Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ីស្នើដាក់ពន្ធលើកប៉ាល់ឆ្លងកាត់ច្រកម៉ាឡាកា ប៉ុន្តែសិង្ហបុរីជំទាស់

បានផុស

នៅ

ឥណ្ឌូណេស៊ីបាន​ស្នើការ​​ដាក់ពន្ធលើនាវា ឬកប៉ាល់ដឹកទំនិញកាត់តាមច្រកម៉ាឡាកា ចំពេលដែលរដ្ឋាភិបាលសម្លឹង​រកចំណូលបន្ថែមពីផ្លូវទឹកយុទ្ធសាស្រ្តមួយនេះ​ ប៉ុន្តែសំណើ​ដដែល​ ត្រូវបានបុរីរដ្ឋ​សិង្ហបុរីជំទាស់ ដោយការពារការធ្វើនាវាចរណ៍ដោយសេរីមកបង់ប្រាក់។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោក Purbaya Yudhi Sadewa បាន​ថ្លែងថា សំណើ​របស់ឥណ្ឌូណេស៊ី គឺស្របនឹងការណែនាំរបស់លោកប្រធានាធិបតី ប្រាបូវូ ស៊ូប៊ីយ៉ានតូ ដើម្បីធ្វើឱ្យ​ប្រទេសខ្លួនក្លាយជាតួអង្គស្នូល​ក្នុងពាណិជ្ជកម្មសកល។

លោក Purbaya បានថ្លែង​ក្នុងសិក្ខាសាលាមួយ​នៅទីក្រុងហ្សាការតាកាលពីថ្ងៃពុធថា៖ «ឥណ្ឌូណេស៊ីមិនមែនជាប្រទេស​ចុងកាត់​មាត់ញកនោះទេ។ យើងស្ថិតនៅតាមបណ្តោយផ្លូវពាណិជ្ជកម្ម និងថាមពលសកលដ៏សំខាន់​ ប៉ុន្តែកប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា មិន​ត្រូវបង់ថ្លៃទេ»។

ច្រកសមុទ្រម៉ាឡាកា ​ដែល​មានព្រំប្រទល់ជាប់ និងគ្រប់គ្រងដោយ​ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី ​គឺជាសរសៃឈាមដ៏សំខាន់សម្រាប់ពាណិជ្ជកម្មសកល ដែលភ្ជាប់មហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក។ ​វាគឺច្រកដង្ហើមសេដ្ឋកិច្ចសកលដ៏សំខាន់ ​ដែល​អាចប្រៀបធៀបទៅនឹងច្រកសមុទ្រហ័រមូហ្ស ព្រែកជីកហ្ស៊ុយអេ និងព្រែកជីកប៉ាណាម៉ា។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោក Purbaya Yudhi Sadewa

លោក Purbaya បានលើកឡើងថា ការយកពន្ធណាមួយ នឹងត្រូវអនុវត្តតាមរយៈការសម្របសម្រួលជាមួយប្រទេសជិតខាង ដោយបន្ថែមថា ​ឥណ្ឌូណេស៊ីគ្រប់គ្រង​ផ្លូវទឹកនេះធំជាងគេ​។ ​

​យ៉ាងណាមិញ សំណើរបស់ឥណ្ឌូណេស៊ីគឺទាស់ទៅនឹងជំហររបស់​សិង្ហបុរី។ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក​ Vivian Balakrishnan បាននិយាយថា ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា និងសិង្ហបុរី ត្រូវតែបើកចំហ និងឥតគិតថ្លៃសម្រាប់អ្នកប្រើប្រាស់ទាំងអស់។

លោក Balakrishnan បានថ្លែង​​វេទិកាដែនសមុទ្រសិង្ហបុរីប្រចាំឆ្នាំ២០២៦ កាលពីពេលថ្មីៗនេះថា៖ «សិទ្ធិនៃការឆ្លងកាត់ ត្រូវបានធានាសម្រាប់​គ្រប់គ្នា​។ ​យើងនឹងមិនចូលរួមក្នុងការប៉ុនប៉ងណាមួយ ដើម្បីបិទ ឬរារាំង ឬដាក់ពន្ធនៅក្នុង​ប្លុក​របស់យើងទេ»។

ទោះបីជាយ៉ាងណាក៏ដោយ លោក Purbaya បានទទួលស្គាល់ថា សំណើរបស់ឥណ្ឌូណេស៊ីនៅតែស្ថិតក្នុងដំណាក់កាលដំបូង ហើយទំនងជាមិនត្រូវបានអនុវត្តក្នុងពេលឆាប់ៗនេះទេ ដោយសារតែភាពស្មុគស្មាញនៃការធានាកិច្ចព្រមព្រៀងក្នុងចំណោមរដ្ឋជាប់ច្រកសមុទ្រ និង​ការជំទាស់ដែល​អាចកើតមាន​ដោយសារតែប៉ះពាល់លើ​ផលប្រយោជន៍ដឹកជញ្ជូនសកល​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម