប្រាសាទកោះកេរមានទីតាំងស្ថិតនៅក្នុង ភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ មានចម្ងាយប្រមាណ ៨០គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។ កាលពីឆ្នាំ២០១៨ កម្ពុជាបានចុះសិក្សាស្រាវជ្រាវនៅតំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារ និងប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ដើម្បីស្នើដាក់ប្រាសាទខ្មែរទាំងពីរនេះទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីប្រាសាទអង្គរវត្តបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ ប្រាសាទព្រះវិហារ នៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុក នៅឆ្នាំ២០១៧។

ទីតាំងប្រជុំប្រាសាទកោះកេរនេះ គឺជាអតីតរាជធានី “ឆោកគគ៌្យរ” របស់ព្រះបាទជ័យវរ្ម័នទី៤ ដែលត្រូវបានកសាងឡើងក្នុងសតវត្សទី១០ (៩២៨-៩៤២)។ ព្រះអង្គបានផ្លាស់ប្តូររាជធានីពីក្រុងយសោធរបុរៈ (ក្រុងអង្គរ) ទៅកាន់តំបន់កោះកេរនេះ ក្រោយពេលដណ្ដើមរាជបល្ល័ង្កពីក្មួយរបស់ព្រះអង្គ គឺព្រះបាទយសោវរ្ម័នទី២ ដែលសោយរាជ្យនៅក្រុងអង្គរ។ ប្រាសាទនេះកសាងឡើងតាមរចនាប័ទ្មកោះកេរ ដែលមានរាងស្រដៀងនឹងពីរ៉ាមីត៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


