វប្បធម៌ ជំនឿ
ចម្លាក់តោថ្ម ៦ ក្រោយសម័យអង្គរ ត្រូវបានប្រជាពលរដ្ឋប្រគល់ជូនអាជ្ញាធរ និងមន្ទីរជំនាញ
ថ្មីៗនេះ លោក ស៊ុន មានជ័យ ប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ និងសហការីបានចុះទៅធ្វើពិធីប្រគល់-ទទួលបដិមាតោថ្ម ចំនួន ៦រូប ស្ថិតនៅភូមិចំការហ្លួង សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ។

ពិធីនេះ រៀបចំក្រោមការដឹកនាំដោយ លោក សរ សុពុត្រា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមទាំងវត្តមាន លោក ព្រាប កុយវឌ្ឍនៈ អភិបាលក្រុងឧដុង្គម៉ែជ័យ និងសហការី អាជ្ញាធរសង្កាត់វាំងចាស់ ប្រជាពលរដ្ឋ និងអ្នករក្សាបដិមាតោថ្ម ក្នុងភូមិសាស្រ្ដខាងលើ។

ចំពោះបដិមាតោថ្មទាំង ៦នេះ បើតាមការវាយតម្លៃពីមន្រ្ដីជំនាញបានសន្និដ្ឋានជាបឋម លើចំណុចចំនួន ២គឺ៖

ទី១. សិល្បៈចម្លាក់បដិមាតោនេះ ប្រហែលស្ថិតក្នុងសម័យក្រោយអង្គរ (សម័យកណ្ដាល អំឡុងសតវត្សរ៍ទី១៦) ជាសម័យកាលដែលជាងចម្លាក់និយមតែចម្លាក់ឈើ មិនសូវនិយមចម្លាក់ថ្ម ហើយចម្លាក់តោថ្មដែលដាក់លម្អតាមក្លោងទ្វារចូល ផ្ទះ វត្ត ចេតិយ ដែលបន្សល់មកតិចតួច គឺជាចម្លាក់បដិមាតោយកតាមគំរូ នៃសិល្បៈសម័យមុនអង្គរ។

ទី២. បដិមាតោថ្មទាំង ៦នេះ ប្រហែលជាសិល្បៈចម្លាក់ ស្ថិតក្នុងរចនាបថបាយ័ន ប៉ុន្តែបើតាមស្ថានភាព នៃទម្រង់សិល្បៈចម្លាក់ទាំងនេះ ភាគច្រើនអាចជាស្នាដៃ នៃសិល្បៈចម្លាក់បែបជនប័ទ្ម ឬជាសិល្បៈចម្លាក់ដែលមានការវិវត្តជាបន្តពេលក្រោយៗមកទៀត ដែលយើងមើលទៅមិនមានក្បាច់លម្អតាមសិល្បៈចម្លាក់ដើម។

គួរបញ្ជាក់ថា បដិមាតោថ្មទាំង ៦នេះ ត្រូវបាន លោក ទិត ភុំ និងក្រុមគ្រួសារ បានរក្សាទុកជាច្រើនឆ្នាំកន្លងមកហើយ។ ដោយសារតែលោក និងក្រុមគ្រួសារ មានបំណងប្រគល់ជូន មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រក្សាទុកជាបេតិកភណ្ឌវប្បធម៌ជាតិ ទើបក្រុមការងាររបស់មន្ទីរបានទៅធ្វើពិធី-ប្រគល់ទទួល ដើម្បីយកមករក្សាទុកនៅ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តវិញ។

ក្នុងឱកាសនោះដែរ អភិបាលរងបានថ្លែងកោតសរសើរ និងថ្លែងអំណរគុណជូនចំពោះអាជ្ញាធរដែនដី ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញមន្ទីរ ជាពិសេសប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តប្រគល់វត្ថុបុរាណ ឬវត្ថុសិល្បៈនានាមកកាន់អាជ្ញាធរ មន្ទីរជំនាញ ដើម្បីយកមកថែរក្សា ការពារ និងអភិរក្ស ទុកបន្តឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងសិក្សាស្រាវជ្រាវ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


