វប្បធម៌ ជំនឿ
អ្នករៀបចំកម្មវិធី រាត្រីលង្វែក៖ សូមឈប់ចោទគេលួចវប្បធម៌ តែសូមមកឈ្វេងយល់ គាំពារ
កម្មវិធី រាត្រីលង្វែក កំពុងប្រារព្ធរយៈពេល ២ថ្ងៃ រៀបចំដើម្បីអបអរសាទរ ទិវាវប្បធម៌ជាតិរបស់កម្ពុជា លើកទី២៦ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ ពិសេសដើម្បីចូលរួមអភិរក្ស និងអភិវឌ្ឍវប្បធម៌ អរិយធម៌ដ៏មានតម្លៃរបស់ជាតិខ្មែរឱ្យស្ថិតស្ថេរគង់វង្ស។ ជាមួយគ្នានេះ អ្នករៀបចំកម្មវិធី សំណូមពរមហាជនសូមឈប់ចោទប្រទេសដទៃលួចសម្បត្តិវប្បធម៌ខ្មែរ តែសូមមកឈ្វេងយល់ គាំពារមរតកដូនតារបស់ខ្លួនវិញ។

អ្នកនាង សូ ចាន់ម៉ូលីដា តំណាងសាលាសិល្បៈហ៊្វូណន និងគណៈកម្មការរៀបចំកម្មវិធី រាត្រីលង្វែក បានឱ្យ “កម្ពុជាថ្មី” ដឹងថា កម្មវិធីរាត្រីលង្វែក បានរៀបចំចំនួន ៣ដងរួចមកហើយ ដោយទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនកាន់តែច្រើន ពីមួយលើក ទៅមួយលើក។

អ្នកនាង សូ ចាន់ម៉ូលីដា មានប្រសាសន៍បន្តថា៖ “សូមផ្ដាំផ្ញើ យុវជន ដែលជាអ្នកបន្តវេន សូមសិក្សា ឈ្វេងយល់សិល្បៈ និងវប្បធម៌ខ្មែរឱ្យបានច្រើន ហើយសូមឈប់បន្ទោស ឬចោទគេថា លួចយករបស់យើងទៀត សំខាន់ យើងស្រលាញ់ យើងសិក្សា ថែរក្សា គាំពារមរតករបស់យើងផង ដើម្បីស្គាល់របស់យើង និងចៀសវាងការច្រឡំ ឬយករបស់គេវិញ”។

ជាមួយគ្នានេះ អ្នកនាង សូ ចាន់ម៉ូលីដា បានសង្កេតឃើញថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជា បានងាកមកចាប់អារម្មណ៍ យកចិត្តទុកដាក់សិក្សាស្រាវជ្រាវ ឈ្វេងយល់ពីសិល្បៈវប្បធម៌ខ្មែរ សឹងគ្រប់កម្មវិធី។ ជាក់ស្ដែង កម្មវិធី រាត្រីលង្វែក រាល់ដង រៀបចំតែ ១ថ្ងៃទេ ប៉ុន្តែក្នុងឆ្នាំ២០២៤ នេះ គឺរៀបចំរហូតទៅដល់ ២ថ្ងៃ ដោយមានការចូលរួមពីសមាគមន៍ ក្រុមសិល្បៈវប្បធម៌នានាជាច្រើនផងដែរ។

អ្នកនាង សូ ចាន់ម៉ូលីដា បញ្ជាក់បន្ថែមថា៖ “ក្នុងនោះ នៅថ្ងៃទី៣ មីនា ស្អែកនេះ នឹងមានដង្ហែក្បួនវប្បធម៌ នៅពេលព្រឹក ដោយហែរពី សាលាសិល្បៈហ្វូណន ឆ្ពោះទៅកាន់ វត្តព្រែកថ្មី ដែលមានទីតាំងជិតសាលា។ ខ្ញុំសង្ឃឹមថា អ្នកចូលរួម កម្មវិធី នឹងបានដឹងបន្ថែមទៀត នូវអ្វីដែលខ្មែរមានតាំងពីបុរាណ ទាំងពីការសាក់យន្តខ្មែរ បាញ់ធ្នូ ល្បុក្កតោ រួមទាំងសិល្បៈជាច្រើនទៀត។ ក្នុងនោះ អ្នកចូលរួមក៏អាចស្លៀកពាក់សម្លៀកបំពាក់សម័យលង្វែក ក្នុងតម្លៃជួលសមរម្យ គឺ ១ឈុត តម្លៃ ៥ ពាន់រៀល”។

គួរបញ្ជាក់ថា កម្មវិធី “រាត្រីលង្វែក” រយៈពេលពីរថ្ងៃ គឺនៅសៅរិ៍ អាទិត្យ ទី២ ទី៣ ខែមិនា ២០២៤ នេះ ដោយក្នុងនោះមានការស្លៀកពាក់បុរាណបែបសម័យលង្វែក ការសម្តែងរបាំ ១០០ ឆ្នាំ ល្ខោនស្បែកធំ ស្បែកតូច ល្ខោនខោល គុនល្បុក្កតោ បាញ់ធ្នូបុរាណខ្មែរ និងការតាំងពិពរណ៍ផ្សេងៗទៀតផងដែរ។ មហាជន អាចចូលរួមដោយឥតគិតថ្លៃ ទីតាំង នៅផ្ទះលេខ ១០៥០ ផ្លូវ ៣៦៩ ភូមិព្រែកថ្មី សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 096 20 30 240 / 096 39 59 050 ៕
អត្ថបទ៖ ច័ន្ទ វីរៈ



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


